អតីត​បុគ្គលិក​ក្រុមហ៊ុន​កា​ពី​តូ​ល​ប្រកាស​ធ្វើ​បាតុកម្ម​មុខ​ក្រុមហ៊ុន​ខណៈ​បុណ្យចូលឆ្នាំ​ខ្មែរ​ចូលមក​ដល់​

អតីតបុគ្គលិកក្រុមហ៊ុនកាពីតូលនាំគ្នាហែរក្បួនឆ្ពោះទៅកាន់សាលារាជធានីភ្នំពេញឱ្យជួយអន្តរាគមន៍ដោះស្រាយបញ្ហាវិវាទការងារកាលពីកន្លងទៅ(រូបភាពីCLC)

​មន្ត្រី​សហជីព​អះអាងថា នៅ​សប្តាហ៍​ក្រោយនេះ អតីត​អ្នកបើកប​រថយន្ត​ឲ្យ​ក្រុមហ៊ុន​កា​ពី​តូ​លនឹង​ប្រមូលផ្តុំ​គ្នា​តវ៉ា​ថ្មី​ទៀត នៅមុខ​ស្នាក់​ការ​ក្រម​ហ៊ុន ជិត​ផ្សា​រអូ​ឬ​ស្សី ដែល​ពួកគេ​ថា ដើម្បី​បន្ត​ជំរុញ​លក្ខខណ្ឌ​ការងារ និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​យក​ពួកគេ​ទាំង​៤៥​នាក់​ចូល​ធ្វើការ​វិញ​។​

​កាលពីពេល​កន្លង​ទៅ​អតីត​បុគ្គលិក​ក្រុមហ៊ុន​កា​ពី​តូ​ល​បាន​តវ៉ា​ម្តង​ហើយ​នៅ​មុខ​ស្នាក់ការ​ក្រុមហ៊ុន ក្នុង​រាជធានី​ភ្នំពេញ​ជិត​ផ្សារ​អូ​ឬ​ស្សី​នេះ ក្រោយ​ពី​ពួក​គេ​ត្រូវបាន​ក្រុមហ៊ុន​បណ្តេញចេញ​ពី​ការងារ​។​ ប៉ុន្តែ​គម្រោង​នោះ​បាន​ផ្អាក​ទៅវិញ​ក្រោយពី​មាន​ការបង្ក្រាប​នឹង​អ្នក​តវ៉ា​ខ្លះ​ត្រូវបាន​ចាប់ខ្លួន​។​

​គម្រោង​តវ៉ា​ជា​ថ្មី​ឡើងវិញនៅមុខ​ស្នាក់​ការក្រុមហ៊ុនរបស់​អ្នក​ដែល​ក្រុមហ៊ុន បញ្ឈប់​ការងារ​នេះ ធ្វើឡើង​ចំ​ពេល​ដែលពលរដ្ឋ​ជាច្រើនចាប់ផ្តើម​ស្វែងរក​សេវា​រថយន្តក្រុង ដើម្បី​ជា​មធ្យោបាយ​ធ្វើដំណើរ​ទៅ​លេង​ស្រុកកំណើតក្នុង​រដូវចូលឆ្នាំ​ខ្មែរ​។​

​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ឲ្យ​វីអូឌី(VOD)​​ដឹង​នៅ​ថ្ងៃទី​៣​ ខែ​មេសា ​នេះ​ថា ក្រុមអ្នកតវ៉ា​បាន​ដាក់​លិខិត​ជូនដំណឹងទៅ​សាលា​រាជធានី​ភ្នំពេញ ទៅ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួច​ហើយ​កាលពី​សប្តាហ៍​មុនព្រមទាំង​សុំ​កម្លាំង​ការពារ​ពី​ក្រសួង​មហាផ្ទៃពី​គម្រោង​តវ៉ា​នៅ​មុខ​ស្នាក់ការ​ក្រុមហ៊ុន​កា​ពី​តូ​ល​នេះ​។​

​លោក អាត់ ធន់ ឲ្យដឹងទៀតថា ក្រុម​អ្នកតស៊ូ​មតិនឹង​ចាប់ផ្តើម​ប្រមូលផ្តុំ​តវ៉ា​នៅមុខ​ក្រុមហ៊ុន​នេះ ចាប់ពី​ថ្ងៃ​ទី​៦ ​ខែ​មេសា​សប្តាហ៍​ក្រោយនេះ​ទៅ​។​

​បើ​តាម​​លោក អាត់ ធន់ ការតវ៉ា​នោះ ពួក​គេ​ទាមទារ​ឲ្យ​ទម្លាក់​ចោល​នូវ​ពាក្យបណ្តឹង​ប្តឹង​សកម្មជន​សហជីព ជំរុញ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានកា​រ​ជនដៃដល់ដែល​ប្រើ​ញញួ ដែកស​សៃ វាយ​ក្រុមអ្នកតវ៉ា​ឲ្យ​រង​របួស​កាលពី​ថ្ងៃ​ទី​៦ ​ខែ​កុម្ភៈ ទាមទារ​ឲ្យ​តុល​ការដោះលែង​ពួកគេ​ពីរ​នាក់​ដែល​កំពុង​ជាប់​ឃុំ និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​កា​តូ​ល​យក​ពួកគេ​ទាំង​៤៥​នាក់​ចូល​ធ្វើការ​វិញ​។​

​កាលពី​ចុងឆ្នាំ​២០១៥​ក្រុមហ៊ុន​កា​ពី​តូ​ល​ដឹក​អ្នកដំណើរ បាន​បញ្ឈប់​បុគ្គលិករបស់​ខ្លួន​ជា​អ្នកបើកបរ​រថយន្តចំនួន​​៤៥​នាក់ ។ ប៉ុន្តែ​ការបញ្ឈប់​នោះ បង្ក​ឲ្យមាន​ការតវ៉ាជា​បន្តបន្ទាប់ពី​អ្នក​ដែល​បាន​បណ្តេញចេញ​ពី​ការងាររហូត​ផ្ទុះ​ហិង្សា​ជាមួយ​មនុស្ស​មួយ​ក្រុម​ទៀត ដែល​គាំ​ក្រុមហ៊ុន​។​ ចំណែក​ដំណោះស្រាយ​នៅ​តែ​មិន​អាច​រក​ច្រក​ចេញ​រួច​រហូត​មកដល់​ពេលនេះ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ