អាជ្ញាធរខេត្តកោះកុងបន្តដកហូតផ្ទាំង​រូប​ភាពអ្នកជាប់ឃុំដែលបិទនៅផ្ទះពលរដ្ឋ

ប្រជាសហគមន៍ដីធ្លី ខេត្តកោះកុង អះអាងថា អាជ្ញាធរបានចុះដកផ្ទាំង​រូប​ភាពដែលទាមទា​ឲ្យ​ដោះ​លែង​​មន្ត្រី​សិទ្ធិ​មនុស្ស​និងមន្ត្រី គ.ជ.ប ចេញពីជញ្ជាំងផ្ទះរបស់ពួកគេ ដោយថា ការដាក់រូបនេះបង្កអសន្តិសុខសង្គម។

កាលពីម្សិលមិញអាជ្ញាធរ​ខេត្ត​កោះ​កុងក៏បានចុះ​ទៅ​ដកផ្ទាំង​រូប​ភាពទាំងនោះ ​ចេញ​ពី​ទី​ស្នាក់​ការ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក និង​អង្គការ​ពីរ​ទៀត ដោយ​អះ​អាង​ថា ពួកគេ​បាន​ដាក់​ផ្ទាំង​រូប​ភាព​ដោយគ្មាន​ការ​អនុញ្ញាត្តិ។

តំណាងសហគមន៍ដីធ្លីនៅឃុំជីខក្រោម ស្រុកស្រែអំបិល អ្នកស្រី ផាវ ញឺង ប្រាប់វីអូឌីថា នៅថ្ងៃនេះ អាជ្ញាធរបានចុះមកដកផ្ទាំងរូបភាពដែលបិតនៅជញ្ជាំងផ្ទះនិងមុខផ្ទះ នៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែកអំបិល ដែលសុំឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស ៤ រូប មន្រ្តី គ.ជ.ប ដែលកំពុងជាប់ពន្ធនាគារនោះ។ អ្នកស្រីបន្តថា  បានជាពួកគាត់បិតរូបមន្ត្រីសង្គមស៊ីវិល នៅជាប់ជញ្ជាំផ្ទះនោះ ដោយសារពួកគាត់យល់ថា អ្នកជាប់ឃុំទាំង៥ រូបនោះមិនមានទោសកំហុសដូចការចោទប្រកាន់តុលាការឡើយ។

អ្នកស្រីថា «គ្រាន់តែពួកខ្ញុំទាមទារឲ្យដោះលែងគាត់មិនទោសអីទេ តើវាខុសអីខ្ញុំសួរចឹង គាត់ថា អត់មានទោសកំហុសអីទេ អី ប៉ុន្តែសូមឲ្យដោះផ្លាកនឹងចេញសិន ព្រោះអីគាត់មកពីប្រជុំពីកោះកុងមិញគេឲ្យដោះ។ ខ្ញុំសួរគេ ជាអ្នកណាគាត់ថាថ្នាក់លើ  ខ្ញុំថាខ្ញុំសូមជួបថ្នាក់លើចឹងគាត់ឲ្យអធិការស្រុកស្រែកអំបិលឈ្មោះ ម៉ា ទី ជួបខ្ញុំ ហើយខ្ញុំសួរទៅគាត់ថាអត់មានហេតុផលអីផង  កាលណាដែលដាក់ចឹងធ្វើឲ្យមានបញ្ហា អសន្តិសុខសង្គម  ហើយមានបញ្ហាអ៊ួអាប់ កុំឲ្យបញ្ហាកើតឡើងសូមឲ្យដោះតែប៉ុណ្ណឹងទេ»។

អ្នកស្រីសម្ដែងការខកចិត្ត ចំពោះអាជ្ញាធរដែលបានចុះដកផ្ទាំងរូបដែលពួកគាត់នោះ។

អ្នកស្រីថា «ពួកខ្ញុំសោកស្ដាយ ដោយសារតែខ្ញុំអត់យល់ទេ ពីសង្គមបច្ចុប្បន្ន អាដំណោះស្រាយដីធ្លីអត់ដោះឲ្យពួកខ្ញុំ ប៉ុន្តែនៅពេលដែលពួកខ្ញុំលើកបដាទាមទារ រឿងដែលអយុត្តិធម៌អីមួយគឺ ត្រូវមកជួបបញ្ហាត្រូវឲ្យមកស្រាយ ត្រូវបានដកហូតចឹង»។

អធិការនគរបាលស្រុកស្រែកអំបិល លោក ម៉ា ទី មានប្រសាសន៍ថា ការមិនអនុញ្ញាត្តបិទរូបមន្ត្រីសង្គមស៊ីវិលនៅតាមផ្ទះនោះ ដោយខ្លាចប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។

លោកថា «ព្រោះអានេះវាជាការត្រួតពិនិត្យសន្តិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន  ចឹងការបិតនេះគឺនៅក្នុងមូលដ្ឋាន ខ្ញុំមិនមានចាប់ចងមនុស្សអីទេ ក្នុងខេត្តក្នុងស្រុកហ្នឹង។ ចឹងខ្ញុំបានប្រាប់គាត់ថា បើចង់បិតទេអាហ្នឹងយើងលើកបដាទាមទារគឺត្រូវទាមទារនៅកន្លែងដែលគេចាប់ដែលគេចងនឹងទៅ យើងកុំចេះតែលើកចឹង អាហ្នឹងវាខូចសណ្ដាបធ្នាប់នៅក្នុងមូលដា្ឋនអាហ្នឹងវាត្រូវអត់ឲ្យលើកចឹងហើយ»។

ម​ន្ត្រី​​សម្របសម្រួល​នៃអង្គការ​លីកាដូ​ប្រចាំ​ខេត្ត​កោះ​កុងលោក អ៊ិន គង់​ជិត ចាត់ទុកករណីនេះថា ជាការរឹតត្បិតសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ។

លោកថា «ព្រោះយើងមើលបដាដែលស្នើឲ្យមានការដោះលែងសកម្មជនការពារសិទ្ធិមនុស្ស ដូចជាមិនពាក់ព័ន្ធនឹងរឿងនយោបាយអីផង ខ្លឹមសារ ហើយគាត់បិតក៏បិតនៅរបងផ្ទះគាត់ លំនៅស្ថានរបស់គាត់ ទីលំនៅស្ថានរបស់គាត់ ហើយចឹងវាដូចជាហេតុផលមិនសមរម្យដែលមិនអាចទទួលយកបាន អាជ្ញាធរគាត់មានចេតនាមួយក្នុងការរារាំងសេរីភាពក្នុងបញ្ចេញមតិ សម្ដែងមតិ»។

គួរ​បញ្ជាក់​ថា​ការ​ដក​បដា​ទាម​ទារ​ឲ្យ​ដោះ​លែង​​មន្ត្រី​អាដហុក​ និង​អគ្គលេខា​ធិការ​រង​ គជប ដែល​ជាប់​ឃុំ​នេះគឺ​ធ្វើ​ឡើង​ស្រប​ពេល​​មួយ​ឆ្នាំ​នៃ​ការ​​ឃុំ​ខ្លួនពួកគេពី​សំណាក់​តុលាការរាជធានីភ្នំពេញ។

មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក៤នាក់ មាន លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងលោកស្រី លឹម មុន្នី រួមទាំងមន្ដ្រី គ.ជ.ប ម្នាក់ទៀត លោក នី ចរិយា ត្រូវតុលាកា​រ​សម្រេច​ឃុំខ្លួន​បណ្តោះ​អាសន្ននៅ​ពន្ធនា​គារ​ព្រៃ​ស ជាងមួយឆ្នាំហើយ ដោយចោទប្រកាន់ពីបទ «សូកប៉ាន់​សាក្សី» ទាក់ទិន​សំណុំ​រឿងដ៏​ចម្រោ​ង​ច​​ម្រាស់មួយ ​ពាក់ព័ន្ធនឹងកញ្ញា ខុម ចាន់តារាទី ហៅ “ស្រីមុំ” តែតុលាការរកមិនឃើញភស្តុតាងគ្រប់គ្រាន់ដើម្បីកាត់ទោសនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ