លោក សម រង្ស៊ី​ ហៅអ្នកប្រើកម្លាំងទ័ព​សម្លុតពលរដ្ឋខ្មែរ​ដូចគ្នាថាជាមនុស្សតិរច្ឆាន​

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

ប្រធានគណបក្សប្រឆាំងដែលកំពុងគេចខ្លួនទៅរស់នៅក្រៅប្រទេសហៅការប្រើកម្លាំងទ័ពជើងទឹក ជើងគោក និងជើងអាកាស ដើម្បីសម្លុតជាពលរដ្ឋខ្មែរដូចគ្នាថាជាសកម្មភាពរបស់មនុស្សតិរច្ឆាន។

កាលពីថ្ងៃពុធម្សិលមិញមាននាវាជើងទឹក រថយន្ត និងឧទ្ធម្ភាចក្រផ្ទុកដោយកម្លាំងទ័ព បើកជុំវិញបរិវេណស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើប្រមាណ៤០នាទី។ ចលនារបស់កម្លាំងទ័ពនេះ នាំឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ ប្រជាពលរដ្ឋនៅជុំវិញនោះមានការភ្ញាក់ផ្អើល ហើយសារព័ត៌មានជាតិនិងអន្តរជាតិចាប់អារម្មណ៍ចុះផ្សាយហេតុការណ៍នេះ។

ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នៅថ្ងៃម្សិលមិញ លោក សម រង្ស៊ី ហៅការចល័តកម្លាំងទ័ពនោះថា ជាការបំភិតបំភ័យពលរដ្ឋ។ លោកហៅសកម្មភាពនេះថាធ្វើឡើងដោយមនុស្សតិរច្ឆាន៖ «ដឹងថាពេលបោះឆ្នោតជិតមកដល់ពិតជាចាញ់ឆ្នោត ព្រោះប្រជាពលរដ្ឋទូទាំងប្រទេសគេចង់ផ្លាស់ប្តូរ ហើយអត់មានមធ្យោបាយទប់ស្តាត់ ធ្វើការបំភិតបំភ័យ មិនចង់ឲ្យមានការបោះឆ្នោតដោយសេរី ដោយរលូន ដោយត្រជាក់ គេបង្កើតតែវិធានការក្តៅ។ ខ្ញុំហៅថាមានតែមនុស្សពាល មនុស្សតិច្ឆានទេ ដែលប្រើមធ្យោបាយបែបនេះមកសម្លុតប្រជាពលរដ្ឋខ្មែរគ្នាឯង»។

ទោះជាយ៉ាងណាក្រោយការចល័តទ័ពនៅជិតស្នាក់ការគណបក្សសង្គ្រោះជាតិនេះ មន្ត្រីក្រសួងការពារជាតិនិង អ្នកនាំពាក្យរដ្ឋាភិបាលបកស្រាយថា នេះមិនមែនជាការគំរាមកំហែងបក្សប្រឆាំងឬពលរដ្ឋទេ គឺជាការធ្វើសមយុទ្ធ១ឆ្នាំម្តង ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់របស់ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ