អង្គការសិទ្ធិមនុស្សមួយស្នើឲ្យបង្កើតច្បាប់ប្រឆាំងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញសេចក្ដីថ្លែងការណ៍ស្នើឲ្យរដ្ឋាភិបាលបង្កើតច្បាប់ការពារអ្នកស្រឡាញ់ភេទដូចគ្នាដោយប្រឆាំងពីការរើសអើងគ្រប់បែបយ៉ាងនៅក្នុងប្រទេសកម្ពុជា។

សេចក្ដីថ្លែងការណ៍ចុះថ្ងៃទី០១ ខែមីនា ក្នុងឱកាសនៃទិវាគ្មានការរើសអើង២០១៦ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចេញផ្សាយ​នៃសាវតារក្រុមអ្នកស្រឡាញ់ភេទដូចគ្នានិងអំពាវនាវឲ្យរដ្ឋាភិបាលបង្កើតឲ្យមានច្បាប់ប្រឆាំងនឹងការរើសអើងអ្នកស្រលាញ់​ភេទដូចគ្នាឲ្យបានឆាប់រហ័ស។

សេចក្ដីថ្លែងការណ៍លើកឡើងថាបទបញ្ញត្តិនៃច្បាប់នោះគួរតែបញ្ចូលការគោរពឲ្យបានស្មើភាពគា្នចំពោះសិស្ស និស្សិត និង និយោជិកដែលស្រឡាញ់ភេទដូចគ្នានៅគ្រប់កម្រិតនៃគ្រឹះស្ថានអប់រំផ្ដល់សេវាថែទាំសុខភាព និងចែងឲ្យច្បាស់ចំពោះជនណាដែលបំពានលើច្បាប់នេះ។

មន្រ្តីសម្របសម្រួលគម្រោងនិន្នាការភេទនិងអត្តសញ្ញាណយេនឌ័រនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក នួន ស៊ីដារ៉ា បានលើកឡើងថាអ្នកស្រឡាញ់ភេទដូចគ្នាទទួលរងការរើសអើងខ្លាំងពីសំណាក់បុគ្គលឯកជននិងតួអង្គរដ្ឋដូចជានគរបាលជា​ដើម។ ហើយប្រទេសកម្ពុជាមិនទាន់មានច្បាប់ការពារអ្នកស្រលាញ់ភេទដូចគ្នានោះទេដែលបណ្ដាលឲ្យមានការលំបាកក្នុងការដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងទៅលើអ្នកស្រលាញ់ភេទដូចគ្នា។

ក្នុងសេចក្ដីថ្លែងការណ៍ដដែលបានដកស្រង់សំដីលោក ផៃ ស៊ីផាន មកបញ្ជាក់ថារដ្ឋាភិបាលគាំទ្រចំពោះអ្នកស្រឡាញ់ភេទដូចគ្នា។ លោកថ្លែងថា៖ សង្គមកម្ពុជាមិនរើសអើងនឹងអ្នកស្រឡាញ់ភេទដូចគ្នាទេ…..គ្មានច្បាប់រើសអើងប្រឆាំងនឹងពួកគេ

របាយការណ៍ស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក្រោមចំណងជើងថា “ការសម្លុតអ្នកស្រឡាញ់ភេទដូចគ្នានៅតាមសាលារៀនក្នុងប្រទេសកម្ពុជា” បានបង្ហាញថា៦៣ភាគរយនៃអ្នកឆ្លើយសំណួរគឺពួកគេបានរងការសម្លុតនៅតាមសាលារៀនដោយសារតែពួកគេជាអ្នកស្រលាញ់ភេទដូចគ្នា។ ការសិក្សាស្រាវជ្រាវបង្ហាញថាតួអង្គរដ្ឋក៏មានកំហុសញឹកញាប់ផងដែរ។ ហើយការរើសអើងភេទនេះមិនត្រឹមតែកើតចេញពីមិត្តរួមសាលានោះទេ រួមទាំងពីសំណាក់គ្រូ និងមន្រ្តីនគរបាលផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ