ថៃចោទពលករខ្មែរថាមានចេតនាឲ្យអាជ្ញាធរចាប់ដើម្បីបានមកស្រុកមិនអស់ថ្លៃធ្វើដំណើរ​

សារព័ត៌មានដែលល្បីឈ្មោះ​មួយរបស់ថៃបានចុះផ្សាយថា ពលករខ្មែរខុសច្បាប់រាប់រយនាក់ មានចេតនាចេញមុខជាសាធារណៈឲ្យអាជ្ញាធរថៃចាប់ខ្លួន ដើម្បីឲ្យពួកគេបានមកលេងស្រុកកំណើតវិញក្នុងឱកាសបុណ្យចូលឆ្នាំនៅពេលខាងមុខនេះ ដោយមិនអស់​លុយលើការធ្វើដំណើរ។​

សារព័ត៌មាន ​The Nation របស់ថៃចុះផ្សាយថា កាលពីថ្ងៃអាទិត្យម្សិលមិញពលករខ្មែរខុសច្បាប់​ជាង២០០នាក់ បានធ្វើដំណើរជាសាធារណៈតាមរថភ្លើងពីបាងកកមកព្រំដែនកម្ពុជា-ថៃ ច្រកប៉ោយប៉ែត ប៉ុន្តែអ្នកទាំងនោះត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន។ សារព័ត៌មានដដែលបញ្ជាក់ថា ពលរដ្ឋខ្មែរទាំងនេះ មានចេតនាឲ្យអាជ្ញាធរថៃចាប់ខ្លួន ដើម្បីបានធ្វើដំណើរដល់​ព្រំដែនដោយមិនអស់លុយ ដោយរថយន្តសមត្ថកិច្ចជាអ្នកដឹកជញ្ជូន។​

វីអូឌី មិនទាន់អាចទាក់ទងរដ្ឋាភិបាលកម្ពុជា ដើម្បីសាកសួរជុំវិញការចោទប្រកាន់ និង ឃាត់ខ្លួនពលរដ្ឋខ្មែរនេះបាននៅឡើយនៅព្រឹកនេះ។​

តម្លៃធម្មតាបើគេជិះរថយន្តឈ្មួលពីព្រំដែន​ច្រកប៉ោយប៉ែតដល់បាងកកអស់ប្រមាណ​ជាង២០០បាត ឬ ស្មើជិត​៣០ ០០០រៀល ចំណែកការធ្វើដំណើរតាមរថភ្លើងអាចចំណាយតិចជាងនេះ។​ ជាញឹកញាប់ពលរដ្ឋខ្មែរត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់វិញ​ ចំពោះអ្នកដែលទៅស្វែងរកការងារធ្វើមិនស្របច្បាប់។​

របាយការណ៍ក្រសួងការងារថៃបង្ហាញថា បច្ចុប្បន្នពលរដ្ឋខ្មែរជាង១លាននាក់កំពុងធ្វើការស៊ីឈ្នួលនៅក្នុងប្រទេសថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ