លោក ហ៊ុន សែន ​រំឭកគ្រូពេទ្យថា កុំឲ្យគេប្រមាថត្រូវគិតអ្នកជំងឺជាសំខាន់

ដោយ លោក ញឹម សុខន​​ | ថ្ងៃសុក្រ ទី២ ខែមីនា ឆ្នាំ២០១៨​ ម៉ោង 11:48 AM | សុខភាព | 0 | 1220 (FB: លោក ហ៊ុន សែន)

ប្រមុខរដ្ឋាភិបាល រំឭកគ្រូពេទ្យ ឲ្យពង្រឹងសមត្ថភាព និងត្រូវគិតអ្នកជំងឺជាសំខាន់ ខណៈលោកបន្តប្រតិ​កម្មទៅនិងការ​​រិះ​គន់ ពី​រឆ្នាំកន្លងទៅថា មន្ត្រីសុខាភិបាលភាគច្រើនគ្មានវិជ្ជាជីវៈ និងខ្វះក្រមសីលធម៌ ។

អំឡុងឆ្នាំ២០១៦ កាសែតភ្នំពេញប៉ុស្តិ៍ បានដកស្រង់សម្តី ស្ថាបនិកម្ចាស់សាលា​អន្តរទ្វីបអាមេរិកកាំង លោក គួច ម៉េង​លី មកចុះផ្សាយថា គ្រូពេទ្យ១០នាក់ ដែលលោកបានជួប មាន៩នាក់ គ្មា​នវិជ្ជា​ជីវៈ ​គ្មា​ន​​ភា​​ព​ទ​ន់ភ្លន់ និងគ្មា​ន​មេ​ត្តា​​ធម៌។ លោកថា បញ្ហានេះបានបង្កភាពងាយរងគ្រោះ ដ​ល់អ្នកជំងឺ​មាន​ជីវ​ភា​ពក្រី​​ក្រ។

ប៉ុន្តែ លោក ហ៊ុន សែន ក្នុងពិធីជួបក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន របស់កូនប្រុសលោក ក្នុងរាជធានីភ្នំពេញ នាថ្ងៃនេះ​បា​​​​ន​ថ្លែ​​​ង​​ប្រតិកម្មជាថ្មីទៀតថា​ ការនិយាយបែបនេះ លោកថាជាការប្រមាថក្រសួងសុខាភិបាល។

លោក ហ៊ុន សែន បន្តថា បើទោះបីជាក្រ​សួង​សុខាភិបាល នៅ​​​​មាន​ចំណុចខ្វះ​ខា​ត​ខ្លះ​ ត្រូ​វកែទម្រង់មែន ប៉ុន្តែលោកថា កំហុសឆ្ក​ង​នោះ​ មិនអាក្រក់ដល់ទី៩០ភាគរយ ដូចការលើ​កឡើ​​ង​នោះទេ។

លោកថា៖«យើងត្រូវពង្រឹងនូវសមត្ថភាព នូវក្រមសីលធម៌ វិជ្ជាជីវៈរបស់គ្រូពេទ្យ មានតែវិធីហ្នឹងទេ កុំឲ្យដូចគេថា ១០ភាគ​រយដែល​ល្អនោះជានរណា ហើយ៩០ភាគរយដែលអាក្រក់នោះជានរណា»។

មេដឹនាំរូបនេះ បន្តថា ដើម្បីបន្សាបឥទ្ធិពលនៃពាក្យប្រមាថ  លោកថា គ្រូពេទ្យទាំងអស់ ត្រូវធ្វើយ៉ាងណាឲ្យ ការព្យាបាល​អ្ន​ក​ជំងឺ​ មាន​គុណ​​ភាព​ និងគ្មានការរើសអើង ។

លោកថា៖«ប៉ុន្តែដើម្បីជៀសវាងកុំឲ្យការប្រមាថ របស់មនុស្សហ្នឹងវាត្រឹមត្រូវ វាទាល់តែយើងពង្រឹង នូវសីលធម៌របស់យើង ត្រូវស្រឡាញ់អ្នកជំងឺ ត្រូវយកចិត្តទូកដាក់អ្នកជំងឺគិតអ្នកជំងឺជាសំខាន់»។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថា ការរិះគន់ក្រសួងសុខាភិបាល បានស្ង​ប់ស្ងា​ត់​តាំ​ងជាង២ឆ្នាំ ក្រោយពីមានលិខិតឆ្លើយឆ្លង រវាងអ្នករិះគន់ និងក្រសួង។ ប៉ុន្តែលោកថា អ្វីដែល ​មេដឹកនាំប្រតិកម្មជាថ្មីទៀត នៅ​ពេលនេះ ទំនងជាចង់​ទាក់ទាញ​ប្រជា​ប្រិ​យភា​​ព ពី​កា​រធ្វើកំ​ណែ​​​ទម្រង់ ឲ្យកម្មករ មន្ត្រីរាជការ ប្រើសេវាព្យាបាលឥតគិតថ្លៃ តា​មរយៈបេឡាជាតិ​ របបសន្តិសុ​​ខស​​ង្គម។

បើតាមលោក សន ជ័យ ការពង្រឹងសមត្ថភាព ក្រមសីលធម៌ និងវិជ្ជាជីវៈគ្រូពេទ្យ ជារឿងមួយ ប៉ុន្តែថា បើរដ្ឋាភិបាលមិន​ ទម្លា​ក់លុ​​​​យឲ្យ​ក្រសួង ប្រើការបានគ្រប់គ្រាន់ទេ សេវាព្យាបាលនៅ​កម្ពុជា នៅតែរងការរិះគន់ថា មិនអាចប្រៀបធៀប ជាមួយប្រទេស​ជិត​ខា​ងបាន។

លោកថា៖«ខ្ញុំឧទារណ៍ថា បើឥរិយាបថ គ្រូពេទ្យល្អហើយ យើងមានការខ្វះខាត ផ្តល់នូវឱសថ ដែលមានគុណភាព គឺជាចំ​ណុច​មួយ​ ដែ​ល​ត្រូវបំពេញបន្ថែមដែរ»។

របាយការណ៍ក្រសួងទេសសចរណ៍បង្ហាញថា ក្នុងឆ្នាំ២០១៦ពលរដ្ឋ​កម្ពុជា​ដល់​ទៅ ១លាន៤​សែន​នាក់ បាន​ធ្វើ​ដំ​ណើ​រ​ទៅ​ក្រៅ​ប្រទេស ក្នុង​គោល​ដៅ​ដើរ​លេង​កម្សាន្ត និង​ទៅ​ស្វែង​រក​សេវា​ព្យាបាល​នៅ​ក្រៅ​ប្រទេស។ ក្រសួ​ងថា​ជាមួ​យនឹងដំណើរ​បែប​នេះ ទឹក​ប្រាក់​ប្រហែល ៦០០​លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា ត្រូវ​បាន​ព​លរដ្ឋ​កម្ពុ​​ជា​ចំណាយ​សម្រាប់​ដំណើរ​របស់​ពួកគេ​ទៅ​ក្រៅ​ប្រទេស៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required