អង្គការមួយស្នើឲ្យបង្កើនអាសនៈសភាដល់១៣៩នៅឆ្នាំ២០១៨

កិច្ច​ប្រជុំ​ពេញអង្គ​របស់​រដ្ឋសភា​កាល​ពីកន្លងទៅ

អង្គការមួយលើកឡើងថា ចំនួនអាសនៈសភានៅកម្ពុជា គួរតែបង្កើនឲ្យដល់ចំនួន១៣៩អាសនៈនៅពេលបោះឆ្នោតជាតិឆ្នាំ២០១៨ ដោយសារតែចំនួនប្រជាជនមានការកើនឡើង។

យោងតាមរបាយការណ៍របស់អង្គការវេទិកាអនាគត ចេញផ្សាយកាលពីចុងខែមករា កន្លងទៅនេះឲ្យដឹងថា ការកំណត់ចំនួនអាសនៈរដ្ឋសភាកន្លងមានភាពខុសឆ្គង បើធៀបនឹងចំនួនពលរដ្ឋដែលកំពុងបន្ដកើនឡើង។

បើតាមរបាយការណ៍អង្គការនេះ ការកំណត់ចំនួនអាសនៈរដ្ឋសភាដែលមានចំនួន១២៣អាសនៈរហូតមកនោះ គួរមានដល់១២៧អាសនៈតាំងពីឆ្នាំ២០០៣ និងត្រូវបន្ថែមដល់១៣១អាសនៈនៅឆ្នាំ២០០៨ ហើយបង្កើនដល់១៣៥អាសនៈនៅឆ្នាំ២០១៣ និងថានៅឆ្នាំ២០១៨ខាងមុខ គួរមានដល់១៣៩អាសនៈ ដោយសារចំនួនពលរដ្ឋបានកើនពី១៤,៣៦លាននាក់ពីឆ្នាំ២០១៣ ទៅដល់១៥,៥៧លាននាក់ នៅឆ្នាំ២០១៨។ ប៉ុន្តែការធ្វើវិសោធកម្មកាលពីឆ្នាំ២០១៥ ទៅលើច្បាប់បោះឆ្នោត គឺចំនួនអសនៈសភាត្រូវបានដំឡើងពី១២៣ ទៅត្រឹម១២៥ប៉ុណ្ណោះនៅឆ្នាំ២០១៨។

អង្គការវេទិកាអនាគតលើកឡើងថា ខេត្តសៀមរាបគួរបង្កើនពី៦អសនៈទៅ៩អសនៈ និងភ្នំពេញគួរបង្កើនពី១២អាសនៈដល់១៥អសនៈ ខណៈខេត្តបាត់ដំបងគួរបន្ថែម២អាសនៈ ដើម្បីឲ្យបាន១០អាសនៈ និងខេត្តឧត្តរមានជ័យគួរបន្ថែម១អាសនៈ ដើម្បីឲ្យបាន២អាសនៈ។ ចំណែក ខេត្តព្រះសីហនុគួរបន្ថយ១អសនៈ ពីអសនៈសរុប៣ មកនៅត្រឹម២អសនៈវិញ។

អង្គការវេទិកាអនាគតអះអាងថា បើតាមច្បាប់ស្ដីពីការបោះឆ្នោតរបស់អង្គការសហប្រជាជាតិសម្រាប់កម្ពុជា ឆ្នាំ១៩៩៧ បានចែងថា ចំនួនអាសនៈសភាត្រូវបានកំណត់តាមសមមាត្រប្រជាជន ហើយគណៈកម្មការកំណត់អាសនៈរដ្ឋសភាត្រូវបានបង្កើតឡើងនៅឆ្នាំទី៣ នៃនីតិកាលនីមួយៗ ដើម្បីកែប្រែ និងបែងចែកអាសនៈតាមខេត្ត/ក្រុង។ ប៉ុន្ដែគណៈកម្មការនេះត្រូវបានលុបចោលដោយច្បាប់ ច.ប.ជ.ត ថ្មី ដែលរដ្ឋាភិបាលកម្ពុជាបានអនុម័តនៅឆ្នាំ២០១៥ ដែលការនេះធ្វើឲ្យមានការកំណត់អសនៈសភា និងអាសនៈតាមខេត្ត/ក្រុងមានភាពខុសឆ្គង។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានច្រានចោលរបាយការណ៍អង្គការវេទិកាអនាគតនេះថាធ្វើឡើង «យឿតពេល» ដោយលោកថា រដ្ឋាភិបាលបានសម្រេចអំពីចំនួនអាសនៈរួចទៅហើយ។ លោកបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចបង្កើនចំនួនអាសនៈពី១២៣ ទៅ១២៥អាសនៈនៅអាណត្ដិទី៦ ឆ្នាំ២០១៨នេះ ដោយថា រដ្ឋាភិបាលបានបន្ថែមអសនៈចំនួន២ទៀតទៅក្រុងព្រះសីហនុ ដើម្បីឲ្យបាន៣អសនៈ ដែលពីមុនមានតែ១អសនៈប៉ុណ្ណោះ។

លោកថា៖ «គាត់លើកជាយោបល់របស់គាត់ទេ ក៏ប៉ុន្ដែវាហួសពេលទៅហើយ ដោយសាររាជរដ្ឋាភិបាល លោកបានកំណត់ចំនួនអាសនៈរួចហើយ ហើយការកំណត់ចំនួនអសនៈនេះ វាអាស្រ័យលើការគិតគូររបស់រាជរដ្ឋាភិបាល។ អ៊ីចឹងទេ គឺថាកន្លងទៅនេះ​ សម្រាប់ការបោះឆ្នោត ឆ្នាំ២០១៨​នេះ អាសនៈមានចំនួន១២៥ ដោយយើងតំឡើងនៅខេត្តព្រះសីហនុចំនួន២ថែមទៀត»។

លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែលយល់ថា ការកំណត់ចំនួនអាសនៈរដ្ឋសភា ពិតជាអាចមានភាពខុសឆ្គងមែន ដោយលោករិះគន់ថា យន្ដការកំណត់ចំនួនអាសនៈត្រូវបានធ្វើឡើងតាមរយៈការព្រមព្រៀងគ្នារបស់អ្នកនយោបាយ ជាជាងផ្ដោតលើបញ្ហាបច្ចេកទេសជាក់ស្ដែង។

លោកក៏បានទទូចឲ្យមានការកែប្រែយន្ដការកំណត់ចំនួនអាសនៈតាមបច្ចេកទេស ដើម្បីឲ្យមានភាពត្រឹមត្រូវនៅអាណត្តិក្រោយៗ ជាជាងចេះតែធ្វើតាមការស្រុះស្រួលនយោបាយ។

លោកថា៖ «រឿងអាសនៈហ្នឹង ឥឡូវវាក្លាយទៅជារឿងនយោបាយហើយ ការសម្រេចចិត្តខាងនយោបាយ វាលែងការសម្រេចចិត្តតាមបច្ចេកទេស ដោយសារតែគេបានកែប្រែច្បាប់បោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ដ្រ គេលែងមានរូបមន្ដ គណនាទៅតាមប្រជាសាស្ដ្រ ឬភូមិសាស្ដ្រ គេលុបចោលរូបមន្ដហ្នឹងឯង»។

ដើម្បីឲ្យមានតម្លាភាពសម្រាប់និតីកាលក្រោយៗ អង្គការវេទិកាអនាគតបានទទូចឲ្យរដ្ឋសភាកម្ពុជាធ្វើវិសោធនកម្មច្បាប់ ច ប ជ ត ចាស់ ដោយដាក់បញ្ចូលមកវិញនូវ រូបមន្ដកំណត់ចំនួនអាសនៈ និងការបែងចែកអាសនៈតាមខេត្តក្រុង  ដោយបង្កើតគណៈកម្មាការកំណត់ចំនួនអាសនៈរដ្ឋសភា និងធានាថាការបែងចែកអាសនៈនៅពេលអនាគត នឹងធ្វើឡើងដោយមានតម្លាភាព។

គួរបញ្ជាក់ថា នៅនីតិកាលទី៥ ឆ្នាំ២០១៣ មានពលរដ្ឋបានទៅបោះឆ្នោតសរុបជាង៦លាន៦សែននាក់ ក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ ចំណែកគណបក្សសង្គ្រោះជាតិបាន៥៥អាសនៈ ក្នុងចំណោមអាសនៈសរុប១២៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ