សង្គមស៊ីវិលថាពលករចំណាកស្រុកតិចជាង ៣ភាពរយអាចមកចុះឈ្មោះបោះឆ្នោត

ដោយ លោក លី វេហា​​ | ថ្ងៃសៅរ៍ ទី២ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 4:42 PM | បោះឆ្នោត | 0 | 2642 ពលករខ្មែរតម្រង់ជួរគ្នាដើម្បីធ្វើលិខិតបែបបទចូលទៅធ្វើការនៅប្រទេសថៃ នាពេលកន្លងមក (រូបថត៖ បូ សាវី)

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ការ​ការពារ​សិទ្ធិពលករ​ចំណាក​ស្រុក​ បាន​ប៉ាន់​ប្រមាណ​ថា​ ក្នុង​ចំណោម​ពលករ​ខ្មែរ​ ដែល​កំពុង​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​ជាង​១លាននាក់​គឺ​មាន​តែ​ប្រមាណ​ជិត​៣ភាគរយ​ ដែល​អាច​បាន​មក​ ចុះ​ឈ្មោះ​ បោះ​ឆ្នោត​ដោយ​សារ​បញ្ហា​ចំណាយ​ថវិការ​ច្រើន​ និង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​។

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ គជប ​ចាប់​ផ្ដើម​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ និង​ បើក​ឲ្យ​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ ឃុំ​ សង្កាត់​ នៅ​ទូទាំង​ប្រទេស​មាន​រយៈ​ពេល​ ៧០ ​ថ្ងៃ ​ចាប់​ពី​ថ្ងៃទី០១ កញ្ញា​ ដល់​ថ្ងៃទី ០​៩​ វិឆ្ឆិកាខាងមុខ​។

នាយក​ប្រតិបត្តិមជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ លោក​ មឿន តុលា​បាន​ប្រាប់​វីអូឌី​ថា​យន្តការ​បច្ចុប្បន្ន​មិន​ទាន់​មាន​ការ​សម្រួល​ដល់​ពលករ​ចំណាក​ស្រុក​ ក្នុង​ការ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឡើយ​ ដែល​ធ្វើ​ឲ្យ​ពលករ​តិច​តួច​បំផុត​មាន​លទ្ធភាព​មក​ចុះ​ឈ្មោះ​បោះឆ្នោត​។

លោក មឿន តុលា ​បន្ថែម​ថា​៖ «ដើម្បី​មក​ចុះ​ឈ្មោះ​បាន​គាត់​ចំណាយ​លុយ​មិន​តិច​ជាង​ ១០០ដុល្លារ​ ឥលូវ​ហ្នឹង​ខាង​ក្រសួង​មហា​ផ្ទៃ​ចេញ​ការ​ណែនាំ​មួយ​ទៀត​ថា​ដើម្បី​ចេញ​លិខិត​បញ្ជាក់​ ទី​លំនៅ​ ឬ អត្តសញ្ញាណ​អី​ហ្នឹង​ទាល់​តែ​ឲ្យ​បញ្ជាក់​ពី​ មេប៉ុស្ដ៍​ទៀត​ ចឹង​វា​ស្មុគស្មាញ​។ កន្លង​មក​គេ​ឲ្យ​បញ្ជាក់​ត្រឹម​មេឃុំ​ ឬចៅសង្កាត់​ ឥលូវ​ដល់​មេប៉ុស្ដ៍​។ អញ្ចឹង​ទី​មួយ​គាត់​ចំណាយ​លុយ​ លំបាក​ឧបសគ្គ​ក្នុង​ពេល​ឆ្លងដែន​មក​ផង​ ពេល​មក​ដល់​ស្រុក​ខ្មែរ​មាន​ឧបសគ្គ​ទៀត​»។

លោក មឿន តុលា​ បន្ថែម​ថា​ដើម្បី​ឲ្យ​ពលរដ្ឋ​ចំណាក​ស្រុក​អាច​មាន​លទ្ធភាព​មក​ចុះ​ឈ្មោះ ​ឬ​មក​បោះឆ្នោត​បាន​ភាគ​ច្រើន​នោះ​ រដ្ឋាភិបាល​គួរ​រៀប​ចំ​យន្តការ​ថ្មី​ ដូច​ជា​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដាក់​ការិយាល័យ​ ចុះ​ឈ្មោះ ​និង​បោះ​ឆ្នោត​នៅ​តាម​ ស្ថានទូត​នៅ​ប្រទេស​ដែល​ពលករ​ទាំង​នោះ​កំពុង​ធ្វើ​ការ​ ឬ​ក៏​បង្កើត​ការិយាល័យ​ចុះ​ឈ្មោះ​ និង​ បោះឆ្នោត​ក្បែរ​ព្រំដែន​ប្រទេសថៃ​ និង​ ស្នើ​ភាគី​ថៃ​ឲ្យ​មាន​ការ​អនុញ្ញាត​ឈប់​សម្រាក​ចុះ​ឈ្មោះ​ និង​បោះឆ្នោត​បាន ៣​ទៅ ៥ថ្ងៃ ការ​លើកលែង​ថ្លៃ​ទិដ្ឋាការ​ចូល​ធ្វើ​ការ​វិញ​ និង​ សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ផង​ដែរ​។

សំណើ​សុំ​ចង់​ឲ្យ​មាន​កន្លែង​ចុះ​ឈ្មោះ​ និង​ បោះឆ្នោត​នៅ​តាម​ស្ថាន​ទូត​នៅ​ក្រៅ​ប្រទេស​នោះ​ គ ជ ប ​ធ្លាប់​លើក​ឡើង​ថា ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ ព្រោះ​នៅ​ក្នុង​ច្បាប់​មិន​មាន​ចែង​។​

កាល​ពី​ថ្ងៃទី១១ ខែសីហា ​សមាជិក​សភា​គណបក្ស​ប្រឆាំង​ចំនួន​៣៣រូប ​បាន​ស្នើ​ទៅ​ប្រធាន​រដ្ឋសភា​ លោក​ ហេង សំរិន​ ទទួល​យក​ទៅ​ពិនិត្យ​និង​អនុម័ត​នូវ​មាត្រា​ចំនួន​៣ ​ដោយ​ថា​ ដើម្បី​រៀបចំ​ការ​ចុះ​ឈ្មោះ​និង​ការ​បោះឆ្នោត​ ដល់​ពលករ​ខ្មែរ​ កំពុង​រស់​នៅ​និង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​។ ការ​ស្នើរ​នេះ​ត្រូវ​បាន​គណៈកម្មាការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ពិចារណា​លើ​សំណើ​មុន​នឹង​ធ្វើការ​សម្រេច​។

គួរ​បញ្ជាក់​ថា​បើ​តាម​ការ​បញ្ជាក់​របស់​ គ.ជ.ប ​កន្លង​មក​ពលរដ្ឋ​ខ្មែរ​ជាង​១លាន៤សែននាក់​ទៀត​ នៅ​មិន​ទាន់​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឡើយ​ រួម​មាន​ ពលរដ្ឋ​ទើប​គ្រប់​អាយុ​បោះឆ្នោត​ ពលរដ្ឋ​មាន​សិទ្ធិបោះឆ្នោត​ តែ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​ និង​ករណី​ផ្លាស់​ទីលំនៅ​ ឬ​ទីសំណាក់​ចូល​ថ្មី​ ជា​ដើម​៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required