អ្នក​ឃ្លាំ​មើល​ថាមិន​ទាន់​មាន​ជំនឿលើ​​វិធានការប្រឆាំង​គ្រឿង​ញៀន​​

អ្នក​ឃ្លាំ​មើល​ពី​បញ្ហា​សង្គម​ថា​មិន​ទាន់​មាន​ជំនឿលើ​វិធាន​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់​ស្កាត់​គ្រឿង​ញៀន​បាន​នោះ​ទេ ដោយ​សារ​វិធាន​ការ​នោះ​​ហាក់​មាន​ឥទ្ធិពល​តែ​លើ​អ្នក​ចែក​ចាយ​តូចតាច​ ខណៈដែល​​មេខ្លោង​ធំៗ​គឺ​មិន​ទាន់​ចាប់​ខ្លួន​បាន​នៅឡើយ។

រដ្ឋាភិបាល​បានបញ្ជាក់​ថា​ក្នុង​យុទ្ធនាការ​បង្ក្រាបគ្រឿង​ញៀននៅ​ទូ​ទាំង​ប្រទេស​​ក្នុង​រយៈពេល​១ខែកន្លង​មក​នេះ ​ឃាត់​​ជន​ល្មើស​បានជិត​៣ពាន់​នាក់ ចាប់​បាន​គ្រឿង​ញៀន​ជាង​៩​គីឡូក្រាម។

ទោះ​ជាយ៉ាង​ណា​​ក្នុង​ការ​បង្ក្រាប​នោះ ​គេ​មិន​ទាន់​ឃើញមានការ​​បង្ក្រាប​មេខ្លោង​ជួញដូរ​ធំៗ​នៅ​ឡើយ​ទេ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​សង្គម​លោក សន ជ័យ យល់​ថា បញ្ហាគ្រឿង​ញៀន​នៅ​កម្ពុជា​នេះ​បណ្តាល​​មក​ពី​ការ​អនុវត្ត​ការ​ងារ​​នៅ​រង់​ចាំតែ​​បញ្ជា​ពី​ថ្នាក់​លើ​និង​ការ​បង្ក្រាប​បាន​តែអ្នក​ចែក​ចាយ​តូច​តាច​។ លោក​ថា​លោក​មិន​ទាន់​មាន​ជំនឿ​ទៅ​លើ​វិធាន​ការ​របស់​រដ្ឋាភិបាល​នៅ​ឡើយ​ទេ ក៏ព្រោះ​តែ​មេខ្លោង​ធំៗ​នៅ​តែ​មាន​សេរីភាព​ មិន​ទាន់​បង្ក្រាប​បាន។

លោក​ថា៖ «យើង​កុំ​ទាន់​ទៅ​ណា​ឆ្ងាយ​យើងមើល​នៅ​បឹង​ឈូក​សិន ព្រោះ​ថា​រឿង​បឹង​ឈូក​ហ្នឹង ​វា​ជា​រឿង​មួយ​ដែល​មិន​ទាន់​មាន​ប្រសិទ្ធ​ភាព​ហើយ​នឹង​មិន​ទាន់​ដល់កម្រិត​មួយ​ដែលប្រជាពល​រដ្ឋ​ជឿ​ទុក​ចិត្ត​បាន​ផង​ ហើយ​យើង​ឃើញ​ថា​មាន​ប្រជា​ពល​រដ្ឋ​រាយការណ៍​ថា​មាន​អ្នក​ចែក​ចាយហ្នឹង ​ដែល​គេ​សង្ស័យថាជា​មនុស្សដែល​មាន​អំណាច ទាំង​មធ្យោបាយ​ចែ​ក​ចាយ​និង​រចនា​សម្ព័ន្ធ​នៃ​ការ​ចែក​ចាយ​នៅ​ទីនោះ ជា​អំណាច​មួយដែល​រឹង​មាំ​ យើង​អត់​ទាន់​ទៅ​ណា​ឆ្ងាយ​ទេ ​យើង​ចង់​មើល​ករណី​នៅ​បឹង​ឈួក​សិន។ … តែ​ខ្ញុំ​មិន​ទាន់​ឃើញ​ស្រមោល​នៃ​ប្រសិទ្ធភាព​ទេទៅ​លើ​ការ​បង្ក្រាបគ្រឿង​ញៀន​ហ្នឹង!»។  ​​

លោក​បន្ថែម​ថា បញ្ហា​គ្រឿង​ញៀ​ន​នេះ​គួរតែ​បង្ក្រាប​ឲ្យ​លឿន​ ជា​ជាង​នៅ​តែ​បណ្តែត​បណ្តោយ​ឲ្យ​មេខ្លោង​ធំ​ៗ​ទាំង​នោះ​មាន​ឱកាស​ចែក​ចាយឬ​បំផ្លាញ​ភស្ភុតាងឬ​ក៏​រត់​រួច​ចេញ​ពី​កម្ពុជា។

នៅ​ថ្ងៃ​ទី​២​ កុម្ភៈម្សិល​មិញ ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃលោក ស ខេង ទុក​រយៈពេល​១ខែទៅ​កាន់​មន្ត្រី​ថ្នាក់​ក្រោមឲ្យធ្វើ​ការ​បោស​សម្អាត​ការ​​ជួញដូរនិង​ប្រើ​ប្រាស់​​គ្រឿង​ញៀន​នៅ​តំបន់​ត្រពាំង​​ឈូក រាជធានីភ្នំពេញ ខណៈដែល​តំបន់​នេះ​​មាន​បង្ក្រាប​ជា​ច្រើន​លើក​ច្រើន​សារ​​​មក​ហើយ​នៅ​តែ​មិន​អស់ ដែល​លោក​ថាកន្លែង​នោះ​ហើយ​ដែលជា​សំបុក​របស់​មេ​ខ្លោង​​ជួញ​ដូរ​គ្រឿង​ញៀនមួយ​ចំនួន​។

ប្រធានមជ្ឈមណ្ឌលពលរដ្ឋអភិវឌ្ឍន៍និង​សន្តិភាពលោក យង់ គិមអេង មានប្រសាសន៍ថា លោក​មិ​ន​មាន​ជំនឿ​ថាវិធាន​ការ​របស់​រដ្ឋាភិបាល​​​នេះ​មាន​ប្រសិទ្ធភាព​នោះ​ទេ ដោយ​សារ​តែ​ជា​ទូ​ទៅ​លោក​សង្កេត​ឃើញ​ថា​វិធាន​ការ​ដែល​រដ្ឋាភិបាល​ដាក់​ចេញ​នោះ​គឺ​មាន​ប្រសិទ្ធភាព​តែ​មួយ​ឆាវ ហើយការ​បង្ក្រាបបទ​ល្មើ​សគ្រឿង​ញៀនកន្លងទៅ​នេះ​​ទៀត​សោតគឺមិន​ទាន់​ចាប់​ខ្លួន​បាន​មេខ្លោង​ធំៗ​នៅ​ឡើយ​ទេ។ លោកបន្តថា​មេឈ្មួញ​ជួញ​ដូរ​ទាំង​នោះ​អាច​ផ្អាកសកម្មភាព​ខ្លួន​សិន រង់​ចាំ​ដល់​វិធាន​ការរបស់​រដ្ឋាភិបាល​ស្ងប់​ស្ងាត់​ទើប​ចេញ​មក​វិញ។

លោក​បន្តថា៖ «ដែល​ចាប់​បាន​តែ​ចង្វា​(តូច​ៗ) នោះគឺ​អត់​មាន​ប្រសិទ្ធ​ភាព​ទេ ​បើ​អា​ត្រី​ធំ​វា​នៅ​ដដែល អាត្រី​ធំ​ហ្នឹង​ហើយ​ដែល​អា​ច​បង្កជា​ឧបសគ្គ​នៅ​ពេល​ណា​ដែល​យុទ្ធនាការ​នោះ​ស្ងប់​ស្ងាត់​ទៅ​វិញ។ … ខ្ញុំ​នៅ​មិន​មាន​ជំនឿ​ទេ​ប្រសិនជា​ពួក​ឈ្មួញ​ជួញ​ដូរ​ធំ​ៗ​នោះ​មិន​ត្រូវ​បាន​ចាប់​ខ្លួន។ ពីព្រោះថា​អ្នក​ដែល​ជួយ​ដូរ​គ្រឿង​ញៀន​យក​បង្ក​វិនាសកម្ម​នៅ​ក្នុង​សង្គម​ជាក់​ស្តែង​នោះ​ គឺ​មិន​ជា​ពួក​តូច​តាចទេ ពួកហ្នឹង​គឺ​គ្រាន់​តែ​ចែក​ចាយ​តិច​តួច​។ ប៉ុន្តែនៅ​មាន​អ្នក​ជួញ​ដូរ​ធំ​ៗ​ទៀត​ដែល​ហ្នឹង​ហើយ​ត្រូវ​តែមាន​ការ​ចាត់​វិធានការជា​បន្ទាន់​»​។

លោក​បន្ថែម​ថា ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​​​រដ្ឋាភិបាល​គួរ​​​ផ្តោត​ឲ្យ​ចំណុច​បញ្ហា​សំខាន់​និង​ហ៊ាន​ចាប់​មន្ត្រីខ្លួន​ណា​ដែល​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ធំ​ៗឲ្យ​បាន​ យក​មក​ដាក់​ទោស​ដើម្បី​បង្ហាញពី​តម្លាភាពនិង​ប្រសិទ្ធភាព។

មាត្រា៣២.២ថ្មីនិងមាត្រា៣៣ នៃច្បាប់​ស្តីពីការត្រួតពិនិត្យគ្រឿងញៀន​មានខ្លឹមសារថា ជនណានាំ​ចេញ នាំចូលសារធាតុញៀន ការលក់ ការទិញ ការដឹកជញ្ជូន ឬការប្រើប្រាស់​ គ្រឿងញៀន​បណ្តាល​​ឲ្យ​គ្រោះ​ថ្នាក់ធ្ងន់ធ្ងរនិង​ប្រព្រឹត្ត​បទ​ល្មើស​ច្រើនដង ត្រូវ​ផ្តន្ទាទោសចន្លោះពី២ទៅ១០ឆ្នាំ​និងពិន័យ​ជាប្រាក់ពី៤​លាន​រៀលទៅ២០​លានរៀល​។

រដ្ឋាភិបាល​បាន​ចេញ​ផែនការយុទ្ធសាស្ត្រប្រឆាំងគ្រឿងញៀនលើកទី១របស់​ខ្លួន​ ចាប់ពី​ដើម​ឆ្នាំ២០១៧​នេះ​​ ដោយចាត់តាំងលោក ស ខេង និងលោក កែ គឹមយ៉ាន ជាអ្នកទទួលខុសត្រូវ​លើរឿង​នេះ​។ ផែន​ការ​នេះ​ ធ្វើឡើងស្របពេល​​ប្រធា​នាធិប​តីហ្វីលីពីន លោក ឌូទើតេ ដែល​គេស្គាល់​ថា ជា​ស្តេច​ប្រឆំាង​បទ​ល្មើស​គ្រឿង​ញៀន​ បាន​មក​ធ្វើ​ទស្សន​កិច្ចនៅកម្ពុជា​នា​​ពាក់​​កណ្តាល​ខែធ្នូឆ្នាំ​មុន​​។

តាមរបាយការណ៍រដ្ឋាភិបាល​ អ្នកញៀនគ្រឿងញៀននៅកម្ពុជា ក្នុង​​រយៈពេល១០ខែនៅ​ឆ្នាំ​២០១៦ មាន​ជិត​២ម៉ឺននាក់​ (១៨ ៥៥៤ នាក់)កើនឡើងជិត​៣០ភាគរយបើ​ធៀប​ទៅ​នឹង​ឆ្នាំ២០១៥ ​ ខណៈ​អ្នក​​ប្រើប្រាស់​មាន​អាយុ​ចាប់ពី១៨ដល់៣៥ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ