ក្រសួងមហាផ្ទៃ ច្រានចោលសំណើរបស់​បក្សសិទ្ធិមនុស្សដែលសុំរំលាយខ្លួនឯង

លោក សឺន ស៊ូបែរ្តិ៍ ប្រធានគណបក្សសិទ្ធិមនុស្ស

ក្រសួងមហាផ្ទៃទាមទារឲ្យគណបក្សសិទ្ធិមនុស្សធ្វើសមាជដោយមានសំឡេងគាំទ្រភាគច្រើន២/៣នៃសមាជិករបស់អង្គសមាជទាំងមូលតាមលក្ខន្តិកៈរបស់​គណបក្ស ទើបអាច​​ស្នើ​សុំ​រំលាយ​បក្ស​ខ្លួន​បាន​។

គណបក្ស​សិទ្ធិ​មនុស្ស បាន​ប្រកាស​​រំលាយ​ខ្លួន​ឯង តាម​លិខិត​មួយ​ច្បាប់ ដែល​​បាន​ផ្ញើ​ជូន​ទៅ​រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង កាល​ពីថ្ងៃ​ទី២៨ ​ខែមករា។

ក្រោយមកនៅថ្ងៃទី១ ខែកុម្ភៈម្សិលមិញនេះ ​ក្រសួងមហាផ្ទៃបានឆ្លើយតប​តាមលិខិត ថា ក្រសួង​តម្រូវឲ្យគណបក្សនេះ អនុវត្តនីតិវិធីពាក់ព័ន្ធនឹងការសុំរំលាយគណបក្សសិទ្ធិមនុស្ស​ឲ្យបានត្រឹមត្រូវ​ ស្របតាមមាត្រា៥០ថ្មី នៃលក្ខន្តិកៈ​គណបក្ស​​ដែល​តម្កល់​​​នៅ​ក្រសួងមហាផ្ទៃ គឺគណបក្សនេះ ត្រូវ​ដាក់​ជូន​សមាជជាមុនសិន​ ដើម្បីសុំការអនុម័តតាមសំឡេងគាំទ្រភាគច្រើន២/៣ នៃ​សមាជិ​ក​ដែលមានសិទ្ធិសម្រេច​របស់​អង្គសមាជ​ទាំមូល ដោយថា​ទើប​អាច​ដាក់​ពាក្យទៅ​ក្រសួង​សុំ​រំលាយ​បក្ស​ខ្លួនឯងបាន​​។

ទាក់ទិននឹងករណីនេះ លោក សឺន ស៊ូបែរ្តិ៍ ប្រធានគណបក្សសិទ្ធិមនុស្ស បានបញ្ជាក់នៅថ្ងៃនេះ​ថា លោក​មិន​អាចធ្វើតាមការទាមទាររបស់ក្រសួងមហាផ្ទៃបាន​ទេ ដោយលោកថា មន្ត្រីគណបក្សសិទ្ធិមនុស្សបានច្របាច់បញ្ជូលគ្នាជាមួយគណបក្សសម រង្ស៊ី កាលពីឆ្នាំ២០១២  ដើម្បីបង្កើតគណបក្សសង្គ្រោះជាតិ ហើយពេលនេះ គណបក្សសង្គ្រោះជាតិត្រូវរំលាយហើយ។​

លោកថ្លែងថា«បើក្រសួងនៅតែទទូច​ឲ្យធ្វើសមាជ យើងមានតែឲ្យគណបក្ស​​សង្គ្រោះជាតិត្រឡប់មក​វិញ ដើម្បី​ឲ្យខ្ញុំស្រង់​យកសមាជិកទាំងអស់មក​វិញ​ធ្វើសមាជ»។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ វិភាគថា ក្រសួងមិនចង់រំលាយ​គណបក្សសិទ្ធិមនុស្ស​ ដោយថាទុកឲ្យបក្សនេះមានឱកាសចូល​រួមប្រកួតប្រជែងការ​បោះ​ឆ្នោត​ជា​មួយ​បក្សកាន់​អំណាចនៅខែកក្កដា ឆ្នាំ២០១៨នេះ ​។

លោកវិភាគថា«​ក្នុងបរិបទដែលមិនរំលាយ​គណបក្សសិទ្ធិមនុស្សនេះ​ គឺគេចង់ឲ្យមានគណបក្សច្រើន ដើម្បីចូលរួម​ជំនួស​គណបក្សសង្គ្រោះជាតិ​ នៅក្នុង​ការបោះឆ្នោតឆ្នាំ២០១៨ គឺជាហេតុផលតែមួយគត់ ដើម្បីបំពេញភាពស្របច្បាប់​របស់​គណបក្សប្រជាជនកម្ពុជា​»។

គណបក្សសិទ្ធិមនុស្ស ត្រូវបានបង្កើតឡើង​​ដោយ​លោក កឹម សុខា នៅ​ឆ្នាំ២០០៧ ហើយ​ឈ្នះ​បាន​អាសនៈ​ចំនួន ៣​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០០៨។ គណបក្ស​នេះ​ ត្រូវ​បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​គណបក្ស​ សម រង្ស៊ី ទៅ​ជា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ឆ្នាំ​២០១២។

ទោះជាយ៉ាងណា ការ​ប្រកាស​រំលាយ​ខ្លួន​ឯង​របស់​បក្ស​នេះ បាន​កើត​ឡើង​ចំ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន ទៅ​តាម​បណ្ដឹង​របស់​រដ្ឋាភិបាល ហើយ​អាសនៈ​ជាប់​ឆ្នោត​ទាំង​អស់​របស់​បក្ស​នេះ ក៏​ត្រូវ​បាន​ដក​ហូត និង​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​នយោបាយ​ផ្សេង ដែល​​មិន​ទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ និងដកសិទ្ធិអតីតមន្ត្រីបក្សនេះ១១៨រូប មិនឲ្យធ្វើនយោបាយ​រយៈពេល៥ឆ្នាំផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ