លោក ហ៊ុន សែន៖ វៀតណាម​មិនមែនជាចៅហ្វាយនាយខ្ញុំទេ

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មទៅនឹងអ្នកលេងហ្វេសប៊ុកម្នាក់ដោយបញ្ជាក់ថាវៀតណាមមិនមែនជាចៅហ្វាយនាយរបស់លោកទេ ហើយក៏មិនមានហេតុផលដែលលោកត្រូវស្មោះត្រង់ដែរ។

នៅក្នុងហ្វេសប៊ុករបស់លោក ហ៊ុន សែន មានហ្វេសប៊ុកមួយឈ្មោះ Phạm Đức Hiển ផ្តល់យោបល់ឬ Comment កាលពីយប់មិញថា លោក ហ៊ុន សែន ក្បត់វៀតណាម។

លោក ហ៊ុន សែន ឆ្លើយតបនិងការផ្តល់យោបល់នេះថាវៀតណាមមិនមែនជាចៅហ្វាយនាយ ឱពុក ឬព្រះមហាក្សត្រដែលលោកត្រូវគោរពស្មោះត្រង់នោះទេ៖ «តើវៀតណាមជាឪពុកខ្ញុំឬជាមហាក្សត្រខ្ញុំឬ? អ្នកដែលខ្ញុំត្រូវស្មោះត្រង់គឺជាតិខ្មែរបស់ខ្ញុំ ហើយវៀតណាមមិនមែនជាចៅហ្វាយរបស់ខ្ញុំ ដែលខ្ញុំត្រូវស្មោះត្រង់នោះទេ»

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថាលោកស្មោះត្រង់តែជាមួយជនជាតិខ្មែរ ព្រះមហាក្សត្រ និងភរិយារបស់គឺលោកស្រី ប៊ុនរ៉ានី ហ៊ុនសែន ប៉ុណ្ណោះ។ លោកបន្ថែមទៀតថា បើអ្នកផ្តល់យោបល់លើហ្វេសប៊ុករបស់លោកនោះជាជនជាតិវៀតណាមរស់នៅកម្ពុជាស្របច្បាប់ត្រូវគោរពច្បាប់កម្ពុជា ហើយបើរស់នៅខុសច្បាប់ត្រូវចាកចេញពីកម្ពុជា។

លោកបានបន្ថែមទៀតថាលោកជាមេដឹកនាំកម្ពុជាដែលមានឯករាជ្យអធិបតេយ្យភាពដែលត្រូវទំនាក់ទំនងជាមួយមេដឹកនាំវៀតណាមដោយស្មើភាពនិងស្មើសិទ្ឋិនិងបានស្នើដល់ម្ចាស់ហ្វេសប៊ុកនោះឲ្យបញ្ជូនសារនេះប្រាប់ថ្នាក់ដឹកនាំវៀតណាមផងដែរ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា មានប្រសាសន៍ថាមានកត្តាប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងវៀតណាមនិងលោក ហ៊ុន សែន ទើបធ្វើឲ្យជនជាតិវៀតណាមមានជំនឿថាវៀតណាមជាអ្នកមានគុណរបស់លោក ហ៊ុន សែន ហើយកន្លងមករដ្ឋាភិបាលកម្ពុជាបានបន្ថូរបន្ថយនិងជួយដល់ពលរដ្ឋវៀតណាមច្រើននៅកម្ពុជា។ លោកយល់ថាអ្វីដែលធ្វើឲ្យជនជាតិវៀតណាមមិនសប្បាយចិត្តលើកម្ពុជានោះគឺ ដោយសារតែកម្ពុជាលំអៀងទៅរកប្រទេសចិនក្នុងទំនាក់ទំនងរបស់ខ្លួនជាពិសេសរឿងសមុទ្រចិនខាងត្បូងនិងការចាប់បញ្ជូនពលរដ្ឋវៀតណាមខុសច្បាប់ទៅប្រទេសរបស់ខ្លួនវិញជាដើម។

លោកថា៖ ក៏ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ន យើងឃើញហើយកម្ពុជាបានប្រកាសគាំទ្រចិន គោលនយោបាយចិនតែមួយ ជាពិសេសគឺរឿងសមុទ្រចិនខាងត្បូងដែលធ្វើឲ្យខូចប្រយោជន៍វៀតណាម ហើយចំនុចមួយទៀតដែរឃើញថាកម្ពុជាចាប់បញ្ជូនពលរដ្ឋវៀតណាមដែលខុសច្បាប់ទាងអស់នោះទៅវៀតណាមវិញជាបន្តបន្ទាប់ អញ្ចឹងហេតុផលពីរនេះហើយដែលធ្វើឲ្យជនជាតិវៀតណាមនោះលើកឡើងថាលោកនាយរដ្ឋមន្ត្រីក្បត់វៀតណាមនោះ

ចំពោះការឆ្លើយតបរបស់លោកនាយករដ្ឋមន្ត្រីបែបនេះលោកយល់ថាជារឿងល្អដែលលោក ហ៊ុន សែន ហ៊ានអះអាងនិងបញ្ជាក់ពីជំហររបស់ខ្លួនចំពោះវៀតណាម។ តែលោកសាស្ត្រាចារ្យជំរុញឲ្យប្រជាពលរដ្ឋខ្មែរតាមដានចំពោះរឿងនេះ ដើម្បីផ្ទៀងផ្ទាត់ទៅនឹងសកម្មភាពរបស់លោកនាយករដ្ឋមន្រ្តីទៅនឹងការអះអាងរបស់លោក។

លោកបន្តថា៖ ខ្ញុំគិតថាសុំឲ្យប្រជាពលរដ្ឋខ្មែរ តាមដានហើយធ្វើការផ្ទៀងផ្ទាត់នូវអ្វីដែលជាការអះអាងបែបនេះថាមិនមែនជាអាយ៉ងវៀតណាម មិនមែនជាអ្នកដែលថិតនៅក្រោមឥទ្ធិពលវៀតណាម ដើម្បីផ្ទៀងផ្ទាត់ទៅនឹងការឆ្លើយតបរបស់លោកបន្តទៀតដើម្បីឲ្យដឹងការពិត។ ព្រោះថាកន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែប្រកាសមិនថិតនៅក្រោមឥទ្ធិពលវៀតណាមទេ ក៏ប៉ុន្តែសកម្មភាពហាក់ផ្ទុយពីការអះអាងទាំងនោះទៅវិញ។ លោក ហ៊ុន សែន ត្រូវបានកាសែតអាមេរិកវ៉ាស៊ិនតោនប៉ុស្តិ៍ចាត់ចំណាត់ថ្នាក់ជាមេដឹកនាំកាន់អំណាចដ៏យូរក្នុងចំណោមមេដឹកនាំ២៣រូបទៀតក្នុងពិភពលោក។ ក្នុងប្រវត្តិតស៊ូរបស់លោកក្នុងឆ្នាំ១៩៧៧ លោកបានរត់ភៀសខ្លួនទៅតស៊ូនៅប្រទេសវៀតណាម ដើម្បីត្រឡប់មកវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ហើយក្នុងរយៈពេល១៨ខែបន្ទាប់ពីរបបខ្មែរក្រហមត្រូវផ្ដួលរំលំ លោកត្រូវបានបក្សកុម្មុយនិស្តកម្ពុជាតែងតាំងជារដ្ឋមន្ត្រីការបរទេស ហើយមានឋានៈមួយទៀតជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនៅឆ្នាំ១៩៨១ ប៉ុន្តែនៅគ្រានោះគេហៅរដ្ឋាភិបាលនេះថាជារដ្ឋាភិបាលលើកបន្តុបដោយក្រុងហាណូយ៕

ដោយលោក ពៅ មេត្តា និងលោក ហ៊ុន សិរីវឌ្ឍន៍

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ