នាយករដ្ឋមន្រ្តីរិះគន់អគ្គរដ្ឋទូតអាមេរិកនៅកម្ពុជាថាមិនចេះធ្វើការ

រូបភាពពីស្ថានទូតអាមេរិកនៅភ្នំពេញ

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានរិះគន់ចំៗ ទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា គឺលោក វិលាម ហៃត៍(William A. Heidt   ) ថាមិនចេះធ្វើការងារផ្នែករដ្ឋបាល​ ទាក់ទងនិងការប្រកាសកាត់ជំនួយដល់រដ្ឋាភិបាលកម្ពុជា។
លោក នាយករដ្ឋមន្រ្តីហ៊ុន សែន រិះគន់ចំៗបែបនេះនៅចំពោះមុខកម្មកររោងចក្រប្រមាណជាង ២ម៉ឺននាក់ក្នុងពិធី​ជួបសំណេះសំណាលនាថ្ងៃទី ០៣ ខែ មីនា នេះក្នុងទឹកដីក្រុងព្រះសីហនុ។

លោក ហ៊ុ​ន សែន បានលើកឡើងដោយរិៈគន់ថា៖« ណោតទូតធម្មតាគេសរសេរទៅក្រសួងការបរទេស ទូតនេះ​(អាមេរិក​) ផ្ញើទៅអគ្គនាយកដ្ឋានពន្ធដារ។ គ្រាន់តែទម្លាប់ទូតក៏ខុសដែរ អគ្គនាយកដ្ឋានពន្ធដារវានៅក្រោមក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុទៅទៀត។ បើថាមិនចេះកិច្ចការទូតទេ គួរតែរៀនឡើងវិញ។ ចឹងបានខ្ញុំចេះតែនិយាយថា អ្នកខ្លះគ្រាន់តែកើតនៅប្រទេសអ្នកមានប៉ុននឹង តែក៏មិនមែនខួរក្បាល ខ្លាំងជាងយើងអ្នកក្រដែរ »

លោក ហ៊ុ​ន​ សែន បានហៅឯកអគ្គរដ្ឋទូតនោះថាជា«អគ្គរដ្ឋទូតភូតកុហក» ព្រោះលោក ហ៊ុន សែន​ថាអាមេរិក​បាន​បញ្ចប់ជំនួយរបស់ខ្លួនមកកម្ពុជាតាំងពី ២០១៦ ហើយ​ទើបតែប្រកាសកាត់នៅពេលនេះ ដែល​លោកហៅថា​ជា«ជំនួយ​ខ្យល់» ដែលជារឿងទាក់ទងនឹងនយោបាយ។

ជាមួយគ្នានោះលោកហ៊ុន សែនក៏ជំរុញឲ្យលោកឯកអគ្គរដ្ឋទូតវិលាម ហៃត៍ ធ្វើការបកស្រាយឲ្យបានច្បាស់ផងនូវ​អ្វីដែលលោកថាជាការផ្ដាច់ជំនួយមកកាន់កម្ពុជា។

កាលពីថ្ងៃទី ២៧ ខែ កុម្ភះ រដ្ឋាភិបាល​អាមេរិកចេញសេចក្ដីថ្លែងការណ៍​​​ប្រកាស​ថា ខ្លួន​នឹង​ព្យួរ ឬ​បិទ​កម្មវិធី​ជំនួយ​យោធា កម្មវិធី​ជំនួយ USAID និង​មូលនិធិ​ជាច្រើន​ទៀត ប៉ុន្តែថា នឹង​បន្ត​ជួយ​​គម្រោង​ជាច្រើន​ដើម្បី​គាំទ្រ​ដល់​ប្រជាជន​កម្ពុជា។

រដ្ឋាភិបាលអាមេរិកលើកឡើងថាការសម្រេច​ផ្អាក​ជំនួយ​ជាច្រើន​ផ្ដល់​មក​កម្ពុជាគឺ ឆ្លើយ​តប​ទៅ​និង​អ្វី​ដែល​អាមេរិក​ហៅ​ថា ធ្វើឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជាដើរថយក្រោយ​។

​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​នោះសហរដ្ឋអាមេរិក​ថា ក្នុង​រយៈពេល ២៥​ឆ្នាំ​កន្លង​មក​នេះ សហរដ្ឋអាមេរិកជា​ដៃគូ​អភិវឌ្ឍ​ដ៏​ល្អ​នៅ​កម្ពុជា ហើយបាន​ជួយ​កម្ពុជា គិត​ជា​ទឹក​ប្រាក់​ជាង ១​ពាន់​លាន​ដុល្លារក្នុងការលើក​ស្ទួយ​ការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច សង្គម និង​ប្រជាធិបតេយ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ