លោក ហ៊ុន សែន ថាកំពុងរកវិធីឲ្យចៅគាត់ដកសញ្ជាតិ​ពីអាមេរិក​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា លោកកំពុងតែរកវិធី​ឲ្យចៅរបស់គាត់ដក​សញ្ជាតិពី​អា​មេ​រិក ដោយថាខ្លាចមេដឹកនាំប្រទេសនោះ ចាប់ឲ្យចូល​ធ្វើជាទាហាន ដើម្បី​​ធ្វើ​សង្គ្រាម​​​ជាមួយប្រទេសដទៃ​។

ក្នុងឱកាសជួបកីឡាករនៅថ្ងៃទី៣ខែសីហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា នៅអាមេរិកឲ្យតែគ្រប់អាយុ ត្រូវ​មានកាតព្វកិច្ចចូលបម្រើកងទ័ព។ ករណីនេះ​​លោកឲ្យដកសញ្ជាតិចៅរបស់​លោក​ចេញពីសញ្ជាតិអាមេរិក ដោយថាដើម្បី​ជៀស​វាង​​បញ្ហា​ប្រឈមនានា​ នៅថ្ងៃ​អនាគត។

លោកថ្លែងថា «ចៅខ្ញុំមួយមានសញ្ជាតិអាមេរិក​ ព្រោះវាកើតនៅទីនោះ ឥឡូវខ្ញុំកំពុង​រកវិធីធ្វើម៉េច​ឲ្យ ចៅរបស់ខ្ញុំដក​សញ្ជាតិពីអាមេរិកចេញ ព្រោះក្រែងអាមេរិកធ្វើសង្គ្រាមជាមួយគេ តម្រូវ​ឲ្យចៅ​របស់ខ្ញុំទៅធ្វើទាហានអាមេរិក​ តែដល់អាយុ ទៅធ្វើទាហានកាតព្វកិច្ច អត់ទេ ខ្ញុំ​មិនព្រម ដកសញ្ជាតិ​ចេញ​មក​ មិនចំាបាច់អាមេរិកទាដកទេ អាមេរិកទាឲ្យធ្វើទាហានរួច​ហើយតាមមក​ចាប់ចៅឯងមក​ដល់ស្រុ​កខ្មែរ​ទៀត»។

យ៉ាងណាក៏ដោយVODមិនអាចសុំការបំភ្លឺភ្លាមៗពីអ្នកនាំពាក្យស្ថានទូតអារិកប្រចំាកម្ពុជា​បានទេ​នៅ​ល្ងាច​ថ្ងៃនេះ។

លោក ហ៊ុន សែន ថ្លែងទៀត​ថា មានមតិមួយចំនួនលើកឡើងថាអាមេរិកជាប្រទេសល្អ ស្ងប់សុខ ប៉ុន្តែ​លោកថា​ក្នុងមួយឆ្នាំៗ នៅអាមេរិក តែងតែបើកការបាញ់ប្រហារគ្នានៅតាមតំបន់មួយចំនួន ដោយថា​បណ្តាលមានមនុស្សស្លាប់ជាច្រើននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ