បទយកការណ៍៖ ទិវាពលកម្មអន្តរជាតិឆ្នាំនេះឡោមព័ទ្ធដោយកម្លាំងសមត្ថកិច្ច

ដោយ លោក ណាត សុភាព​​ | ថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 3:13 PM | បទយកការណ៍ | 0 | 3267

ថ្ងៃទី១ខែឧសភា ខួ​ប​លើ​ក​ទី១៣១​ ឆ្នាំ២០១៧នេះ ជាថ្ងៃទិវាពលកម្មអន្តរជាតិ។ ជារៀងរាល់ឆ្នាំ នៅថ្ងៃ​១​ឧសភា​នេះ ត្រូវ​បាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សហជីព កម្មករ កម្មការិនី បានកំណត់​យកជា​ប្រធាន​បទ​សំខាន់មួយ ដោយ​ស្នើ​ទៅ​ស្ថាប័នរដ្ឋ សុំជួបជុំគ្នា ដើរដង្ហែ​ក្បួន​ដាក់​ញត្តិ​នៅ​ស្ថា​ប័ន​រដ្ឋ​សភា​ និង​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​ឲ្យ​ជួយ​ដោះ​ស្រាយ​ពីទុក្ខកង្វល់មួយចំនួន ដែល​ពួកគេជួបបញ្ហា​ប្រឈម កាលពីឆ្នាំចាស់ និង​ពេល​បច្ចុប្បន្ន​។

អ្វីដែលគួរឲ្យកត់សំគាល់នៅថ្ងៃទី១ឧសភា ឆ្នាំ២០១៧នេះ មិនដូចឆ្នាំមុនៗនោះទេ ដោយ​រដ្ឋាភិបាល​បានពង្រាយ​សមត្ថ​កិច្ច​រាប់​សិប​នាក់​​ ដៃកាន់ដំបងឆក់ ខែល កំាភ្លើង ឲ្យឈរនៅ​តាម​គោល​ដៅ​ផ្សេងៗ​គ្នា ចាប់​ពីម្តុំស្ថានទូតរុស្ស៊ី រហូតក្បែរស្ថាប័នរដ្ឋសភា និងដាក់របំាងដែកឃាំផ្លូវមិនឲ្យក្រុម​មន្ត្រីអង្គ​ការ​សង្គមស៊ីវិល សហជីព និង​កម្ម​ករ កម្មការិនីរាប់ពាន់នាក់ ហែក្បួនទៅរដ្ឋសភានោះទេ ដោយអះអាងថា ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិ​សុខ​សណ្តាប់​ធ្នាប់។​

លើសពីនេះទៀត សាលារាជធានីភ្នំពេញបាន​​ចេញ​បម្រាម​មិន​អនុញ្ញត​ឲ្យ​ក្រុមស​ហព័ន្ធ​សហជី​ព​និងសមាគម ដែលធ្វើការលើវិស័យការងារ ធ្វើការ​ហែក្បួន​នៅថ្ងៃ​ទិវា​ពល​កម្មអន្តរ​ជាតិ​១ឧសភា​នោះទេ ប៉ុន្តែប្រាប់ឲ្យក្រុមអ្នករៀបចំទាំងនោះ អាចបា្ររព្ធនិង​ជួបជុំនៅ​ក្នុងបរិវេណ​ពហុកី​ឡា​ដ្ឋាន​ជាតិ​អូឡាំ​ពិកវិញ ខណៈពួកគេស្នើសុំជួបជុំគ្នានៅម្តុំវត្តភ្នំ និងដើរហែក្បួនទៅរដ្ឋសភា​។

ទោះជាយ៉ាងណា នៅថ្ងៃ១ឧសភា​ មន្ត្រីសង្គមស៊ីវិល សហជីព កម្មករ នៅតែប្រមូលផ្តុំគ្នា​ ដោយ​ទៅ​ជួបគ្នានៅក្បែរស្ថានទូតរុស្ស៊ី តែត្រូវបានសមត្ថកិច្ចរារំាងមិនឲ្យហែក្បួនទៅរដ្ឋសភានោះទេ ទោះ​ជា​បែប​នេះក្តី ពួកគេបាន​យកញត្តិប្រគល់​ដល់​ដៃតំ​ណាង​​រាស្ត្រ តាមកា​រ​គ្រោ​ងទុក ដោយជំរុញឲ្យប​ញ្ឈប់ការ​ប្រើ​កង​កម្លាំង និងតុលាការ គាបសង្កត់ អ្នក​តស៊ូ​​មតិ ទា​មទា​រ​​ល​​​ក្ខ​ខណ្ឌ​​​​​​ការងារ។

ឈរក្បែរចិញ្ចើមផ្លូវ ដៃកាន់បដា លោក កុង ពេជ្យរស្មី​ បាននិយាយប្រាប់អ្នកសារព័ត៌មាន​ថា កាលដែល               សម​ត្ថកិច្ច​​រារំាងនិងបិទផ្លូវម្តុំស្ថានទូតរុស្ស៊ី មិនឲ្យពួកគេហែក្បួនទៅស្ថាប័នរដ្ឋសភា គឺជា​បិទ​សិទ្ធិ​សេរី​ភាព​បញ្ចេញ​​​មតិ។

លោក​​និយាយថា «ខ្ញុំធ្លាប់ចុះ ធ្លាប់ធ្វើសកម្មភាពជាមួយខាង​អង្គការផ្សេងៗ គឺគាត់មានការរិតត្បិត មាន​ការ​គាប​សង្កត់តែរហូត និយាយរួមខាងអាជ្ញាធរ គេមិនចង់ឲ្យយើងដាក់ញត្តិ មិនចង់​ឲ្យយើ​ង​ធ្វើ​សកម្មភាព ដោយ​សារគាត់នឹកឃើញថាធ្វើទៅខ្លាចបាក់មុខ បាក់មាត់របស់​រដ្ឋាភិបាលកាន់អំណាចរាល់ថ្ងៃ​ខ្ញុំមើល​ទៅ​ដូច​អត់មានលទ្ធិប្រជាធិបតេយ្យពិប្រាកដទេ គឺមានការ​រំាស្ទះគ្រប់កន្លែង»។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា ដែលតាម​ដាន​ករណី​នេះ លើកឡើងថា ការរាំងនេះ បានប៉ះពាល់មុខមាត់រដ្ឋាភិបាល ខណៈកម្ពុជា​ប្រ​កាស​​​ថា ​គោរ​ពល​ទ្ធិប្រជា​ធិប​តេយ្យ។

លោក មឿន តុលា ជំរុញឲ្យអាជ្ញាធរ គួបំពេញតួនាទី តាមគោលការណ៍ច្បាប់ ជាជាងបង្ហាញសាច់ដុំ គំ​រាម​ដ​ល់​​សេរីភាពបញ្ចេញមតិដោយសន្តិវិធី ដែលប្រាសចាកពីស្មារតីរដ្ឋធម្មនុញ្ញនោះ។

ក្នុងទិវាពលកម្មអន្តរជាតិ១ឧសភានេះ កម្មករយ៉ាងតិច៩វិស័យ មានវិស័យកាត់ដេរ ដេរស្បែកជើង សេ​ដ្ឋកិ​ច្ច​ក្រៅ​ប្រព័ន្ធ ចំណីអាហា បរិស្ថាន និងវ័យសំណង់ជាដើម ពួកគេជួប​ជុំគ្នា ដើម្បី​ថ្លែងពី​ទុក្ខ​លំបាក​របស់ពួកគេ និងស្វែងរកដំណោះស្រាយពីស្ថាប័នរដ្ឋសភា និងរដ្ឋាភិបាល​។

ក្នុងញត្តិទាមទាររួមរបស់សហភាពការងារកម្ពុជា ក្នុង​ឱកាសទិវាពលកម្មអន្តរជាតិ ១ឧសភាខួ​ប​លើ​ក​ទី១៣១​ ឆ្នាំ២០១៧នេះ មានខ្លឹមសារថា កម្មករ កម្មការិនីទូទំាងប្រទេសស្នើទៅរដ្ឋាភិបាល និងរដ្ឋសភា ជួយអន្តរាគមន៍ទៅថៅកែរោងចក្រ ដោយកំណត់ប្រាក់ឈ្នួលអប្បរមា២០៧ដុល្លារ​ក្នុងមួយខែជូនកម្មក​រ​និយោ​​ជិតវិស័យកាត់ដេរ និងដេរស្បែកជើង និង២៥០ដុល្លារសម្រាប់មន្ត្រីរាជការ កម្មកករសំណង់ ទេស​ចរណ៍​ សេវាកម្ម និងវិស័យមួយចំនួនទៀត​។

កម្មការិនី ឆុំ ស៊ីនឿន​ បានរៀប​រាប់ប្រាប់អ្នកយកព័ត៌មាននៅម្តុំស្ថានទូតរុស្ស៊ី ដោយ​​ត្រៀមហែក្បួន​យកញ​ត្តិ​ដាក់​​​ទៅ​រដ្ឋស​ភានៅព្រឹកថ្ងៃទី១ឧសភានេះ​ថា ពួកគេ​រាប់ពាន់នាក់ប្រមូលផ្តុំគ្នា​នៅក្នុង​ថ្ងៃទិវា​ពល​កម្ម​អន្តរ​ជាតិ ដើម្បីយកញត្តិ​ដាក់​​ទៅរដ្ឋសភា​ និងអំពាវនាវទៅរដ្ឋាភិបាលជួយ​កំណត់​ប្រាក់​ខែ​ឲ្យ​ពួក​គេ​ឲ្យ​បាន​​សម​រម្យ ដើម្បីទ្រទ្រង់​ជីវ​ភាព​​គ្រួសារ​។

កម្មការិនីអំពាវនាវថា «បើប្រាក់ខែ១០០ជាង ២០០ក៏ដោយ​ទប់អត់គ្រាន់ទេ ព្រោះ​អីវ៉ាន់ឡើង​ថ្លៃ​ណាស់ នៅថ្លៃផ្ទះជួល ថ្លៃស៊ីចាយ ដូចជាមានខោ អាវ ស្លៀកពាក់សូម្បីតែប្រាក់ខែ ខ្លួនខ្ញុំមួយអត់គ្រាន់ទេ នៅផ្គត់ផ្គង់គ្រួសារច្រើនទៀតនោះ អ្នកមានគ្រួសារ​ច្រើន​ បងប្អូនច្រើនក៏ទប់អត់ជាប់ដែរ ដ៏អញ្ចឹងគាត់ត្រូវ​ទាមទារឡើង​[ប្រាក់ខែ]»។

កម្មការិនី ស៊ីនឿន​ បានឲ្យដឹងទៀតថា ពួកគេទំាងអស់គ្នារាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅក្នុងថ្ងៃ​ទិវាពល​កម្ម​អន្តរ​ជាតិ ១ឧសភា ខួ​ប​លើ​ក​ទី១៣១​ ឆ្នាំ២០១៧នេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាល​ជួយអន្ត​រាគមន៍​ទៅ​ថែ​​កៅ​​រោងចក្រគោរពសិទ្ធិកម្មករផង​ដែរ។

ឈរក្បែររបងស្ថានទូតរុស្ស៊ី កម្មការិនី ស៊ិន ផល្លែន​ បានរៀប​រាប់ថា  ការងារ​នៅក្នុងរោង​ចក្រត្រូវបាន​ថៅកែ​ភាគច្រើ​ន​រិត​ត្បិត​សេរី​ភាព​កម្មករ ក្នុងការទារទាម​លក្ខ     ខ័​ណ្ឌ​ការងារឲ្យបានសមរម្យ។ កញ្ញថា រោង​ច​ក្រ​ខ្លះ​​បង្ខំឲ្យ​ពួកគេ​ធ្វើការ​លើស​ម៉ោ​ង ដោយថាបើពួកគេមិន​ធ្វើ​តាម​ទេថៅ​កែនិង​បញ្ចប់​កិច្ច​សន្យា​ពួក​គេ​ផង​ដែរ​។

កញ្ញានិយាយថា «គេស្តីឲ្យយើងថា យើងអត់ថែមម៉ោង ជួនកាលដល់អាណត្តិ គឺអត់តអាណត្តិឲ្យ គេហៅថាពាក្យបង្ខិតបង្ខំឲ្យការងារគេចេញឲ្យលឿន ហើយជួនកាលយើងឈឺ យើងនៅផ្ទះមានរវល់ ក៏គេនៅតែបង្ខំយើង»។

តំណាងរាស្រ្តមកពីគណបក្សប្រជាជន និងជាអនុប្រធានគណៈកម្មការទទួលពាក្យបណ្តឹង អង្កេត និង​ទំនាក់​​​ទំនងរដ្ឋសភា ព្រឹទ្ធសភា លោកស្រី ឡោ ខេង ដែលចេញទទួលញត្តិពីកម្មករបានសន្យាថានឹង​យក​ញត្តិ​​បញ្ជូនទៅប្រធានរដ្ឋសភាឲ្យជួយអន្តរាគមន៍ដល់រដ្ឋាភិបាល គិតគូរ​ប្រាក់​ខែ​កម្ម​ករ​ឡើង​វិញ​។

លោកស្រីសន្យាថា «ក្នុងនាមជាឪពុកម្តាយ ខ្ញុំនឹង​ពំានាំយកទៅជូនសម្តេចប្រធានរដ្ឋសភា ដើម្បីផ្ញើជូន​ទៅ​សម្តេច​នាយក​រដ្ឋមន្ត្រី ហើយខ្ញុំសង្ឃឹមថា យើងនឹងបានប្រាក់ខែឡើងជាបន្តបន្ទាប់​ទៅ​តាម​ការ​អភិ​វឌ្ឍន៍របស់​ប្រទេសជាតិយើង​»។

អគ្គ​លេខាធិកា​រ​សម្ព័ន្ធសហជីពស៊ីកៅ​ឌូ  លោក ឯក សុភក្តី បានថ្លៃងថា បើរដ្ឋសភានិងរដ្ឋាភិបាលមិន​គិតគូដល់កម្មករ កម្មការិនី ដែលកំពុង​ជួបបញ្ហាប្រឈមពីការរំលោភសិទ្ធិ និងការកេប្រវ័ញ្ចកំលំាង​ការងារ​ ពីថៅកែរោងចក្រ ដោយមិនផ្តល់ប្រាក់ខែសមរម្យឲ្យពួកគេទេ នោះពួកគេនឹងពិចារណា​ជ្រើស​រើសថ្នា​ក់ដឹ​ក​នាំថ្មី​​នៅអាណត្តិក្រោយនេះ។

លោកថ្លែងថា «រដ្ឋាភិបាលក្នុងនាមជាឪពុកម្តាយរបស់យើង​រដ្ឋសភាជាតិ ក្នុងនាមជាអ្នកតាក់តែងច្បាប់​ ប៉ុន្តែពិនិត្យមើល​ការ​រស់នៅ ពិនិត្យមើលទៅលើលក្ខខ័ណ្ឌការងារបើកម្មករពួកគេកំពុង​ជួបបញ្ហា​ទំាង​អស់​នោះ មិនអាច​ទៅ​អង្គុយ[ក្នុងសភា]ហើយ ព្រងើយកន្តើយនឹងការឈឺចាប់វេទនារបស់កម្មករ គាត់ត្រូវ​គិត​ឡើង​វិញ យើងត្រូវ​ការ​រដ្ឋាភិបាលល្អ យើងត្រូវការឪពុកម្តាយ​ល្អ បើសិន​ជាល្អយើ​ង​ស្រលាញ់​ យើង​គោរព យើងគំាទ្រជារៀង​រហូត​​ ប៉ុន្តែបើសិនជាមិនធ្វើឲ្យយើងគោរពទេ យើងនឹង​ពិចារ​ណា​ទំាង​អស់គ្នា​»។

កាលពីចុងឆ្នំា២០១៦ រដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ថែម៥ដុល្លារទៀតលើប្រាក់ខែកម្មករ ១៤៨​ដុល្លារ​ ដែល​​​ធ្វើឱ្យ​ប្រាក់​ខែកម្មករ សម្រាប់ឆ្នាំ២០១៧ ឡើងដល់១៥៣ដុល្លារ។​  នេះបើតាម លោក អ៊ិត សំហេង រដ្ឋ​មន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លើសពីនេះទៀត ក្នុងទិវាពលកម្មអន្តរជាតិនោះ ប្រធានសភាពការងារកម្ពុជា លោក អាត់ ធន់ បាន​លើក​ឡើង​ថា ច្បា​ប់សហ​ជីព​ដែ​ល​រដ្ឋសភាបានអ​នុម័តដាក់​ឲ្យ​ប្រើ​ប្រា​ស់ជាង១មួយឆ្នាំមកនេះ លោក​ថា​មាន   ជា​ង​​១​០​​មាត្រា ​រារាំ​ងដ​ល់​សេ​​រីភាពបង្កើតសហជីព និង​ការ​​ធ្វើសកម្មភាពទាមទារលក្ខខណ្ឌការងារ។​លោ​កស្នើឲ្យរដ្ឋសភា​ធ្វើវិសោធន​កម្មច្បា​ប់នោះ​ឡើងវិញ។

លោក អាត់ ធន់ លើកឡើងទៀតថា សកម្មភាពទាមទារលក្ខខណ្ឌខ្លះ ត្រូវបានក្រុមហ៊ុនខិលខូចមួយចំនួន ប្រើ​កងកម្លាំង និ​​ង​​​តុលា​​ការ​គំរាមមន្ត្រីសហជីពទៀតផង ។

លោកថា៖ «យើងដឹងហើយថា ថ្នាក់ដឹកនាំសហជីព កម្មករនិយោជិត កន្លងមកយើងប៉ះទង្គិច​ជាមួយជើ​ងកា​ង​រោងច​ក្រ ជាមួយថៅកែក្រុមហ៊ុនខូច ជាមួយអាជ្ញាធរខិលខូចមួយចំនួន និងមន្ត្រីមួយចំនួន ចាប់ដា​ក់គុ​ក​ដា​ក់​ពន្ធនាគារ ប្តឹងទៅតុលាការ បញ្ឈប់ពីការងារទាំងអយុត្តិធម៌ តើបងប្អូនឈឺចាប់ទេ?»។

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required