ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រយ័ត្នជំងឺផ្តាសាយបក្សីក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

នាយកដ្ឋានជំងឺឆ្លងនៃក្រសួងសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នការឆ្លងជំងឺផ្តាសាយបក្សនៅក្នុងឱកាសនៃបុណ្យចូលឆ្នាំខ្មែរខាងមុខ ព្រោះជាពេលដែលប្រជាពលរដ្ឋបរិភោគសាច់បក្សីច្រើនក្នុងពេលជួបជុំគ្នានោះ។​

តាមសេចក្តីជូនដំណឹងរបស់នាយកដ្ឋានជំងឺឆ្លងបានឲ្យដឹងថា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ នៅប្រទេសវៀតណាមមានការផ្ទុះឡើងវិញនៃជំងឺផ្តាសាយបក្សី ដែលបានសំលាប់និងដុតចោលសត្វបក្សីជាច្រើន តែពុំទាន់រកឃើញឆ្លងមកមនុស្សនៅឡើយទេ។ ដោយឡែកនៅដើមឆ្នាំ២០១៧នេះ ប្រទេសកម្ពុជា ក៏បានរកឃើញមានការរីករាលដាលឡើងវិញនៃជំងឹផ្តាសាយបក្សីលើសត្វបក្សីក្នុងខេត្តស្វាយរៀង តែពុំបានរកឃើញករណីជំងឺផ្តាសាយនៅលើមនុស្សនៅឡើយដែរ។

ក្រសួងអំពាវនាវឲ្យពលរដ្ឋ​មានការប្រុងប្រយ័ត្នខ្ពស់អំពីការចំលងជំងឺនេះ ពិសេសកុំយកមាន់ ទា ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារឫលក់បន្ត ត្រូវអនុវត្តអនាម័យក្នុងការបោចរោមនិងចំអិនជាប់ជានិច្ច។

របាយការណ៍នាយកដ្ឋាននេះ​ឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៥ដល់២០១៤ កម្ពុជា​ធ្លាប់កើតមានជំងឺផ្តាសាយបក្សី ដែលបានឆ្លងពីសត្វបក្សីមកមនុស្សចំនួន៥៦ករណី ដែលក្នុងនោះ៣៧ករណីបានស្លាប់។

បុគ្គលដែលមានរោគសញ្ញាគ្រុនក្តៅលើសពី៣៨.៥អង្សារសេនិងមានរោគសញ្ញា ក្អក ឬឈឺក ឬដកដង្ហើមហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺឬងាប់ក្នុងកំឡុងពេល៧ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺទៅមណ្ឌល់សុខភាពឬមន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ