បុរស​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ពេល​តវ៉ា​ជំរុញ​លក្ខខណ្ឌ​ការងារ​នៅ​ក្រុមហ៊ុន​កា​ពី​តូ​លអាច​ដោះលែង​វិញ​

អតី​តបុគ្គលិកក្រុមហ៊ុនកាពីតូលតវ៉ាកាលពីកន្លងទៅ​

​មេធាវី​មួយរូបបង្ហើប​ឲ្យដឹងថា បុរស​ពីរ​នាក់ដែល​សមត្ថកិច្ច​ខណ្ឌ​៧​មករា ​ចាប់ខ្លួនពេល​ពួកគេតវ៉ា​ជំរុញ​លក្ខខណ្ឌ​ការងារ នៅ​ក្រុមហ៊ុន​កា​ពី​តូ​ល​ដឹក​អ្នកដំណើរ​នោះ លោក​ថា​តុលាការ​អាច​នឹង​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន តាមរយៈ​ការសុំ​ធានារបស់​មេធាវី​ការពារ​ក្តី​។

​កាលពី​ថ្ងៃ​ទី​៦​ ខែ​កុម្ភៈ​ អ្នក​តវ៉ា​ជំរុញ​លក្ខខណ្ឌ​ការងារ​នៅ​ក្រុម​ហ៊ុន​កា​ពី​តូ​លពីរ​នាក់ មាន​លោក ណន វណ្ណា និង​លោក រស់ ស៊ី​ផៃ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​ពី​ការតវ៉ាបាន​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សាជាមួយ​ភាគី​ម្ខាង​ទៀតដែល​គាំទ្រ​ក្រុមហ៊ុន។​

​ព្រះរាជអាជ្ញារង​លោក ស្រី ម៉ាក​នី ពេលនោះបាន​សម្រេច​ឲ្យ​ឃុំខ្លួនបុរស​ជា​ជនសង្ស័យ​ទាំង​ពីរ​នាក់នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន ចោទ​ពី​បទ​«​ហិង្សា​ដោយ​ចេតនា ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​រារាំង​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ​»​។​

​មេធាវី​លោក គីម សុជា​ត ដែល​ការពារ​ជនសង្ស័យ ឲ្យវីអូឌី(​VOD)​ដឹង​នៅ​ថ្ងៃទី​៣ ​ខែ​មេសា​ ​នេះ​ថា កូនក្តី​លោក​ទាំង​ពីរអាច​នឹង​ត្រូវ​តុលាការដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន នៅ​ថ្ងៃ​ចន្ទ​ទី​៤​​ស្អែក​នេះ ដោយ​លោក​អះអាងថា តាមរយៈ​ការផ្តល់​ភ័ស្តុតាង​ដោះ​បន្ទុក និង​ដំណើរការ​នីតិវិធីរបស់​តុលាការ សាកសួរ​ទៅ​ភាគី​ពាក់ព័ន្ធ លោក​ថា កូនក្តី​លោក​មិន​បាន​ប្រព្រឹត្តិ​ខុស​ដូច​ការចោទប្រកាន់​ទេ​។​

​មេធាវី​រូប​នោះ​មានជំនឿថា កូនក្តី​លោក គឺ លោក ណន វណ្ណា និង​លោក រស់ ស៊ី​ផៃ នឹង​ត្រូវ​បាន​ចេញពី​ពន្ធនាគារ​វិញ​។​

​កាលពី​ចុងឆ្នាំ​២០១៥​ក្រុមហ៊ុន​កា​ពី​តូ​ល​បាន​បញ្ឈប់​អ្នកបើកបរ​៤៥​នាក់ ដោយ​ចោទ​ថា អ្នក​ទាំងនោះ​បាន​លួច​ដាក់​ភ្ញៀវ​តាម​ផ្លូវ​ខុស​ពី​បទបញ្ជាផ្ទៃក្នុ​ង ធ្វើឲ្យ​ភ្ញៀវ​មិន​សប្បាយចិត្ត និង​ប៉ះ​ពល់​ដល់​ការប្រកួតប្រជែងរបស់​ក្រុមហ៊ុន​។​

​ប៉ុន្តែ​សម្រាប់​អ្នកបើកបរ​រថយន្តដែល​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ អះអាងថា ការ​ដែលភាគី​ក្រុមហ៊ុនបណ្តេញ​ពួកគេ​ចេញពី​ការងារ ពួកគេ​ថា ក្រុមហ៊ុន​នោះបាន​ធ្វើឡើង​ក្រោយ​ពី​ពួកគេ ចងក្រង​គ្នា​ជា​ក្រុម​បង្កើត​សហជីព ទាមទា​លក្ខខណ្ឌ​ការងារនៅក្នុង​ក្រុមហ៊ុន​។​

​​ការអះអាង​ផ្សេងគ្នារវាង​ក្រុមហ៊ុន និង​បុគ្គលិក​ដែល​បាន​បញ្ឈប់​ពី​ការងារ​នេះ ធ្វើឲ្យ​មាន​បាតុកម្ម​តវ៉ា ជា​បន្តបន្ទាប់នៅមុខ​ស្នាក់ការ​ក្រុមហ៊ុនរហូត​ផ្ទុះ​ហិង្សា​បង្ក​ឲ្យ​អ្នក​តវ៉ា​របួសធ្ងន់​យ៉ាង​តិច​ជាង​១០​នាក់ និង​ពីរ​នាក់​ត្រូវ​ចាប់ខ្លួន ចំណែក​ភាគី​ម្ខាង​ទៀត ដែល​គាំទ្រ​ក្រុមហ៊ុន​មក​ដល់ពេលនេះ ពុំ​មាន​នរណា​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ទេ​។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ