អតីត​អនុប្រធានាធិបតីស៊ីមបាវ៉េ​​បង្កើត​គណបក្ស​ថ្មី​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​លោក Mugabe

អតីតអនុប្រធានាធិបតីស៊ីមបាវ៉េ​លោកស្រី Joice Mujuru (រូបភាពពី Reuters)

អតីតអនុប្រធានាធិបតីស៊ីមបាវ៉េ​លោកស្រី Joice Mujuru បានឱ្យដឹងកាល​ពី​ថ្ងៃអង្គារថា លោកស្រី​បានចាប់ផ្តើមគណបក្សនយោបាយថ្មីមួយ ដើម្បីប្រកួតប្រជែងមេដឹកនាំជើងចាស់គឺ​លោកប្រធានាធិបតី​ Robert Mugabe។

ភ្នាក់ងារ​ព័ត៌មាន​ Reuter បាន​រាយការណ៍​ថា លោកស្រី Mujuru បាន​ថ្លែង​ឲ្យ​ដឹង​ពី​ការ​បង្កើត​គណបក្ស​ឈ្មោះ ប្រជាពលរដ្ឋ​ស៊ីមបាវ៉េ​ជា​ចម្បង (Zimbabwe People First)​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពីថ្ងៃ​អង្គារ ដែល​នោះ​គឺ​ជា​ការ​ថ្លែង​ជា​សាធារណៈ​ដំបូង​របស់​លោកស្រី បន្ទាប់​ពី​ត្រូវ​បាន​បណ្ដេញ​ចេញ​ពីតំណែង​​នៅ​ក្នុង​ឆ្នាំ​២០១៤​។​

លោកស្រី​មាន​ប្រសាសន៍​ថា៖យើងមិនមែន​ប្រយុទ្ធប្រឆាំងជាមួយ​នឹង​បុរសម្នាក់នោះទេ ប៉ុន្តែគឺ​ប្រព័ន្ធ ប្រព័ន្ធមួយ​​ដែល​មិន​យុត្តិធម៌​

លោកស្រី Joice Jujuru ដែល​មាន​វ័យ​៦០​ឆ្នាំ​ បាន​បម្រើការ​ជាអនុប្រធានាធិបតី​​របស់​លោក Mugabe អស់​រយៈពេល១​ទសវត្ស​ មុន​ពេល​ដែល​ស្រី​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង​នៅក្នុង​រដ្ឋាភិបាល និង​នៅ​ក្នុង​គណបក្ស កាល​ពី​ខែ​ធ្នូ ឆ្នាំ២០១៤ ដោយ​លោក​ស្រី​ត្រូវ​បាន​ចោទ​ថាមាន​ឧបាយកល​សម្ងាត់​ចង់​បណ្ដេញ​លោក​ Mugabe ចេញ​ពី​អំណាច​។

ពិធី​សម្ពោធ​គណបក្ស​របស់​លោកស្រី Mujuru មាន​ការ​ចូល​រួម​ពី​អតីតរដ្ឋមន្រ្តីយ៉ាងតិច​បួននាក់ដែលត្រូវបានលោកមូហ្គាបេបណ្ដេញ​ចេញ និង​អ្នកការទូតលោកខាងលិចមួយ​ចំនួន​ផងដែរ។

គេ​នៅ​មិនទាន់ច្បាស់នៅ​ឡើយ​ទេ​ថាតើលោកស្រី Mujuru នឹង​ទទួល​បាន​ការ​គាំ​ទ្រ​កម្រិត​ណា ហើយថាតើកម្រិត​នៃ​ការ​គាំត្រ​នោះ​នឹង​គ្រប់គ្រាន់ដើម្បីកាត់​បន្ថយការក្ដោប​ក្ដាប់​អំណាចយ៉ាង​ណែន​របស់​លោក មូហ្គាបេ បាន​យ៉ាង​ណា​។

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ចន្ទ លោក​ប្រធានាធិបតីលោក Robert Mugabe ដែលកាន់អំណាចយូរជាងគេនៅលើពិភពលោក​ បានធ្វើពិធីប្រារ​ព្វខួបកំណើតអាយុ៩២ឆ្នាំរបស់លោក ដោយសន្យាថា​ប​ន្តកាន់អំណាចរហូ​ត​​ដល់ស្លាប់៕

ប្រភព​៖ Channel News Asia

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ