រដ្ឋាភិបាលប្រាប់ឲ្យខេត្តរាជធានីបង្កើតសន្តិសុខចរាចរណ៍បន្ថែម ខណៈការបោះឆ្នោតជិតមកដល់

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០១៧​ ម៉ោង 6:05 PM | បោះឆ្នោតសន្ដិសុខ | 0 | 4246 រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ លោក ស ខេង

រដ្ឋាភិបាល នៅដើមឆ្នាំ២០១៧នេះ បានប្រាប់​​ឲ្យ​ថ្នាក់ដឹកនាំខេត្តនិងរាជ​ធានី ​ត្រៀម​បង្កើត​ក្រុមសន្តិសុខ​សណ្តាប់​ធ្នាប់​ចរា​ចរ​ណ៍​​ ដើម្បី​ត្រៀម​ទប់​ស្កាត់​រាល់​បញ្ហា​ចរា​ចរណ៍ និងជួយសម្រួលបញ្ហាសន្តិសុខនានានៅពេលណា ដែល​កម្លាំង​នគរបាលមិន​អាច​គ្រប់គ្រង​បាន​​ ខណៈការបោះឆ្នោតខិតជិតមកដល់។

ថ្លែងក្នុង​ពិធី​បូក​សរុប​លទ្ធ​ផលអនុវត្តច្បាប់​ចរាចរណ៍ផ្លូវ​គោក​នៅថ្ងៃទី២ខែមករានេះ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ លោក ស ខេង បាន​​ប្រាប់​ទៅ​អភិ​បាល​​រាជ​ធានីខេត្ត ឲ្យបង្កើត​កងសន្តិសុខ​សណ្តាប់​ធ្នាប់​ចរាចរណ៍ បន្ថែមលើ​នគរ​បាល​​ចរាចរណ៍​បច្ចុប្បន្ន ​​ដើម្បី​សម្រួលដល់ការ​​​គ្រប់គ្រង​​បញ្ហាចរាចរណ៍​ នៅពេល​ខ្វះ​កង​កម្លាំង​នគរ​បាល និងម្យ៉ាងដោយលោកសំអាង​ថា កម្ពុជាសព្វថ្ងៃ កំពុងខ្វះនគរ​បាល​ចរាចរណ៍ ហើយរដ្ឋាភិបាលអាចនិង​ចំណាយ​តិច ប្រសិនបើមានសន្តិសុខ​សណ្តាប់​ធ្នាប់​​ចរា​ចរណ៍​។

ក្នុង​នោះ ​លោក ស ខេង បានការពារចំណាត់ការរបស់រដ្ឋាភិបាល ដែល​បាន​​បង្កើត​សន្តិសុខតាមខណ្ឌនាពេលកន្លង​មក​ ហើយគំរោង​បង្កើត​​សន្តិសុខ​​ចរាច​រណ៍​នេះ​ លោកថា ជាកា​រ​​ត្រឹម​ត្រូវ​ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​សង្គម។

លោក​ថា៖ «ពីព្រោះអាជ្ញាធររដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ស្របច្បាប់មួយបើគ្រាន់តែថាយើងរៀបចំជាបុគ្គលិកជាប់កិច្ចសន្យាហ្នឹងមិនបានជួយធ្វើការងារហ្នឹងមិនបាន អាហ្នឹងដូចជាមិនត្រឹមត្រូវ ផ្ទុយទៅវិញគណបក្សនយោបាយខ្លះមាសន្តិសុខ។  […] ដូច្នេះរឿងសណ្តាប់ធ្នាប់ចរាចរណ៍នេះ ខ្ញុំគិតថាអាចធ្វើបាន ហើយវាអាចថ្ងៃក្រោយទៅ វាជាលំនាំដែលជួយកាត់បន្តយចំណាយរបស់រដ្ឋថែមទៀត ដោយយើងកម្រិតក្របខ័ណ្ឌនគរបាលរបស់យើងទាបជាងហើយយើងទៅពឹងកម្លាំងមហាជនរបស់យើងមកចូលរួមរក្សាសណ្តាប់ធ្នាប់ហ្នឹង! រយៈពេលណាដែលតឹងតែយើងត្រូវការច្រើន១០០នាក់​​ជាឧទាហរណ៍»

លោក ស ខេង ​ក៏​បានរំឮក​ពីព្រឹតិ្តការណ៍​​​​បាតុកម្ម​ឆ្នាំ​២០១៣ ដែលដឹកនាំដោយគណបក្ស​សង្គ្រោះ​ជាតិ ​ក្រោយការ​បោះ​ឆ្នោត​ ដែល​នៅពេល​នោះ​លោក​ថា ​ចំនួនអ្នកចូលរួមធ្វើបាតុកម្ម មានច្រើន ហើយ​ចាំ​បាច់​ត្រូវ​ការ​ជំនួយ​ពីប្រជា​ការ​ពារ​ដើម្បី​រក្សា​សណ្តាប់​ធ្នាប់សង្គម។

កាលពី​ពេល​ថ្ងៃទី​២៧ខែតុលាឆ្នាំ​២០១៥ កន្លងទៅ​គណបក្សប្រឆាំងបាន​ស្នើឲ្យ​ក្រសួង​មហាផ្ទៃ​លុប​បំបាត់​សន្តិសុខនៅតាមបណ្តាខណ្ឌនីមួយៗ ដែលគណបក្សនេះចាត់ទុកថា ជាកម្លាំង​ខុស​ច្បាប់​ដែល​អាជ្ញា​ធររាជធានីភ្នំពេញប្រើ ដើម្បីបង្ក្រាបលើការជួបជុំ ការធ្វើបាតុកម្ម និងកូដកម្មដោយសន្តិវិធី តែ​ត្រូវ​បាន​ក្រសួង​មហា​ផ្ទៃ​បាន​បដិសេធ​ការ​ស្នើរ​នេះ​​។

ទាក់​ទង​នឹង​ការ​សម្រេច​ឲ្យមាន​ការ​​បង្កើត​សន្តិសុខចរាចរណ៍​នេះវិញ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ យល់​ថាការ​បង្កើត​សន្តិសុខ​ចរាចរណ៍​ដោយ​លើក​ហេតុផល​ថា​មក​ពី​ខ្វះ​នគរ​បាលចរាចរណ៍​នោះ ​គឺ​គ្រាន់​តែ​ជា​លេស​មួយ​ដែល​មិន​អាច​ទទួល​យក​បាន​ ​លោក​ថា​ការបង្កើតនេះ​វា​អាច​​ជា​ការ​ត្រៀម​រៀប​ចំ​ទុកមុនក្នុង​ការ​បង្ក្រាបការ​តវ៉ាណា​មួយ។

លោក​ថា៖ «បើខ្វះប៉ូលីចរាចចរណ៍គណបក្សសង្គ្រោះជាតិគាំទ្រឲ្យរើសប៉ូលីចរាចរណ៍ជំនាញ បណ្តុះបណ្តាលឲ្យគាត់ចេះជំនាញច្បាស់លាស់ ហើយមានក្រម​​សីលធម៌ក្នុងការប្រករការងារភារកិច្ចរបស់យើងទៅ វាទៅជាអញ្ចឹងទៅវិញអញ្ចឹងទៅកុំក្រោមលេសថាសន្តិសុខអញ្ចេះសន្តិសុខអញ្ចុះតែកម្លាំងហ្នឹងសុទ្ធតែត្រៀមក្នុងការបង្ក្រាបទៅលើបក្សប្រឆាំងបង្ក្រាបទៅលើសកម្មជនសិទ្ធិមនុស្សបង្ក្រាបទៅលើសកម្មជនដីធ្លីនេះជារឿងមួយដែលគួរឲ្យសោកស្តាយ »

សាស្ត្រាចារ្យ​​វិទ្យាសាស្ត្រ​នយោបាយ និង​អភិបាលកិច្ច លោក ចាន់ វិបុល មាន​ប្រសាសន៍​​ថា ​កង​កម្លាំងនគរ​បាល​បច្ចុប្បន្ន​នេះ ​គឺ​គ្រប់​គ្រាន់​ហើយ​សម្រាប់​រក្សា​សណ្តាប់​ធ្នាប់​ចរាចរណ៍ តែ​លោកយល់​ថា​ការ​បង្កើត​នេះ​អាច​ជា​ចេតនា​ផ្សេង​ច្រើន​ជាង​ ក៏ព្រោះ​តែលោក​សង្កេត​ឃើញ​ថា​កម្លាំង​សន្តិសុខគឺ​មាន​ក្រម​សីល​ធម៌​ខុស​ពី​​នគរបាល លើស​ពី​នេះ​លោក​ថា​ក្រុម​ទាំង​នេះ​អាច​នឹង​ត្រូវ​បានអ្នក​នយោបាយ​ប្រើ​ប្រាស់​​ថែម​ទៀត​ផង។

លោក​ថា៖ «ពេលខ្លះគាត់អត់អាចបញ្ឈប់ការប្រើប្រាស់ពីអ្នកនយោបាយទាំងអស់គ្នានោះបានទេ យើងមើលឃើញពីសាររបស់លោកនាយករដ្ឋមន្ត្រីទាក់ទងនឹងការបោះឆ្នោតឆ្នាំ២០១៨ ថាហិង្សានឹងអាចកើតមានហើយយើងឃើញមានសារនយោបាយ ឆ្លើយឆ្លងរវាងលោកនាយករដ្ឋមន្ត្រី និងលោកសម រង្ស៊ី វាបង្ហាញសញ្ញាមួយដែលថានឹងមានគ្រោះថ្នាក់ធំជាពិសេសទាក់ទងនឹងការធ្វើបាតុកម្ម ជាពិសេសនៅថ្ងៃដែលប្រកាសលទ្ធផលឆ្នោតឆ្នាំ២០១៨។ ខ្ញុំឃើញថានេះជាចេតនា ព្រោះតាមបទពិសោធន៍កន្លងមកគឺគាត់ប្រើប្រាស់ការបង្ក្រាបនេះគឺប្រើកងកម្លាំងសន្តិសុខហ្នឹងហើយ​ »

គួររំលឹក​ផង​ដែរ​ថា​ បន្ទាប់​ពី​មាន​ផ្ទុះការ​​​តវ៉ា​ប្រឆាំង​​នឹង​លទ្ធផល​ឆ្នោតឆ្នាំ​២០១៣របស់​គណបក្ស​សង្គ្រោះ​​ជាតិ​ ដែល​ឡើង​មក​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ កម្លាំង​សន្តិសុខ​ខណ្ឌ​ត្រូវ​បាន​ដាក់ឲ្យ​ចូល​រក្សា​សណ្តាប់​ធ្នាប់​បន្ថែម​ពី​លើ​នគរ​បាល​ ចាប់​តាំង​ពី​ពេល​នោះ​ហើយ​ដែល​គេ​ឃើញ​មាន​វត្តមា​ន​​របស់​សន្តិសុខ ឬ​ក៏​សណ្តាប់​ធ្នាប់​ខណ្ឌ​ចេញ​មក​ ធ្វើ​ការ​រៀប​ចំសណ្តាប់​ធ្នាប់​ជំនួ​ស​សមត្ថកិច្ច ​ដែល​រហូត​មាន​ពេល​ខ្លះ​ឈាន​ដល់​ការ​ប៉ះ​ទង្គិច​គ្នា​ថែម​ទៀត​ផង។

បើ​ទោះ​បី​ជា​មាន​ការរិះគន់​ពី​សំណាក់​ប្រជាពល​រដ្ឋ​មួយ​ចំនួន និងមាន​កា​រស្នើ​ពី​បក្ស​ប្រឆាំង​យ៉ាង​ក្នុង​ការលុប​បំបាត់​កង​កម្លាំង​ទាំង​នេះក្តី​ ក៏​ក្រសួង​មហា​ផ្ទៃ​បាន​បដិសេធ ហើយ​នៅ​ថ្ងៃ​នេះទៀត​សោត​ រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ​​​បាន​ប្រកាស ​​ពី​ការ​ចង់​ឲ្យ​មាន​កម្លាំង​សន្តិសុខសណ្ដាប់​ធ្នាប់​ចរា​ចរណ៍ថ្មី​នេះ​បន្តែម​ទៀត៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required