ពលរដ្ឋនៅឃុំមួយក្នុងខេត្តក្រចេះរិះគន់អាជ្ញាធរថា មិនធ្វើតាមសន្យាក្រោយជាប់ឆ្នោត

ផ្លូវខូចមួយកន្លែងក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ

ប្រជាពលរដ្ឋនៅឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ រិះគន់អាជ្ញាធរឃុំថា មិនបានធ្វើតាមសន្យា ករណីផ្លូវខូចមួយកន្លែងក្នុងសហគមន៍ ក្រោយពួកគេជាប់ឆ្នោតជា មេឃុំ ចៅសង្កាត់ កាលពីការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៧ នេះ។

ពលរដ្ឋម្នាក់រស់នៅភូមិច្រវ៉ា ឃុំកន្ទួត លោក ប៉ាន់ យ៉េត ឲ្យដឹងថា កាលពីឃោសនារកសំលេងឆ្នោតក្រុមប្រឹក្សា​ ឃុំ-សង្កាត់ ទាំងបេក្ខជនមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិសន្យាថា នឹងជួសជុលផ្លូវក្នុងសហគមន៍ឲ្យបានស្អាត ពេលដែលពួកគេជាប់ឆ្នោត ប៉ុន្តែលោក ប៉ាន់ យ៉េត ថា ក្រោយជាប់ឆ្នោតហើយ ពួកគេមិនបានធ្វើតាមការសន្យានោះទេ។

លោកឲ្យដឹងថា ផ្លូវលំមួយខ្សែ មានប្រវែងជិត១ពាន់ម៉ែត្រ នៅក្នុងភូមិច្រវ៉ា ឃុំកន្ទួត បានខូច និងពិបាកធ្វើដំណើរតាំងពីមុនថ្ងៃបោះឆ្នោត រហូតដល់សព្វថ្ងៃនេះ ដោយលោកអះអាងថា មិនមានអាជ្ញាធរណា ចុះដោះស្រាយនោះទេ។

លោកបន្ថែមថា៖ «ខសន្យារឿងធ្វើផ្លូវហ្នឹង ខាងគណបក្សប្រជាជនក៏ចង់ធ្វើ ខាងសង្គ្រោះជាតិក៏ចង់ធ្វើដែរ លឺតែថាធ្វើៗ ប៉ុន្តែអត់ឃើញចុះធ្វើផង បើគេមិនចុះធ្វើ យើងម៉េចទៅហ៊ានថាឲ្យគេ។ មានគ្រលុក [ខូច] ច្រើនកន្លែង ណាស់គ្រលុកៗហ្នឹងពេលឡានធំៗ វាបើកទៅ វាជះភក់ក្នុងគ្រលុកនោះ ជះមកលើប្រជាពលរដ្ឋយើង ដែលជិះម៉ូតូ ជិះកង់បាចពេញហ្នឹង រអិលពេលហ្នឹង ហើយបណ្តាលអ្នកខ្លះដួល»

ពលរដ្ឋម្នាក់ទៀត រស់នៅភូមិឃុំជាមួយគ្នា អ្នកស្រី ជួន នី និយាយថា ផ្លូវលំនោះ រងការខូចខាត់មានគ្រលុកធំៗ និងបែកភក់ធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរឆ្លងកាត់ ជាពិសេសនៅរដូវភ្លៀង។

អ្នកស្រី អំពាវនាវសុំឲ្យអង្គការនានា រួមទាំងអាជ្ញាធរ ធ្វើការជួសជុលផ្លូវនោះឡើងវិញ និងសុំទប់ស្កាត់កុំឲ្យឡានដឹកទំនិញធ្ងន់ៗឆ្លងកាត់ទៀត។

អ្នកស្រីបន្ថែមថា៖ «ផ្លូវខូចច្រើន និយាយទៅឡើងគ្រលុក បែកឡើងខ្ទេច ពិបាកធ្វើដំណើរចេញចូល ខ្ញុំចង់ឲ្យដោះស្រាយថា ធ្វើផ្លូវហ្នឹងឡើងវិញ ហើយបើផ្លូវហ្នឹងធ្វើល្អហើយ ហាមកុំឲ្យឡានធំៗចូល»

ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០១៧ នៅឃុំកន្ទួត ស្រុកចិត្របុរី បេក្ខជន មកពីគណបក្សប្រជាជនកម្ពុជា បានជាប់ឆ្នោត កាន់តំណែងជាមេឃុំ។

វិអូឌី មិនអាចសុំការឆ្លើយតបពីមេឃុំកន្ទួត លោក តុប ហន ដែលទើបឡើងកាន់តំណែងថ្មីបានទេចំពោះបញ្ហានេះ។ តែទោះជាយ៉ាងណា មេភូមិច្រវ៉ា លោក ទេស ឆុណ ទទួលស្គាល់ថា ផ្លូវនោះពិតជាកំពុងរង ការខូចខាតមែន ហើយថា អាជ្ញាធរឃុំនឹងធ្វើការជួសជុលឡើងវិញ នៅពេលខាងមុខនេះ។

លោកបន្តថា កន្លងអាជ្ញាធរឃុំ ក៏ខិតខំជួសជុលដែរ ប៉ុន្តែ ការជួសជុល ជាប់មិនបានយូរទេ ដោយសារពលរដ្ឋ យកឡាន ដឹកទំនិញធ្ងន់់ៗ បើកឆ្លងកាត់ ដែលបង្កឲ្យខូចខាត។

លោកបន្ថែមថា៖ «គម្រោងយើងៗ មានគម្រោងជួសជុលនៅរដូវលំហែ នៅក្នុងហ្នឹង យើងបានរាយការណ៍ ទៅសាលាឃុំ ដើម្បីឲ្យជួយទប់ស្កាត់បទល្មើសឡានចូលដឹកអុសក្នុងភូមិ ដោយឡានធំៗ បើត្រឹមឡាន សាំយ៉ុងអីវា អត់ខូចទេផ្លូវហ្នឹងនោះ ហើយប្រជាជនក្នុងភូមិហ្នឹងមួយចំនួន គាត់និយាយថា បើមិនឲ្យឡានចូល ធ្វើៗអី ដល់អញ្ចឹងយើងពិបាកទប់ស្កាត់»

គួររំលឹកថា កន្លងមកពលរដ្ឋនៅក្នុងឃុំកន្ទួតនេះ ក៏ធ្លាប់រិះគន់អាជ្ញាធរ ដែរថា មិនសូវគិតគូពីសុវត្ថិភាពរបស់អ្នកភូមិទេ ដោយថា ផ្លូវ និងស្ពានមួយចំនួន ក្នុងសហគមន៍រងការខូចខាត រហូតបណ្តាលឲ្យពលរដ្ឋខ្លះជួបគ្រោះថ្នាក់ ហើយមិនមានអាជ្ញាធរណា ចុះដោះស្រាយ និងជួសជុលឡើងវិញឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ