រដ្ឋាភិបាលថាបរទេសនិងសង្គមស៊ីវិល​គំរាមកំហែងអធិបតេយ្យភាពកម្ពុជា

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស (រូបភាព៖ ហ្វេសប៊ុក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)

រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាបានលើកឡើងថា អធិបតេយ្យភាពរបស់កម្ពុជាត្រូវបានគំរាមកំហែងដោយរដ្ឋាភិបាលបរទេស និង អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ជុំវិញការបង្រ្កាបលើបក្សសង្គ្រោះជាតិ​កាលចុងឆ្នាំ ២០១៧។

រដ្ឋមន្រ្តីក្រសួងការបរទេសលោក ប្រាក់​ សុខុន បានលើកឡើងបែបនេះនៅក្នុងសុន្ទរកថាក្នុងពិធីបើកសន្និបាតបូក​សរុបការងារឆ្នាំ ២០១៧ និង ទិសដៅការងារឆ្នាំ ២០១៨ របស់ក្រសួងការបរទេសកាលពីថ្ងៃទី ២៨ ខែកុម្ភះ។

លោក ប្រាក់ សុខុន បានលើកឡើងថា «អធិបតេយ្យជាតិរបស់យើងត្រូវបានគំរាមកំហែង ដោយសាររដ្ឋាភិបាលបរទេសមួយចំនួន អង្គការក្រៅរដ្ឋាភិបាលបរទេស និងអង្គការជាតិខ្លះ ដែលទទួលឥទ្ធិពលពីរដ្ឋាភិបាលបរទេសទាំងនោះ ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់យើង»

លោក ប្រាក់​ សុខុនបន្តថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ ប្រទេសកម្ពុជាទទួលរងនូវការរិះគន់ ចោទប្រកាន់​ពីរដ្ឋាភិបាលលោកខាងលិចមួយចំនួន ជុំវិញអ្វីដែលពួកគេថាជាការបង្រ្កាបពីសំណាក់រដ្ឋាភិបាលទៅលើបក្ស​ប្រឆាំង សារព័ត៌មានឯករាជ្យ និង សង្គមស៊ីវិល។

លោកប្រាក់ សុខុន លើកឡើងបន្តថា ជាការឆ្លើយតបទៅនឹងការចោទនេះ ក្រសួងការបរទេសបានចេញផ្សាយ​ឯកសារមួយចំនួន ដូចជា «ប្រាប់ពីការពិត (To Tell The Truth)» ឯកសារ «កម្ពុជា៖ ស្ថិរភាព និងការអភិវឌ្ឍជា​អតិភាព (Cambodia: Stability and Development First) ដែលបកស្រាយពីការលំបាករបស់កម្ពុជា ក្នុងការ​ថែរក្សាសន្តិភាព និង​ជំរុញការអភិវឌ្ឍ។

រដ្ឋាភិបាលកម្ពុជារងការរិះគន់ និង ដាក់សម្ពាធពីប្រទេសលោកខាងលិចបែបនេះ បន្ទាប់ពី គណបក្សសង្គ្រោះជាតិ​ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ហើយប្រធាន​បក្សលោក កឹម សុខា ត្រូវ​រងការឃុំខ្លួន ដោយរដ្ឋាភិបាលចោទថាមានទោសក្បត់ជាតិ ឃិបឃិតជាមួយបរទេស​ប៉ុនប៉ងផ្ដួលរលំ​រដ្ឋាភិបាល​ស្របច្បាប់។

ជាមួយគ្នានោះប្រទេសលោកខាងលិចមានសហគមន៍  មានអាល្លឺម៉ង់ ស៊ុយអ៊ែត និង សហរដ្ឋអាមេរិកជាដើម​  បាន​ដាក់ទណ្ឌកម្ម និង ព្រមាន​ពីការ​ដើរថយក្រោយនៃ​លទ្ធិ​ប្រជា​ធិបតេយ្យនៅកម្ពុជា ហើយជំរុញ​ឲ្យ​រដ្ឋាភិបាលកម្ពុជា​ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីឈានទៅរកការបោះឆ្នោតដោយត្រឹមត្រូវ និង យុត្តិធម៌ នាពេលខាងមុខ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ