មេដឹកនាំ​ប្រទេស​តំបន់​ទន្លេ​មេគង្គ​គ្រោង​ជួប​ប្រជុំ​គ្នានៅ​សៀមរាប​​ក្រោយ​ជំនួប​នៅ​ហាណូយ

រូបភាព៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ហ្វេសប៊ុក)

ក្រុម​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាង​ទន្លេ​មេគង្គ គ្រោង​ជួប​ពិភាក្សា​គ្នា​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​សប្ដាហ៍​នេះ មិន​ដល់​មួយ​សប្ដាហ៍​ផង​ក្រោយ​ពី​កិច្ច​ប្រជុំ​កំពូល​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​នៅ​ទីក្រុង​ហាណូយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​ការបរទេស​កម្ពុជា បាន​ឲ្យដឹង​ថា នាយករដ្ឋ​មន្ត្រី​ឡាវ លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋ​មន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា និង​នាយករដ្ឋ​មន្ត្រី​វៀតណាម លោក ង្វៀន សួនហ៊្វុក ព្រម​ទាំង​តំណាង​រដ្ឋាភិបាល​ចិន និង​ភូមា គ្រោង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​គណៈកម្មការ​ទន្លេ​មេគង្គ​លើក​ទី ៣ នៅ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​៥ ខែ​មេសា​នេះ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ ក្រុម​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ គ្រោង​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម ដែល​ក្រសួង​ការបរទេស​ថា ដើម្បី​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​ផ្នែក​នយោបាយ​កម្រិត​ខ្ពស់​របស់​មេដឹកនាំ​ប្រទេស​ទាំង​នេះ។

ក្រៅ​ពី​កិច្ច​ប្រជុំ​កំពូល​ហើយ ក្រុម​មេដឹកនាំ​បណ្ដា​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ និង​អគ្គលេខាធិការ​អាស៊ាន​ថ្មី លោក លឹម ចូកហួយ ក៏​គ្រោង​ជួប​ជជែក​ដាច់​ដោយ​ឡែក​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ។

ក្រុម​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ បាន​ជួប​ប្រជុំ​គ្នា​ជា​ថ្មី​ទៀត មិន​ដល់​មួយ​សប្ដាហ៍​ផង បន្ទាប់​ពី​ជំនួប​របស់​ពួកគេ​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​នៃ​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​នៅ​ទីក្រុង​ហាណូយ កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ