អឺរ៉ុប​ផ្ដល់ជំនួយ​ជាង​៧២​ម៉ឺន​​អឺរ៉ូ​​សម្រាប់​ការអប់រំ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០១៦​ ម៉ោង 9:46 AM | ខែ្មរក្រហម | 0 | 10665

សហភាពអឺរ៉ុប បានប្រកាសផ្ដល់ជំនួយជាង ៧២ម៉ឺនអឺរ៉ូ ដល់អង្គការសង្គមស៊ីវិល សម្រាប់ជំរុញការយល់ដឹង និងអប់រំប្រវត្តិសាស្ត្រខ្មែរក្រហម។

ក្នុងសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី៣០ ខែមិថុនាកន្លងមក សហភាពអឺរ៉ុប បាននិយាយថា ខ្លួនបានផ្ដល់ជំនួយជាង ៧២ម៉ឺនអឺរ៉ូ ទៅដល់អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញការយល់ដឹង និងការអប់រំប្រវត្តិសាស្ត្រខ្មែរក្រហម។

លោក George Edgar អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា លោកសប្បាយរីករាយដែលសហភាពអឺរ៉ុប ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយចំពោះកម្ពុជា អាចជួយគាំទ្រអង្គការសង្គមស៊ីវិលចំនួន ៣ ដែលធ្វើការផ្នែកឯកសារ អប់រំ និងការយល់ដឹងអំពីប្រវត្តិសាស្ត្រថ្មីៗរបស់កម្ពុជា។

លោកបន្តថា៖ «ជំនួយទាំងនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ មិនត្រឹមតែការប្រឹងប្រែងផ្សះផ្សាជាតិ និងយុត្តិធម៌របស់កម្ពុជានាពេលសព្វថ្ងៃនេះទេ ប៉ុន្តែ ក៏សម្រាប់ការអប់រំយុវជនរបស់ខ្លួននាពេលខាងមុខផងដែរ»។

លោក Edgar បញ្ជាក់ថា ការជំរុញ និងការពង្រឹងការចងចាំប្រវត្តិសាស្ត្ររួម និងផ្ទាល់ខ្លួន មានន័យស្មើនឹងការបង្កើនការយល់ដឹង និងស្វែងយល់ពីសារៈសំខាន់នៃការគោរពសិទ្ធិមនុស្ស។

សហភាពអឺរ៉ុប បានឲ្យដឹងថា ចំនួនជាង ៧២ម៉ឺនអឺរ៉ូនោះ ត្រូវបានផ្ដល់ទៅមជ្ឈមណ្ឌលបុប្ផាណា មជ្ឈមណ្ឌលឯកសារកម្ពុជា និងសមាគម Meta House របស់អាល្លឺម៉ង់ប្រចាំនៅរាជធានីភ្នំពេញ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required