ក្រុមអង្គការបារម្ភថា ការបោះពុម្ពសន្លឹកឆ្នោតបំរុងច្រើនពេកអាចប្រើប្រាស់មិនត្រឹមត្រូវ​

ក្រុម​អង្គការ​​ចំនួន៩ស្ថាប័ន ​បានបង្ហាញការព្រួយបារម្ភថា ការដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បោះ​ពុម្ពសន្លឹក​ឆ្នោតបំរុង​ច្រើន​ពេក​ នឹងអាចយកទៅ​ប្រើ​ប្រាស់​មា​ន​ភាព​មិន​ប្រក្រតី។

អង្គការទំាងនោះរួមមាន អង្គការសីលការ អង្គការខុមហ្វ្រែល អង្គការនិកហ្វិច អង្គការអាដហុក អង្គការ​សង់​ត្រាល អង្គការ PDP និងអង្គការ CLEC ជាដើម។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមអង្គការទំាងនោះចុះថ្ងៃទី២ឧសភា មានខ្លឹមសារថា គ.ជ.ប បោះ​ពុម្ព​សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នំា២០១៧ មាន​ចំនួន៩​លាន​ ៤សែនសន្លឹកជាង​(៩.៤២៦.៦០០សន្លឹក​) រាប់ទំាងសន្លឹកឆ្នោតបំរុង​ ខណៈពល​រដ្ឋ​មាន​ឈ្មោះក្នុង​បញ្ជី​ឈ្មោះ​​​បោះ​ឆ្នោត​​​ត្រឹមតែចំនួនជិត៨លាននាក់​(៧.៨៦៥.០៣៣នាក់​)។ ការបោះពុម្ពសន្លឹក​ឆ្នោតលើស​នេះ​មាន​រហូត​ដល់ជាង​១​លានកន្លះសន្លឹក(១.៥៦១.៥៦៧សន្លឹក​) ស្មើ១៩.៨៥% នៃអ្នកមាន​ឈ្មោះក្នុង​បញ្ជី ដោយ​ចំណាយ​អស់ថវិកាប្រហែល៣៣ម៉ឺនដុល្លារអាមេរិក។

សេចក្តីថ្លែងការណ៏ដដែលបានឲ្យដឹងទៀតថា គ.ជ.ប. ​បោះ​ពុម្ព​សន្លឹក​ឆ្នោត​បំរុង​​ច្រើន​ពេក ធ្វើឲ្យ​ការ​ប្រើ​ប្រាស់​ថវិកា​ខ្ជះ​ខ្ជាយ អាច​មាន​ហានិភ័យក្នុងការប្រើប្រាស់សន្លឹកឆ្នោតដែលបំរុង​ទុក​នោះ​​មិន​ត្រឹម​ត្រូវ។

នាយកប្រតិបត្តិអង្គការ​ណិចហ្វិច លោក សំ គន្ធាមី បានពន្យល់តាម​បន្ថែមលើខ្លឹមសារសេចក្តីប្រកាសព័ត៌​មានជុំវិញការបោះពុម្ពសន្លឹកឆ្នោតលើសលប់​ដូចនេះថា «ចំនួនសន្លឹកឆ្នោតដែលបំរុងវាច្រើនពេក លើស​ពី​តម្រូវ​​ការ ដ៏ហើយការប្រើប្រាស់ ការផ្តល់តាមការិយាល័យមួយៗ វាចំនួនច្រើនពី៥០​ទៅ៩៩​សន្លឹក​យ៉ាង​តូច ចំនួនសន្លឹកឆ្នោតវាច្រើន នៅសល់​ ហើយជាទូទៅអ្នកទៅបោះឆ្នោតនៅការិយាល័យ​មួយៗ មិនដែល​បោះ​គ្រប់ទេ។ ឧទាហរណ៍ថា ការិយាល័យមួយមាន ៧៥០នាក់ មិនដែលមាន៧៥០នាក់ ទៅ​បោះឆ្នោ​ត​គ្រប់គ្នាទេ​ វានៅសល់ច្រើនពេក ខ្ញុំឃើញ ហើយវាអាចប៉ះពាល់ដល់ យើងនិយាយ​ទៅការ​បន្លំសន្លឹកឆ្នោត ការប្រើប្រាស់​មិនមានតម្លាភាព»។

ក្រុមអង្គការសង្គមស៊ីវិលបានផ្តល់ជាអនុសាសន៍ថា សន្លឹកឆ្នោតបំរុង គ.ជ.ប គួរតែបោះ​ពុម្ពក្នុង​កម្រិតនៃការ​គ្រប់គ្រងមានហានិភ័យទាបបាន ដោយចំនួនលើសត្រឹមតែ៥% នៃអ្នកមាន​ឈ្មោះ​ក្នុង​បញ្ជីឈ្មោះជាក់​ស្តែង ដោយថាប្រទេសខ្លះ ការបោះពុម្ពសន្លឹកឆ្នោតបំរុងគេធ្វើត្រឹមតែ២%តែប៉ុណ្ណោះ។

អ្នក​​នាំពាក្យ​ គជប លោក ហង្ស ពុទ្ធា បានប្រាប់ទៅក្រុមអង្គការទំាងនោះថា កុំឲ្យមាន​ការព្រួយ​បារម្ភពីបញ្ហាបោះឆ្នោតសន្លឹកឆ្នោតច្រើន ដោយលោក​ថា គ.ជ.ប ធ្វើតាមច្បាប់កំណត់ ជាពិសេស​ពេល​បោះឆ្នោតក៏មានអ្នកសង្កេតការចម្រុះចូលរួមផង​ដែរ ពោលលោកថា មិនអាចមាន​អ្នកលួច​បន្លំ​សន្លឹក​ឆ្នោតបាននោះទេ។

លោកនិយាយថា «ផ្លូវច្បាប់តម្រូវ​ឲ្យមួយការិយាល័យបំរុង៥០សន្លឹក ហើយអាចលើសទៅដល់​៩៩​សន្លឹក​ទៀត ហើយខ្ញុំសូមលើកឧទាហរណ៍មួយទៀត ប្រសិនបើសន្លឹកឆ្នោតនោះ​ធ្លាក់ដល់​ដៃបុគ្គល​ណាម្នាក់ សួរ​ថា​តើបុគ្គលនោះអាចយកសន្លឹកឆ្នោតប្រើប្រាស់ខុសការគ្រប់គ្រងរបស់ គ.ជ.ប បានឬអត់ គឺអត់បានទេ ពីព្រោះបោះឆ្នោតមួយសន្លឹក គឺមានរូបថតអ្នកបោះឆ្នោតនៅទីនោះ ហើយតម្រូវឲ្យអ្នកបោះឆ្នោតចុះ​ហត្ថលេខាទៅលើឈ្មោះរបស់ខ្លួន​ដែលបានបោះឆ្នោតហើយទៀត ហើយនឹងសមសភាព​ចម្រុះ​នៃគណ​បក្ស​នយោបាយ ហើយនឹងអង្គការមិនមែនរដ្ឋាភិបាល បច្ចុប្បន្ន​តួរលេខអ្នកអង្កេតការ​ឡើង ២៥​០៤០នាក់ហើយ គឺនៅមានបន្តបន្ថែមទៀត យន្តការនេះសមរម្យល្មមដែលអាចទុកចិត្តបានហើយ»។

តាមប្រតិទិន របស់ គជប ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៤ នឹងប្រព្រឹត្តទៅ​នៅថ្ងៃទី៤​ខែមិថុ​នា។ យុទ្ធនាការឃោសនារក​សំឡេងឆ្នោត នឹងត្រូ​វធ្វើឡើ​ង​​រយៈ​​​​​​ពេ​ល​១៤ថ្ងៃ ចាប់ពីថ្ងៃទី​២០​​ខែ​ឧសភា ដល់ថ្ងៃទី២ខែមិថុនា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ