លោក ហ៊ុន សែន និងលោក​ កឹម សុខា រំឭកពលរដ្ឋពីសារៈសំខាន់នៃការទៅចុះឈ្មោះបោះឆ្នោត

មេដឹកនាំគណបក្សកំពុងគ្រប់គ្រងអំណាចនិងមេដឹកនាំបក្សប្រឆាំង រំឭកពលរដ្ឋដែលមានអាយុគ្រប់ ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ខណៈ គ.ជ.ប ចុះធ្វើបញ្ជីបោះឆ្នោតថ្មី ចាប់ពីដើមខែកញ្ញានេះទៅ។

ការចុះធ្វើបញ្ជីបោះឆ្នោតថ្មី ច្បាប់តម្រូវឲ្យ គ.ជ.ប ប្រើរយៈ៩០ថ្ងៃ គិតទាំងថ្ងៃឈប់សម្រាក ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីថ្ងៃទី១ខែកញ្ញារហូតដល់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦។ ចំណែកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧។

នៅលើទំព័រហ្វេសប៊ុកផ្លូវការចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសទៅចុះឈ្មោះបោះឆ្នោតនៅតាមមណ្ឌលចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

ចំណែកប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដែលកំពុងបន្តស្នាក់នៅក្នុងស្នាក់ការបក្សនោះ បានអំពាវនាវតាមវីដេអូឃ្លីបមួយបង្ហោះលើហ្វេសប៊ុករបស់លោក។

លោក កឹម សុខា លើកពីសារសំខាន់នៃការទៅចុះឈ្មោះបោះឆ្នោត។

លោក កឹម សុខា បន្តថា៖ «ការបោះឆ្នោតមានសារសំខាន់ណាស់ សម្រាប់ជោគវាសនាអនាគតរបស់ខ្លួនយើងផ្លាល់និងសម្រាប់ប្រទេសជាតិយើង។ បងប្អូនអាចបោះឆ្នោតបាន លុះត្រាតែបងប្អូនបានចុះឈ្មោះបោះឆ្នោត ។ បងប្អូនចុះឈ្មោះបោះឆ្នោតនៅឃុំសង្កាត់ណា បងប្អូនត្រូវទៅបោះឆ្នោតនៅឃុំសង្កាត់នោះ»។

គ.ជ.ប រំពឹងថាអ្នកទៅចុះឈ្មោះបោះឆ្នោតអាចមានជាង៩លាន៦សែននាក់(៩,៦៦៤,២១៦)ក្នុងចំណោមពលរដ្ឋជាង១៥លាននាក់។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា NICFEC លោក សំ គន្ធាមី បានសាទរទៅនឹងមេដឹកនាំនយោបាយកំពូលៗទាំងពីរ ដែលអំពាវនាវឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតនេះ។ ប៉ុន្តែលោកជំរុញឲ្យមេដឹកនាំគណបក្សធំៗទាំងពីរត្រូវធ្វើគំរូល្អដល់ពលរដ្ឋ ដោយលោកថាធ្វើយ៉ាងណាឲ្យដំណើការបោះឆ្នោតប្រព្រឹត្តទៅដោយស្នើភាពគ្នា គ្មានរូបភាពគំរាមកំហែង និងគ្មានការភ័យខ្លាច។

លោកបន្តថា៖ «មេដឹកនាំនៃគណបក្សទាំងពីរហ្នឹង គួរអញ្ចើញមកប្រើប្រាស់វប្បធម៌សន្ទនាវិញទៅ ហើយដើម្បីធានាបរិយាកាសនយោបាយហ្នឹង កុំឲ្យប្រជាពលរដ្ឋហ្នឹងលោកភ័យខ្លាច។ ពេលគាត់អញ្ជើញទៅបោះឆ្នោត គាត់ឃើញស្ថានភាពនយោបាយអញ្ចឹង រវល់តែឈ្លោះគ្នា ធ្វើឲ្យគាត់បាក់ទឹកចិត្តបាទ! »។

មន្ត្រីឃ្លាំមើលការបោះឆ្នោតរូបនោះព្រមានថា បើស្ថានការណ៍នយោបាយនៅតែឡើងកម្តៅដូចពេលនេះ លោកថា ចំនួនអ្នកទៅចុះឈ្មោះបោះឆ្នោតនិងអ្នកទៅបោះឆ្នោតនឹងថយចុះខុសពីការរំពឹងទុករបស់ គ.ជ.ប ហើយលទ្ធផលបោះឆ្នោតលោកថា អាចនឹងបង្គឲ្យមានភាពចម្រូងចម្រាសដូចពេលមុនៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ