លោក ហ៊ុន សែន បង្ហោះ​ប្រតិកម្ម​​ឡើង​វិញ ក្រោយ​អ្នកប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​លុប​ចោល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីរសៀលថ្ងៃម្សិលមិញបានបង្ហោះឡើងវិញនូវប្រតិកម្មរបស់លោកទៅនឹងអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Phạm Đức Hiển ដែលបានចោទប្រកាន់លោកថា «ក្បត់វៀតណាម»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចដូច្នេះ បន្ទាប់ពីអ្នកប្រើប្រាស់ហ្វេសប៊ុករូបនោះបានលុបចោល comment របស់ខ្លួនមួយថ្ងៃក្រោយពីមេដឹកនាំកម្ពុជារូបនេះបានឆ្លើយតបទៅវិញជាមួយប្រតិកម្មធ្ងន់ៗ។

កាលពីថ្ងៃទី៣១ ខែកក្កដា ប្រមុខរដ្ឋាភិបាលកម្ពុជាបានបង្ហោះសារនិងរូបភាពនៅលើទំព័រហ្វេសប៊ុករបស់លោក ដែលនិយាយអំពីការប្រគល់រង្វានដល់ជយលាភីនៃកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា»។ បន្ទាប់មក អ្នកប្រើប្រាស់ហ្វេសប៊ុក Phạm Đức Hiển ដែលជាឈ្មោះវៀតណាមបានចូលទៅដាក់ comment ថា «លោក ហ៊ុន សែន ក្បត់វៀតណាម»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបទៅវិញថាវៀតណាមមិនមែនជាចៅហ្វាយរបស់លោកនោះឡើយ ហើយលោកស្មោះត្រង់ចំពោះប្រទេសកំណើតរបស់លោក ព្រះមហាក្សត្រ និងភរិយារបស់លោក។

លោក ហ៊ុន សែន បានរៀបរាប់ថា៖ «ហេតុអ្វីបានជាលោកនិយាយថា ខ្ញុំក្បត់វៀតណាម? តើវៀតណាមជាឪពុករបស់ខ្ញុំ ឬជាមហាក្សត្រខ្ញុំឬ? លោកត្រូវដឹងថា អ្នកដែលខ្ញុំត្រូវស្មោះត្រង់ គឺជាតិខ្មែររបស់ខ្ញុំ ព្រះមហាក្សត្រកម្ពុជាទីសក្ការៈរបស់ខ្ញុំ និងភរិយាជាទីស្រឡាញ់របស់ខ្ញុំ។ វៀតណាមមិនមែនជាចៅហ្វាយរបស់ខ្ញុំ ដែលខ្ញុំត្រូវស្មោះត្រង់នោះទេ»។

លោក ហ៊ុន សែន ដែលត្រូវបានកាសែត Washington Post របស់អាមេរិកចាត់ទុកជានាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេនៅលើពិភពលោកនោះ។ ក្នុងប្រវត្តិតស៊ូរបស់លោក លោកបានរត់ភៀសខ្លួនទៅតស៊ូនៅប្រទេសវៀតណាម ដើម្បីត្រឡប់មកវាយផ្ដួលរំលំរបប ប៉ុល ពត នៅឆ្នាំ១៩៧៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ