ក្រសួង​មហាផ្ទៃ​បង្កើតគណៈ​កម្មការ​ពិនិត្យ​ភាព​ត្រឹមត្រូវនៃ​ស្នាមមេដៃ​ដាក់ថ្វាយព្រះមហាក្សត្រ​

ញត្តិរបស់គណបក្ស​សង្រ្គោះជាតិ​ ពេល​ដង្ហែទៅ​ថ្វាយព្រះមហាក្សត្រ​​កាល​ពីពេល​កន្លងទៅ

ក្រសួងមហាផ្ទៃបានសម្រេចបង្កើតគណៈកម្មការស្រាវជ្រាវនិងធ្វើកោសល្យវិច្ច័យមួយ ដើម្បីពិនិត្យស្នាមមេដៃរបស់ប្រជាពលរដ្ឋនៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ ក្រោយពីរដ្ឋាភិបាលបានបញ្ជាឲ្យពិនិត្យភាពត្រឹមត្រូវនៃស្នាមមេដៃទាំងនេះ។

កាលពីដើមសប្តាហ៍នេះតំណាងរាស្ត្រគណបក្សប្រឆាំង បានហែញត្តិដោយថាមានស្នាមមេដៃពលរដ្ឋជាង១៧ម៉ឺននាក់ ដើម្បីស្នើសុំព្រះមហាក្សត្រអន្តរាគមន៍ដោះលែងមន្រ្តីសិទ្ធិមនុស្ស៤នាក់ មន្រ្តី គ.ជ.ប ម្នាក់ តំណាងរាស្ត្រគណបក្សប្រឆាំងចំនួន២រួប និងសកម្មជននយោបាយជាង១០នាក់ទៀត ព្រមទាំងសុំបញ្ឈប់ការតាមចាប់ខ្លួន លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។ ប៉ុន្តែរដ្ឋាភិបាលបានឲ្យក្រសួងមហាផ្ទៃធ្វើការស្រាវជ្រាវឲ្យបានហ្មត់ចត់បំផុត ដោយថាជៀសវាងការប្រើប្រាស់ស្នាមមេដៃបោកប្រាស់ទៅលើរាស្ត្រ ក៏ដូចជាព្រះមហាក្សត្រ។

នៅក្នុងសេចក្តីសម្រេចមួយរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០២ ខែមិថុនា គណៈកម្មការស៊ើបអង្កេតនេះមាន នាយឧត្តមសេនីយ៍ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាប្រធាននិងសមាជិកចំនួន៥រូប ព្រមទាំងស្នងការខេត្តមួយចំនួនទៀត។ បើតាមសេចក្តីសម្រេច គណៈកម្មការស្រាវជ្រាវនិងធ្វើកោសល្យវិច័្ចយនេះ មានតួនាទីធ្វើកោសល្យវិច្ច័យស្នាមមេដៃនៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ ចុះស្រាវជ្រាវផ្ទាល់ពីប្រជាពលរដ្ឋខ្មែរដែលបានផ្តិតមេដៃ ចាត់វិធានការជំនាញផ្សេងទៀតតាមនីតិវិធី ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃស្នាមមេដៃនិងធ្វើរបាយការណ៍ជូនក្រសួងមហាផ្ទៃដើម្បីពិនិត្យសម្រេច។

ក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅទីស្នាក់ការបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ប៉ុល ហំម ប្រធានគណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះជាតិ  មានប្រសាសន៍ថាគណបក្សសង្គ្រោះជាតិស្វាគមន៍ឲ្យមានការធ្វើកោសល្យវិច្ច័យទៅលើស្នាមមេដៃដែលគណបក្សប្រមូលបាន។ លោកថា៖ «ចង់ធ្វើកោសល្យវិច្ច័យគ្រាន់តែប្រាប់គណបក្សសង្គ្រោះជាតិមកថាចង់បានមនុស្សប៉ុន្មានម៉ឺននាក់មកឆ្លើយទូលព្រះមហាក្សត្រ នៅមុខវាំងក៏បាន នៅកន្លែងណាក៏បាន ១០ម៉ឺនក៏បាន ២០ម៉ឺនក៏បាន លើសពីសំឡេងញត្តិហ្នឹងក៏បានដែរ»

គួរបញ្ជាក់ថាកាលពីថ្ងៃពុធ ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថាខ្លួនអាចអញ្ជើញប្រជាពលរដ្ឋពីបណ្តារាជធានី-ខេត្តនានា ដែលបានផ្តិតមេដៃគាំទ្រញត្តិសុំព្រះរាជ្យអន្តរាគមន៍ពីព្រះមហាក្សត្រលើករណីនយោបាយនោះ ឡើងមកភ្នំពេញបាន បើសិនជាចាំបាច់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ