លោក ហ៊ុន សែន នឹង​បួង​សួង​នៅ​អង្គរវត្ត​ថ្ងៃ​នេះ ខណៈ​ស្ថានការណ៍​នយោបាយ​តាន​តឹង

ដោយ លោក លី វេហា​​ | ថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០១៧​ ម៉ោង 12:52 PM | នយោបាយ | 0 | 11338 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយារបស់លោក រៀបចំពិធីបូងសួងកាលពីពេលកន្លង (រូបភាពពី gettyimages)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោង​នឹង​ធ្វើពិធីបួងសួងនៅ​ឯ​ប្រាសាទ​អង្គរវត្ត​​នៅ​ថ្ងៃនេះ ដោយ​ថា ដើម្បី​បួង​សួង​សុំ​ឲ្យ​ក​ម្ពុជា​ទទួល​បាន​សេចក្ដី​សុខ ដែល​ពិធី​សាសនា​បែប​នេះ ត្រូ​វ​បាន​គ្រោង​រៀបចំ​ឡើង​ចំ​ពេល​ដែល​ស្ថាន​ការណ៍​នយោបាយ​មាន​ភាព​តាន​តឹង បន្ទាប់​ពី​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ។

លោក ហ៊ុន សែន បានបង្ហោះសារ​នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក​នៅព្រឹកថ្ងៃទី២ ធ្នូនេះថា លោក​នឹងដឹកនាំ​គណៈប្រ​តិភូ ធ្វើ​ដំណើរ​ចាក​ចេញពីទីក្រុងប៉េកាំង ប្រទេសចិន តាមជើងយន្តហោះពិសេស ឆ្ពោះ​ទៅ​កាន់ទីក្រុងសៀមរាប ដើម្បី​ចូល​រួម​ក្នុង​ពិធី​បួង​សួង​សុំ​សេចក្ដី​សុខសម្រាប់​កម្ពុជា។

លោកបន្តថា ពិធីបួងសួងនេះនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២ ដល់ ៣ ខែធ្នូ ហើយ​តាមការ​គ្រោងទុក លោក​នឹង​ទៅ​ដល់​ក្រុង​សៀមរាប នៅម៉ោង ១:០០នាទីរសៀល​ថ្ងៃនេះ។

ពិធី​បែប​សាសនា​នេះ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ចំ​ពេល​ដែល​ស្ថានភាព​នយោបាយ​កម្ពុជា មាន​សភាព​តាន​តឹង បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សំឡេង​ឆ្នោត​គាំ​ទ្រ​ប្រហែល ៣​លាន​សំឡេង​កាល​ពី​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​នោះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេចរំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​កន្លង​មក ទៅ​តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ ហើយ​មេដឹកនាំ ១១៨​រូប​របស់​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ក៏​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​ផង​ដែរ។

រដ្ឋាភិបាល​ដឹកនាំ​លោក ហ៊ុន សែន បាន​ទទួលរងការថ្កោលទោស និង​ព្រមានពី​សហគម​ន៍​​​អន្តរជាតិ មាន​សហរដ្ឋ​អាមេរិក ចក្រ​ភព​អង់គ្លេស និង​សហភាព​អឺរ៉ុប ដោយថា ការ​បង្ក្រាប​ទៅ​លើ​បក្ស​ប្រឆាំង អង្គ​ការ​​ សង្គម​ស៊ីវិល និង​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​បានធ្វើឲ្យ​កម្ពុជា​ដើរ​ថយ​ក្រោយ និង​ឃ្លាត​ចាក​ពី​គន្លង​ប្រជាធិបតេយ្យ។

ទោះជាយ៉ាងណា ប្រទេស​ចិន​កុម្មុនីស្ត​ ដែល​ជា​ម្ចាស់​ជំនួយ​ធំ​សម្រាប់​កម្ពុជា​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​​គាំ​ទ្រ​ចំណាត់​ការ​​របស់​រដ្ឋាភិបាល​កម្ពុជា ដោយ​ចាត់​ទុក​ជា​ការ​ការពារ​សន្តិភាព និង​ស្ថេរភាព​ជាតិ​៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required