លិខិតមិត្តអ្នកអាន៖ តោះយើងទៅបោះឆ្នោត

ដោយ VOD Admin​​ | ថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០១៧​ ម៉ោង 10:55 AM | លិខិតមិត្តអ្នកអាន | 0 | 1287

សូមរំឭកថាទម្រាំមានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យដូចជានៅលោកខាងលិច និងអឺរុបនោះ ប្រទេសទាំងនោះ​ឆ្លង​កាត់​ការតស៊ូយ៉ាងស្វិតស្វាញក្រៃលែង។ នៅអង់គ្លេសកាលដើមឡើយអ្នកដែលមានសិទ្ធិបោះឆ្នោត​គឺជាមេគ្រួសារ​ដែល​​បានបង់ពន្ធជូនរដ្ឋអ្នកដែលមិនបានបង់ពន្ធគ្មានសិទ្ធិបោះឆ្នោតនេះទេ។ នៅអាមេរិកនាសតវត្សទី១៧ជនជាតិ​ស្បែក​​​ខ្មៅ និង​ស្ត្រី​មេផ្ទះគ្មានសិទ្ធិបោះឆ្នោតឡើយ ទើបតែនៅសតវត្សទី២០នេះដែលបានទទួលសិទ្ធិវិញទាំងស្ត្រី និង​ជន​ជាតិ​ស្បែក​​ខ្មៅ។ រីឯនៅស្រុកយើងវិញទើបមានការបោះឆ្នោតនៅឆ្នាំ១៩៤៧នេះទេ ដោយសារបារាំងនាំចូលមក បន្ត​មក​​ដំណើរ​លទ្ធិប្រជាធិបតេយ្យរបស់យើងនៅតែរដិបរដុបដោយសារសង្គមយើងនៅជាប់លទ្ធិរាជាធិបតេយ្យទើបជិត​២០​ឆ្នាំ​​ក្រោយពីកំណើតរបបប្រជាធិបតេយ្យនៅស្រុកខ្មែរនៅសល់តែបក្សមួយគឺសង្គមរាស្ត្រនិយម។ មកទល់ថ្ងៃនេះ កម្មករក៏មិនត្រូវបានស្ថាប័នណាចេញមុខសម្រួលអោយបានឈប់៣ថ្ងៃទាំងអស់គ្នាដើម្បីអោយបានបោះឆ្នោតនៅស្រុកកំណើតផងដែរ។ ហេតុអីពីមុនធ្វើបានពេលនេះធ្វើមិនបាន???

ការលើកឡើងខាងលើគ្រាន់ជាការបង្ហាញខ្លះៗថាការទទួលបានសិទ្ធិបោះឆ្នោតមិនមែនជាការងាយស្រួលនោះទេ ដូច្នេះ​ហើយ​ទើបចង់អោយបងប្អូនទាំងអស់គ្នាលះបង់ពេលវេលា និងថវិកាដើម្បីបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋខ្មែរ​អោយ​​បានពេញលេញ។ មានបងប្អូនខ្លះមិនចង់ទៅបោះឆ្នោតដោយគិតថាបោះអោយអ្នកណាក៏ដូចអ្នកណា ឬនិយាយ​មួយ​បែបថាអាគកដូចអាចែ រឿងអ្នកនយោបាយទុកឱ្យអ្នកនយោបាយគិត ប៉ុន្តែការពិតវាមិនដូច្នោះឡើយ មានន័យ​ថា​គ្រប់​ទង្វើរបស់អ្នកនយោបាយសុទ្ធតែប៉ះពាល់ដល់រាស្ត្រទាំងអស់គ្រាន់តែតិចឬច្រើន ឧបមាថា​ដើម្បី​ជួយសម្រាល​ជីវភាព​​​គ្រូបង្រៀន រដ្ឋាភិបាលបង្កើតច្បាប់មួយដែលកំណត់ថាពេទ្យរដ្ឋព្យាបាលជំងឺគ្រូបង្រៀន មិនយក​លុយ នេះគឺ​ជា​ទង្វើ​កើតចេញពីទង្វើរបស់អ្នកនយោបាយហើយពាក់ព័ន្ធយ៉ាងជិតស្និតទៅនឹងជីវភាពផ្ទាល់របស់​ប្រជាពល​រដ្ឋ។ ចុះបើ​ពេល​ណាមួយសភាចេញច្បាប់អោយរាស្ត្របង់ពន្ធឬតម្លើងពន្ធនោះ គិតយ៉ាងម៉េច? ដូច្នេះ បងប្អូនត្រូវស្វែងយល់អំពី​សារៈ​​សំខាន់​នៃ​​ការ​​បោះឆ្នោតវិញ ហើយតើការបោះឆ្នោតមានសារៈ​សំខាន់​​បែប​ណា?

១-បោះឆ្នោតផ្តល់ផលប្រយោជន៍ដល់ខ្លួនឯងផ្ទាល់៖ នៅត្រង់ចំណុចនេះភាគច្រើនគឺការសម្រេចចិត្តប្តូរអ្នកដឹកនាំ​នៅ​ថ្នាក់​មូលដ្ឋានជិតពលរដ្ឋ(បោះឆ្នោតឃុំ-សង្កាត់)ហើយទាក់ទងនឹងជីវភាពរបស់ពលរដ្ឋផ្ទាល់។ ឧទាហរណ៍ថា អ្នកជា​ជន​ក្រីក្រនៅពេលអ្នកទៅសាលាឃុំដើម្បីធ្វើសំបុត្រកំណើតកូនអ្នក ហើយត្រូវមេឃុំតម្រូវ​អោយ​បង់ប្រាក់ក្រៅផ្លូវការ​បន្ថែម ឬការចេញ​សំបុត្រ​កំណើតយឺតយូររហូតដល់រាប់ខែ តើអ្នកមាន​អារម្មណ៍រំភើប ឬ​សប្បាយ​ចំពោះឥរិយាបថបែប​នេះ​ទេ​បើ​ប្រៀប​ធៀប​​ចំពោះអ្នកដទៃដែលគេមានប្រាក់នោះ? គួរបញ្ជាក់​ថា សេវា​សាធារណៈ​ត្រូវមានភាពស្មើគ្នា​ចំពោះ​អ្នក​ទទួល​សេវា ឧទាហរណ៍ថាបើត្រូវកំណត់មួយសប្តាហ៍ៗដូចគ្នា បើ​សំបុត្រ​កំណើត​​មួយច្បាប់ត្រូវចំណាយអស់​៥ពាន់​រៀល​​ត្រូវ​អស់​៥ពាន់​រៀលដូចគ្នា។ ដូច្នេះហើយតើអ្នកត្រូវបោះឆ្នោត​ដើម្បី​ទុក​អ្នក​ដែលយកប្រាក់ពីអ្នក ធ្វើការយឺតជូនអ្នក ឬជ្រើសរើសអ្នកថ្មីដែលមិនយកលុយហើយសេវាលឿនវិញ?

២-បោះឆ្នោតដើម្បីសហគមន៍អ្នក និងសង្គមជាតិរបស់អ្នកទាំងមូល៖ បងប្អូនខ្លះមើលឃើញការបំផ្លិចបំផ្លាញ ការជិះ​ជាន់ ឬភាពអសកម្មនៅក្នុងសង្គមរាល់ថ្ងៃ ប៉ុន្តែវាមិនប៉ះពាល់ដល់ខ្លួនផ្ទាល់ បងប្អូនគ្រាន់តែបើកភ្នែកមើល ហើយគិតថា​វាមិន​អីមិនប៉ះដល់ខ្លួនរួច​គូសសន្លឹក​ឆ្នោត​គាំទ្រ​អ្នកដដែលៗដូចមុន ប៉ុន្តែនៅពេលអ្វីដែលគេហៅថាការអភិវឌ្ឍនោះប៉ះ​មក​លើ​បង​ប្អូន​ដោយគ្មានសំណង ឬ​ការ​យកចិត្តទុកដាក់នោះ ទើបបងប្អូននឹកដល់ការគូរសន្លឹកឆ្នោតរបស់បង​ប្អូន១​សន្លឹក​​នោះ។ ការសម្រេចចិត្តនេះគឺភាគ​ច្រើន​​នៅកម្រិតជាតិ។ ខ្ញុំសូមលើកចំណុចតែប៉ុន្មានចំណុចត្រួសៗប៉ុណ្ណោះ​ព្រោះ​បងប្អូនអាចមើលឃើញច្រើន​ជាងនេះ​ប្លែកៗ​តាមទីតាំងផ្សេងៗនៅក្នុងប្រទេស។

សរុបមក ការបោះឆ្នោតទោះនៅកម្រិតមូលដ្ឋាន ឬនៅថ្នាក់ជាតិ សុទ្ធតែមានសារៈសំខាន់ ព្រោះប្រជាពលរដ្ឋអាចជ្រើស​រើស​​មេដឹកនាំ​ដែល​អាចធ្វើអោយជីវភាពបងប្អូនអោយធូរធា មានសុវត្ថិភាពផ្លូវកាយផ្លូវចិត្ត ទទួលបានយុត្ថិធម៌នៅ​ពេល​មាន​ក្តីក្តាំ និងមានសេរីភាពក្នុងការបញ្ចេញមតិជាដើម៕

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required