អាជ្ញា​ធរ​ខេត្ត​កោះ​កុង​​ដកហូត​រូប​ភាព​អ្នកជាប់ឃុំដែលបិទនៅអង្គការសិទ្ធិ​មនុស្ស​

ផ្ទាំង​រូប​ភាពសុំ​ឲ្យ​ដោះ​លែង​​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក៤រូប​ដែលកំពុង​​ជាប់​ពន្ធ​នាគារ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះ​កុង​ចុះ​ទៅ​ដក​ចេញ​ពី​ទី​ស្នាក់​ការ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក និង​អង្គការ​ពីរ​ទៀត ដោយ​អះ​អាង​ថាពួកគេ​បាន​ដាក់​ផ្ទាំង​រូប​ភាព​ដោយគ្មាន​ការ​អនុញ្ញាត្តិ។

អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តកោះកុង លោក ញៀប សំអឿន បាន​ឲ្យ​វី​អូ​ឌី​ដឹង​ថានៅព្រឹក​ថ្ងៃ​ទី​០២ ឧសភា នេះមន្ត្រី​សមត្ថកិច្ចមកពី​សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមភូមិន្ទ​ចំនួន​៤នាក់​បាន​​ចុះ​ទៅ​ដក ​បដារូបភាពសុំ​ឲ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក អគ្គលេខាធិការ​រង​គ.ជ​.ប និង អ្នក​​ស្រី​ទេព​ វណ្ណី ពី​មុខ​ទីស្នាក់​ការ​សមាគមអាហុក ​អង្គការលីការ​ដូ និង​អង្គការ​មាតា​ធម្មជាតិ​​ ដោយ​សមត្ថកិច្ច​ទាំង​នោះអះ​អា​ង​ថា​ការ​បិទ​រូបភាព​នេះ​គឺ​មិន​បាន​សុំ​ការ​អនុញ្ញាត្តិពី​ខ្លួន​។​ លោក​ចាត់​ទុក​ថានេះ​គឺ​ជា​ការ​រំលោភសិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​អ្នក​ការពារសិទ្ធិ​មនុស្សពី​សំណាក់​អាជ្ញាធរមាន​អំណាច​។

លោកថា៖ «យើង​គិត​ថា​ការ​ចូល​រួម​ដោយ​ការ​បញ្ចេញ​មតិ​ដោយ​សន្តិវិធី​នេះ​គឺពុំ​មាន​ច្បាប់​ចែង​ត្រូវ​តែ​សុំ​អនុញ្ញាតឲ្យពីអជ្ញា​ធរ​មាន​សមត្ថកិច្ច​នោះ​ទេ ហើយ​មែន​ទែន​ទៅ​គឺ​យើង​គ្រាន់​តែ​តស៊ូ​មតិ​ដោយ​សន្តិវិធីនៅ​ក្នុង​ប្រទេស​ដែល​កាន់​លិទ្ធិ​ប្រជា​ធិបតេយ្យ​ដូច​កម្ពុជា​នេះ​ទេ។ អញឹង​យើង​ចង់​ចូល​រួម​ចំណែកលើក​កំពស់​សិទ្ធិ​សេរីភាពរបស់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ចួល​រួម​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ជួប​ប្រជុំក្នុង​ការ​ចូល​រួម ហើយ​នឹង​សេរីភាព​នៃ​ការតស៊ូ​បញ្ចេញ​មតិ​នោះឲ្យ​បាន​ខ្ពស់ដែរ​កុំ​ឲ្យ​ពួក​គាត់​ចេះ​តែ​នឹក​ឃើញ​អញ្ចឹង អ្វី​ៗ​គាត់​ចេះ​តែ​ថា​សុំ​ៗ​ៗ​ៗរហូតដោយ​គ្មាន​គោល​ការណ៍ច្បាប់​កំណត់​អញ្ចឹង​វា​ហាក់​ដូច​ជា​រំលោភ​សិទ្ធិ​យើង​ហ្នឹង​ធ្ងន់​ធ្ងរ​ពេក»។

លោក ញៀប សំអឿន ​ថា​ផ្ទាំង​រូបភាព​ទាំង​នោះ​បាន​បិទ​មុខ​ទីស្នាក់​ការ​អង្គការ​ទាំង៣​នោះ​តាំងពី​ចុង​ឆ្នាំ​២០១៦ ដោយ​ពុំ​មាន​បញ្ហា​អ្វី​នោះ​ទេ ទើប​តែ​ចាប់​មាន​បញ្ហានៅ​ថ្ងៃ​នេះ​ប៉ុណ្ណោះ។

ស្នងការ​នគរបាល​ខេត្ត​កោះ​កុង​លោក សំ ឃិតវៀន ថា​លោក​មិន​បាន​ដឹង​ពី​ការ​ចុះ​ចាប់​​ដក ផ្ទាំង​រូប​ភាព​នោះ​ទេ តែ​លោកបាន​ការ​ពារ​ការ​អនុវត្តន៍​របស់​ថ្នាក់​ក្រោម​ខ្លួន​ថាត្រឹមត្រូវ និង​​បន្ទោសទៅ​ដល់​អង្គការ​ទាំង​នោះ​ថាមិន​បានសុំ​អាជ្ញាធរនៅពេល​ដាក់​ផ្ទាំង​រូបភាព​ទាំង​នោះផង​។

លោក​ថា៖ «មិន​អញ្ចើ​ញ​ទៅ​សួរ​ខាង​អជ្ញាធរ​ហេតុ​មិចមក​សួរ​ខ្ញុំ​វិញ? … ហើយ​ចុះ​មូលហេតុអីគ្រាន់​តែ​ចង​បដា​មិច​មិន​ជម្រាប​ដល់​អជ្ញាធរ​គេ​បន្តិច​ទៅ​​! … ខ្ញុំ​ឆ្ងល់​ថា​ហេតុ​អី​លោក​នៅ​ភ្នំពេញ​បាន​ដឹង​ថា​គេ​ចង​តាំង​ពី​ចុង​ឆ្នាំ​២០១៦? អើបើ​ថា​ឮគេ​ប្រាប់​កុំ​ជឿ​តាម​គេ​ពេក!»។

អ្នកប្រឹក្សាឯករាជ្យ​ផ្នែកសិទ្ធិមនុស្ស លោក សួន ប៊ុនស័ក្តិ យល់ថា​នេះ​ជា​ការ​គំរាម​កំហែង​ទៅ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ​ ឬ​សមាគម អង្គការ។ លោក​លើក​ឡើង​ថា រាល់​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​អ្វី​មួយ​ប្រជាពល​រដ្ឋ​គ្រប់​រូប​គឺ​មាន​សិទ្ធិ​ក្នុងការ​បញ្ចេញ​មតិ ការ​មិន​ពេញ​ចិត្ត​របស់​ខ្លួនតាម​រយៈរូបភាព​សន្តិវិធីណា​មួយ​បានដោយគ្មាន​ការ​រារាំង។

លោក​ថា៖ «វា​ដូច​ជា​ការ​បង្ហាញ​មួយ​នូវ​ការរឹតត្បិត នៃសេរីភាពនៃ​ការ​សំដែង​មតិខុសពីធម្មតាបន្តិច​រឿង​ហ្នឹង​ ព្រោះ​ថាការ​សំដែង​មតិ​ពេល​ខ្លះ​ជា​ការពិត​ហើយ​វា​ត្រូវ​ការសុំ​ច្បាប់​ឧបមា​ថា​យើងជួប​ជុំ​គ្នា​ជា​រួម​តាម​កន្លែង​សាធារណៈធំ​ៗ​។ ក៏​ប៉ុន្តែ​ការ​សំដែ​ងមតិ​ខ្លះ​នោះ​កាល​ណាវា​ជា​រូប​ភាពជា​ស្ថានភាព​អី្វដែល​មិន​មែន​ជា​ការ​គ្រោះ​ថ្នាក់​ដល់​សង្គម​ដល់​ជាតិ​គេ​គឺ​គេ​អាច​ធ្វើជា​ការ​សំដែង​ធម្មតា​ដោ​យ​មិន​ចាំ​បាច់​បង្ហាញ​អ្វី​ទេ ឧទាហរណ៍​ថា​យើង​ទៅ​និយាយ​នៅ​ក្នុ​ងទី​ធ្លាសារណៈអញ្ចឹង​ទៅ។ ដូច្នេះចំណុច​នេះ ខ្ញុំ​គិត​ថា​វា​ជា​ការ​រឹត​ត្បិត​លើស​ពីធម្មតាដែ​ល​អជ្ញាធរមាន​សមត្ថកិច្ច​មិន​គួ​រធ្វើ»។

​គួរ​បញ្ជាក់​ថា​ការ​ដក​បដា​ទាម​ទារ​ឲ្យ​ដោះ​លែង​​មន្ត្រី​អាដហុក​ និង​អគ្គលេខា​ធិការ​រង​ គជប ដែល​ជាប់​ឃុំ​នេះគឺ​ធ្វើ​ឡើង​ស្រប​ពេល​​មួយ​ឆ្នាំ​នៃ​ការ​​ឃុំ​ខ្លួនពួកគេពី​សំណាក់​តុលាការរាជធានីភ្នំពេញ។

មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក៤នាក់ មាន លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី រួមទាំងមន្ដ្រី គ.ជ.ប ម្នាក់ទៀត លោក នី ចរិយា ត្រូវតុលាកា​រ​សម្រេច​ឃុំខ្លួន​បណ្តោះ​អាសន្ននៅ​ពន្ធនា​គារ​ព្រៃ​ស ជាងមួយឆ្នាំហើយ ដោយចោទប្រកាន់ពីបទ «សូកប៉ាន់​សាក្សី» ទាក់ទិន​សំណុំ​រឿងដ៏​ចម្រោ​ង​ច​​ម្រាស់មួយ ​ពាក់ព័ន្ធនឹងកញ្ញា ខុម ចាន់តារាទី ហៅ “ស្រីមុំ” តែតុលាការរកមិនឃើញភស្តុតាងគ្រប់គ្រាន់ដើម្បីកាត់ទោសនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ