ប្រធានសភាច្រានចោលសំណើបក្សប្រឆំាងដែលហៅរដ្ឋមន្ត្រីបំភ្លឺរឿងខ្សាច់​

ការបូមខ្សាច់នៅកម្ពុជា​

ប្រធានរដ្ឋសភា លោក ហេង សំរិន បានច្រានចោលសំណើរបស់គណបក្សប្រឆំាង ដែល​បាន​ស្នើ​សុំកោះហៅ​រដ្ឋមន្ត្រី​​​ក្រ​សួង​រ៉ែ និង​ថាម​ពល ចូលបំភ្លឺ​ពីភាពខុសគ្នារវាងតួរលេខនាំខ្សាច់ទៅក្រៅប្រទេស និង​​គម្រោង​រុះរើ​ការដ្ឋាន​លាង​ខ្សាច់​នៅ​ក្នុង​​​​តំបន់​​អភិ​រក្ស​​​ជម្រក​​​​សត្វព្រៃ​តា​តៃក្នុង​ខេត្តកោះកុង។

ក្នុងសំណើរបស់តំណាងរាស្ត្របក្សសង្រ្គោះជាតិ បានស្នើឲ្យ លោក ស៊ុយ សែម ជួយបំភ្លឺពីភាពខុសគ្នារវាងតួរលេខនាំខ្សាច់ទៅលក់នៅប្រទេសសិង្ហបុរី ការផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនណា នៅតំបន់ណាខ្លះ និងស​កម្មភាពបូមខ្សាច់នៅតែបន្តកើត បើទោះជារដ្ឋាភិបាលប្រកាសឲ្យបញ្ឈប់​ការនាំចេញ​ខ្សាច់គ្រប់ប្រភេទ។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានប្រាប់VODនៅថ្ងៃទី២ខែសីហានេះថា លោ​ក​ ហេង សំរិន បាន​ច្រានចោលសំណើរបស់​តំណាង​​រាស្ត្រ​​គណបក្សង្គ្រោះជាតិ លោក សុន ឆ័យ ដោយប្រធានរដ្ឋសភា អះអាងថា សំណើនោះ ធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញ និងជ្រៀតជ្រែកកិច្ច​ការរបស់រដ្ឋាភិបាល។

លោកនិយាយថា «វាខុសខ្លឹមសារ មាត្រាដែលគាត់យោងវាខុសទំាងស្រុង វាចូលលូកដៃក្នុងកិច្ចការរបស់​រដ្ឋា​ភិបាលហើយ បានសម្តេចប្រធាន[ហេង សំរិន] មិនអាច​បញ្ជូនទៅបានទេ»

លោក សុន ឆ័យ មានប្រសាសន៍ថា សំណើរបស់លោកមិនខុសច្បាប់ និងមិនបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង​រដ្ឋាភិបាលនោះទេ ដោយថាលោកធ្វើតាមតួនាទីតំណាង​រាស្ត្រ ជួយរកដំណោះស្រាយជូន​ប្រជាពល​រដ្ឋម្ចាស់ឆ្នោត។

លោកនិយាយថា «ខ្ញុំមើលដូចមិនមានអ្វីខុសនូវមាត្រាដែលគាត់និយាយ មាត្រា៩៦ ដូចជានិយាយច្បាស់​ណាស់​ថារដ្ឋមន្ត្រីត្រូវឆ្លើយតប​យ៉ាងយូណាស់ឲ្យបានមួយសប្តាហ៍ ពេលទទួលបានលិខិត កន្លងទៅលោកស៊ុយ សែម មិនបានឆ្លើយទេ លិខិតកាលពីលើកមុន​ផ្ញើទៅមួយខែហើយ អត់មានការឆ្លើយតបតាមគោលការណ៍រដ្ឋធម្មនុញ្ញ ដូច្នេះជាសរុបខ្ញុំមានការព្រួយបារម្ភដែរ ក្នុងគោលការណ៍លទ្ធិប្រជាធិបតេយ្យអំណាច​ដាច់ពីគ្នារដ្ឋសភា រដ្ឋាភិបាល និងតុលាការ​ ឥឡូវ​ដូចជាឥទ្ធិពលនៃអំណាច​ប្រតិបត្តិ​[រដ្ឋាភិបាល]គ្រប់ដណ្តប់ទំាងរដ្ឋសភា ទំាង​តុលាការកាន់តែធ្ងន់ធ្ងរដែលផ្ទុយពីប្រជាធិបតេយ្យ នេះជាការព្រួយបារម្ភ»

លោក សុន ឆ័យ ឲ្យដឹងថាលោកបានធ្វើសំណើរទៅប្រធានរដ្ឋសភាច្រើនដង​ម​ក​ហើយ ដើម្បីឲ្យ លោក ហេង សំរិន កោះហៅរដ្ឋមន្ត្រីនៅក្នុងគណបក្សកាន់​អំណាចចូល​បំភ្លឺ​​ជុំ​វិញភាពមិនប្រក្រតីក្នុងកិច្ចការរបស់ខ្លួន ឲ្យសាធារណៈជនបានដឹង។ ប៉ុន្តែលោកថាមិនដែលជួប​ឧបសគ្គ​ដូចពេលនេះទេ។

កាលពីថ្ងៃទី៣១ខែតុលា ឆ្នាំ២០១៦ ក្រុមអង្គការសង្គមស៊ីវិលជិត៥០ស្ថាប័ន បានផ្ញើលិខិតចំហមួយច្បាប់​ទៅរដ្ឋ​មន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ឌិត ឌីណា ដោយទាមទារឲ្យបកស្រាយបំភ្លឺការនាំចេញខ្សាច់​ពីប្រទេស​កម្ពុជា ទៅកាន់ប្រទេសនានា ចាប់ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៥ផងដែរ។ តែអ្នក​នាំពាក្យ​ក្រសួង​រ៉ែ​​និងថាមពល លោក ឌិត ទីណា បានថ្លែងថា ប្រទេសកម្ពុជាបាននាំខ្សាច់​ចេញទៅ​បរទេសក្នុង​បរិមាណជាង១៧លានតោន នៅចន្លោះឆ្នាំ២០០៧ដល់ឆ្នាំ២០១៥។

ទោះជា​​យ៉ាងណា តួលេខនេះខុសគ្នាឆ្ងាយពីតួលេខដែលគេទទួលបានពី​ខាងនាយកដ្ឋានស្ថិតិពាណិជ្ជ​កម្មរបស់​រដ្ឋាភិ​បាលសិង្ហបុរី ដែលបានបង្ហាញថាខ្សាច់ចំនួន៧២.៨លានតោន ត្រូវបាននាំចេញពី​ប្រទេស​កម្ពុជា​​​ចូលទៅប្រទេសសិង្ហបុរី នៅក្នុងរយៈពេល៨ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ