ពលរដ្ឋនៅសៀមរាបស្នើអាជ្ញាធរបញ្ឈប់ចាក់សំរាមក្បែរផ្ទះពួកគាត់​

ដោយ លោក បូ សាវី​​ | ថ្ងៃសៅរ៍ ទី៣ ខែមីនា ឆ្នាំ២០១៨​ ម៉ោង 4:48 PM | សុខភាព | 0 | 1178

ប្រជាពលរដ្ឋមួយចំនួនរស់នៅស្រុកប្រាសាទបាគង ខេត្តសៀមរាបស្នើឲ្យអាជ្ញាធរអន្តរាគមន៍បញ្ឃប់ក្រុមហ៊ុនសំអាតក្រុងហ្គាអ៊ីយ៉ា ចាក់សំរាមក្បែរភូមិ​ដោយ​​ថា ធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។

 

ពលរដ្ឋនៅភូមិអន្លង់ធំ ឃុំត្រពាំងធំ លោក ឡឹង មុន អោយដឹងនៅថ្ងៃនេះថាក្រុមហ៊ុនសំអាតក្រុងសៀមរាប បានដឹកសំរាម​ទៅចាក់ចោលនៅក្បែរផ្ទះរបស់ពួក​​គាត់ជាច្រើនឆ្នាំមកហើយ ប៉ុន្ដែគ្មានអាជ្ញាធរដោះស្រាយនោះទេ។លោកបានបន្ដទៀតថា​ គំនរសំរាមនោះ បានហូរទឹកកខ្វក់ជ្រាបចូលទឹកអណ្ដូ​ង​​របស់ពួកគាត់។ លោកបន្ដថា លោក និង អ្នកភូមិបានទាមទារអោយក្រុមហ៊ុនហ្គាអ៊ីយ៉ានោះប្ដូរទីតាំងទៅចាក់សំរាមនៅកន្លែងផ្សេង។

 

ពលរដ្ឋមួយរូបទៀតអ្នកស្រី ឡឹង ឃុន អោយដឹងថា ក្លិនស្អុយដែលជះចេញពីកាកសំណល់ក្បែរផ្ទះនោះ ធ្វើអោយពួកគាត់ពិបាករស់នៅ ជាពិសេសនៅពេលទទួលទានបាយម្ដងៗត្រូវចងមុងដើម្បីកុំអោយរុយរោម ហើយអ្នកភូមិកើតជំងឺច្រើន​ដោយសារសំរាម។ អ្នកភូមិព្រមានថា ពួកគេនឹងកាត់ផ្ដាច់ផ្លូវមិនអោយរថយន្ដដឹកជញ្ជូ​ន​សំរាមទៅចាក់ចោលក្បែផ្ទះរបស់ពួកគាត់បន្ដទៀត បើសិនគ្មានដំណោះស្រាយទេនោះ។

ករណីនេះ អភិបាលរងខេត្ដសៀមរាបលោក ទៀ សីហា មានប្រសាសន៍ថា គំនរសំរាមនៅទីនោះពិតជា ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋមែន ហើយថា ពេលនេះអាជ្ញាធរនិងក្រុមកំពុងរៀបចំដូរទៅទីតាំងថ្មី ប៉ុន្តែថា ត្រូវការពេល៦ខែទៀត។​

 

មេឃុំត្រពាំងធំ លោក សយ សីហា មានប្រសាសន៍ថា ពលរដ្ឋដែលរងផលប៉ះពាល់មានពីរភូមិ ដែលស្មើនឹងប្រមាណ៨០០គ្រួសារ៕

សរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required