បណ្តុំអង្គការដែលធ្វើការលើព្រៃឈើនិងបណ្តាញជនជាតិដើមភាគតិចសរុបប្រមាណ៣០អង្គការបានជំរុញរដ្ឋាភិបាលបង្ហាញពីលទ្ធផលនៃការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើដល់សាធារណជនឲ្យបានដឹង។
ក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញនៅថ្ងៃពុធនេះ បណ្តាញជនជាតិដើមភាគតិចនិងព្រៃឈើចំនួន២៧ បានសាទរចំពោះចំណាត់ការរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើនាំចេញទៅប្រទេសវៀតណាម។ ទោះជាយ៉ាងណា អង្គការទាំងនោះបានបង្ហាញការសោកស្តាយចំពោះយន្តការផ្លូវច្បាប់ដែលមានស្រាប់ តែនៅតែមិនអាចទប់ស្កាត់ចំពោះបទល្មើសព្រៃឈើនៅទូទាំងប្រទេស។ អង្គការទាំងនោះមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះខែ្សសង្វាក់នៃការផ្គត់ផ្តង់ឈើ ដោយថាមិនមានទិន្នន័យច្បាស់លាស់បញ្ជាក់ពីបរិមាណឈើនាំចេញមកពីប្រភពផ្សេងៗរួមមានពីសហគមន៍ព្រៃឈើចម្ការឈើ គម្រោងអាជីវកម្មរ៉ែ ទំនប់វារីអគ្គិសនី ជាពិសេសពីសម្បទានដីសេដ្ឋកិច្ច។
អង្គការទាំងនោះបានបញ្ជាក់ថា៖ “កត្តាទាំងអស់នេះហើយដែលបណ្តាលឲ្យព្រៃឈើនៅកម្ពុជាបាត់បង់ ប្រសិនបើពុំមានអន្តរាគមន៍ដោះស្រាយទាន់ពេលវេលាទេ ជាពិសេសវាប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រជាសហគមន៍មូលដ្ឋានដែលពឹងអាស្រ័យផល អនុផលព្រៃឈើ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ”។
អង្គការទាំងនោះបានស្នើដល់រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការនិងអន្តរាគមន៍ជាបន្ទាន់ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនៅទូទាំងប្រទេសកម្ពុជាហើយបង្ហាញលទ្ធផលនៃការបង្ក្រាបនេះដល់សាធារណជន ទាំងបរិមាណឈើដែលបានចាប់ ជនល្មើសពាក់ព័ន្ធ ព្រមទាំងចាត់ការជនល្មើស។
តំណាងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក ឯម សុភ័ក្រ្ត ប្រាប់វីអូឌីថាលោកបារម្ភចំពោះចំណាត់ការរដ្ឋាភិបាលលើព្រៃឈើ ដែលលោកថាមានប្រសិទ្ធភាពតែមួយរយៈ។ លោកបន្ថែមថា៖ “យើងឃើញថាប្រហែលជាលើកចុងក្រោយឬនៅបន្ទាប់ទៀតក៏មិនដឹង តែយើងឃើញថាលើកនេះមានការបង្កើតគណៈកម្មការត្រឹមត្រូវ ហើយឃើញមានការចុះបង្ក្រាបនោះមានលក្ខណៈឃើញថាបទល្មើសទាំងអស់នោះឃើញថាមានការថយចុះ យើងឃើញថាប្រហែលជាមានប្រសិទ្ធភាពដែរ។ ប៉ុន្តែយើងនៅតែមានការព្រួយបារម្ភគណៈកម្មការហ្នឹងមិនទាន់បង្ហាញពីលទ្ធផលជាក់លាក់ពីតម្លាភាពការបង្ក្រាបហ្នឹង ទីពីរ មិនទាន់បានឃើញចាប់ជនប្រព្រឹត្តណាមួយយកមកផ្តន្ទាទោសតាមច្បាប់ ហើយមួយទៀតយើងថាតើគណៈកម្មការ មាននិរន្តភាពទៅមុខទៀតអត់ឬមួយគ្រាន់តែបង្កើតដូចភ្លើងចំបើង នាំមួយឆាវៗតាមតែប្រសាសន៍របស់នាយករដ្ឋមន្ត្រី“។
អ្នកនាំពាក្យក្រសួងកសិកម្ម លោក អ៊ាង សុផល្លែត មានប្រសាសន៍ថារដ្ឋាភិបាលកំពុងតែធ្វើប្រតិបត្តិការទប់ស្កាត់បទល្មើសព្រៃឈើនេះ។ លោកបន្តថានៅតាមបណ្តាខេត្តនីមួយៗ រដ្ឋាភិបាលបានបង្កើតឲ្យមានគណៈបញ្ជាការដែលមានអភិបាលខេត្តជាប្រធាននិងដឹកនាំទប់ស្កាត់បទល្មើសព្រៃឈើនេះតាំងពីឆ្នាំ២០១៤មកម្ល៉េះ។ លោកបន្ថែមថា៖ “សូមបញ្ជាក់ថារាជរដ្ឋាភិបាលកំពុងចាត់វិធានការហើយ ចំពោះការវាយតម្លៃណាមួយមិនគួរធ្វើឡើងទេនៅពេលដែលគណៈកម្មកាកំពុងតែធ្វើការ…សម្តេចលោកបានឲ្យឯកឧត្តមសៅ សុខា ដឹកនាំបង្ក្រាបបទល្មើសព្រៃឈើ ហើយកំពុងតែបង្រ្កាបហ្នឹង បាទអ៊ីចឹងកុំទាន់វាយតម្លៃអីបាទ”។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាជាថ្មីឲ្យមន្រ្តីពាក់ព័ន្ធដែលចូលរួមបង្រ្កាបការកាប់បំផ្លាញព្រៃឈើឲ្យធ្វើការងាររបស់ខ្លួនដោយលោកដាក់ការសង្ស័យថាការមិនបង្រ្កាបអាចមកពីមន្រ្តីទាំងនោះចូលដៃជាមួយឈ្មួញដឹកឈើ។ លោកបានស្តីបន្ទោសទៅភាគីពាក់ព័ន្ធដោយថាមិនបានយកភ្នែកមើលករណីដឹកឈើតាមរថយន្ត។ លោកមានប្រសាសន៍ថា៖ “ប៉ុន្តែរឿងដឹកឈឺនេះអាហ្នឹងវាដឹកហ្នឹងឡានហើយធំៗណាស់ ហើយចុះភ្នែកទៅណាអស់ទាំងភ្នែកទាហាន ទាំងភ្នែកប៉ូលិស ទាំងភ្នែកប៉េអឹម ទាំងភ្នែករដ្ឋបាលព្រៃឈើ ទាំងភ្នែកបរិស្ថាន ភ្នែកទៅណាអស់ទៅឬក៏អាហ្នឹងនឹងគេដែរវាណាស់តែអ៊ីចឹង”។
លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យមានការដាក់ទោសទណ្ឌអ្នកកាប់បំផ្លាញព្រៃឈើនិងបញ្ជាឲ្យលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការបង្រ្កាបការកាប់បំផ្លាញព្រៃឈើចាត់វិធានការដោយមិនលើកលែង។
លោកមានប្រសាសន៍ថា៖ “ខ្ញុំឲ្យឧទ្ធម្ភាគចក្រពីរគ្រឿង សៅ សុខា ដូចមិនទាន់បាញ់មួយគ្រាប់ផងទេ ខ្ញុំឲ្យបាញ់ណា បើថាវាព្រហើនរ៉ូកែតដាក់ពីលើតែម្តងអត់មានរញ៉េរញ៉ៃទេ”។
គួរបញ្ជាក់ថាកាលពីខែមករា ឆ្នាំ២០១៦ លោក ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការមួយចុះទប់ស្កាត់និងបង្ក្រាបសកម្មភាពអនាធិបតេយ្យកាប់ព្រៃឈើ ការនាំចេញឈើខុសច្បាប់ និងបទល្មើសព្រៃឈើនានា ស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធ ចាប់ជនល្មើស និងវត្ថុតាងនៃបទល្មើស សហការជាមួយភាគីវៀតណាមនិងឡាវ។ តាមរយៈសេចក្តីសម្រេចនោះរដ្ឋាភិបាលក៏បានអនុញ្ញាតឲ្យគណៈកម្មការមួយនេះប្រើឧទ្ធម្ភាគចក្រយោធាពីរគ្រឿងសម្រាប់ប្រតិបត្តិការរបស់ខ្លួនផងដែរ។
យ៉ាងណាក៏ដោយរហូតមកដល់ពេលគណៈកម្មការចុះទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើនោះមិនទាន់បង្ហាញរបាយការណ៍បង្ក្រាបជូនសាធារណៈជនបានដឹងនៅឡើយ៕ ដោយ លោក ហ៊ុន សិរីវឌ្ឍន៍និងលោក ទូច សុខា