រដ្ឋាភិបាលនិងសង្គមស៊ីវិលរួមគ្នា លើកស្ទួយដល់ការងាររបស់យុវជន

ដោយ កញ្ញា ថាញ់ ចន្ទសុធារី​​ | ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 4:21 PM | ការអប់រំអភិបាលកិច្ចល្អ | 0 | 1267

ក្រសួងអប់រំ យុវជន និងកីឡា អង្គការសហប្រជាជាតិ និងអង្គការជាច្រើនផ្សេងទៀត បានពិភាក្សាគ្នា ដើម្បីលើកកំពស់ឱកាសការងារ ដល់យុវជននិងយុវតី នៅក្នុងប្រទេសកម្ពុជា ដោយហេតុថា ភាគច្រើនពួកគេប្រឈមទៅនឹងហានិភ័យនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រឈមទៅនឹងភាពក្រីក្រ។

បើតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៣១សីហា កម្មវិធីខាងលើ ធ្វើឡើងក្រោមប្រធានបទ «រួបរួមដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា» ដោយភាគីខាងលើ បានចុះកិច្ចព្រមព្រៀងគ្នា លើកិច្ចសហប្រតិបត្តិការរយៈពេលពីរឆ្នាំ ដោយមាននិន្នាការលើកកំពស់ការងារសម្រាប់យុវជន ក៏ដូចជាធានាថា ពួកគេមានលទ្ធភាពប្រសើរជាងមុន ក្នុងការឆ្លើយតបនឹងតម្រូវការពលកម្ម។

នៅក្នុងកម្មវិធីនោះ តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី Claire Van Der Vaeren បានលើកឡើងថា ការលើកកំពស់ការងារសម្រាប់យុវជន មានសារៈសំខាន់បំផុត ដោយលោកស្រីមានប្រសាសន៍ថា វារួមចំណែកក្នុងការធ្វើឲ្យប្រទេសកម្ពុជារីកចំរើនផ្នែកសេដ្ឋកិច្ច ប្រកបដោយចីរភាព។

លោកស្រីបន្ថែមថា កម្មវិធីនេះ ធ្វើឡើងដើម្បីជួយឲ្យស្រ្តីនិងបុរសកម្ពុជាវ័យក្មេង មានឱកាសក្នុងការទទួលបានការងារល្អប្រសើរជាងមុន ជាពិសេសជួយដល់ក្រុមណាដែលទន់ខ្សោយនិងងាយរងគ្រោះ។

ចំណែកឯរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការមួយនេះ លើកកំពស់គុណភាពការងារដល់ពលរដ្ឋវ័យក្មេងនៅកម្ពុជា និងជួយដោះស្រាយបញ្ហាប្រឈមលើផ្នែកការងារសម្រាប់យុវជនកម្ពុជា។

កម្មវិធីនេះ រៀបចំឡើងដោយមានការសហការគ្នា រវាងអង្គការពលកម្មអន្តរជាតិ (ILO) ក្រសួងអប់រំ យុវជន និងកីឡា អង្គការសហប្រជាជាតិ UNDP UNESCO UNICEF UNV និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

សរសេរមកកាន់ កញ្ញា ថាញ់ ចន្ទសុធារី តាមរយៈ chansothearythanh@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required