មិត្តភ័ក្តដែលស្និទ្ធស្នាលជាមួយក្រុមគ្រួសារលោកបណ្ឌិត កែម ឡី បានឲ្យដឹងថាកូនប្រុសទី៥របស់លោក កែម ឡី បានកើតហើយនៅម៉ោង៥ល្ងាចថ្ងៃអាទិត្យទី២ ខែតុលា នេះ។
បើតាមប្រភពដដែលឲ្យដឹងបន្តថា កូនប្រុសទី៥របស់លោក កែម ឡី និងភរិយារបស់លោកគឺអ្នកស្រី ប៊ូ រចនា មានសុខភាពល្អធម្មតា និងមានទម្ងន់ប្រមាណជិត៣គីឡូក្រាម។
កូនទី៥ នេះ ម្តាយនិងសាច់ញាតិនៅមិនទាន់បានដាក់ឈ្មោះអ្វីជាផ្លូវការនៅឡើយទេ។ ប៉ុន្តែ បើតាមគណីយហ្វេសប៊ុកលោក សាង សាន (Sang Sann) បានសរសេរថាកូនប្រុសទី៥នេះ ឈ្មោះ កែម ឡី វីរៈ។
លោក កែម ឡី ជាអ្នកវិភាគបញ្ហាសង្គមត្រូវឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ពេលដែលឃាតករបាញ់សម្លាប់នោះ ភរិយាលោក កែម ឡី គឺអ្នកស្រី ប៊ូ រចនា នៅមានគត៌កូនទី៥ នៅឡើយ៕