កីឡាករវ័យ១០ឆ្នាំ២រូប ធ្វើអោយកក្រើកប៉ុស្ដិ៍លេខ៥

ដោយ លោក សុខ ឆាយ​​ | ថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 6:16 PM | កំសាន្ដកីឡា | 0 | 1534

ក្នុងព្រឹត្តិការណ៍បើកឆាកការប្រកួត​ជើងឯករដូវកាលថ្មី​របស់​ប៉ុស្ដិ៍លេខ៥នៅ​​សង្វៀន​ព្រែកកំពិស​​​ជាយរាជធានីភ្នំពេញ ​កាលពីល្ងាចថ្ងៃទី០២ កញ្ញា ​គេកត់សម្គាល់ថាមានតែកីឡាករវ័យ​១០ឆ្នាំ​​២រូប​ប៉ុណ្ណោះ ដែលបាន​បើក​ប្រកួត​គ្នា​ហើយ​ទាក់ទាញ​អ្នកស្នេហា​វិស័យ​ប្រដាល់​អោយ​ជក់ចិត្ត​ និង​ស្រែក​​ហ៊ោកញ្ជ្រៀវ។

កីឡាករ​ទាំងពីរត្រូវគេ​​ឃើញ​បើកឆាកប្រយុទ្ធគ្នាបាន​ល្អ និង​រស់រវើក​មិនចាញ់កីឡាករ​​ចាស់ៗ​ដែលមានថ្វីដៃនោះទេ ខណៈដែលកីឡាករម្ខាង​ៗត្រូវបានគេ​ប្រកាសថាធ្លាប់បាន​ឡើងប្រកួតជាមួយកីឡាករក្មេងៗដូចគ្នា​​​​​​​ជាមួយជនជាតិថៃ និងកម្ពុជា​​រហូត​ដល់ជាង​​​៣០ដងនោះផង។

កីឡាករវ័យក្មេង​ដែលបានឡើងប្រកួតគ្នា ហើយធ្វើអោយមានការចាប់អារម្មណ៍​ពេញ​សង្វៀន​ប៉ុស្ដិ៍លេខ​​៥នោះ ត្រូវបានប្រកាសថា​ជាកូនសិស្ស​របស់​លោក ថៃ​​ អ៊ូ ​អ្នកដឹកនាំកីឡាករថៃអោយមកប្រកួតនៅកម្ពុជា​​ ​ក្នុងពេលដែលលោក​​​ក្រៅពីតួនាទី​​​​ដឹកនាំកីឡាករថៃ​អោយ​មកប្រកួត​​​នៅគ្រប់សង្វៀនអន្តរជាតិរបស់​កម្ពុជា លោកក៏មានក្លិប​ផ្ទាល់ខ្លួនមួយឈ្មោះ​ក្លិប​ប្រដាល់ក្រុងប៉ោយ​ប៉ែត និងកូនសិស្ស​​របស់កីឡាករ​បឺត ខាំ និង​បឺត ​សំខាន់ ដែលជាអតីតកីឡាករជើងខ្លាំងពីរនាក់បង​ប្អូន។

​កីឡាករបង្គោលក្រហមត្រូវបានប្រកាសថា​ឈ្មោះ ​ចាំ សិលា ជាកូនសិស្សរបស់​លោក ថៃ អ៊ូ មានវ័យ​​១០ឆ្នាំ និងធ្លាប់ប្រកួតរហូតដល់៣៦ដង សរុបទាំងការប្រកួតដែលបានធ្វើឡើងមួយលើកចុងក្រោយនោះផង។ ដោយឡែកសម្រាប់កីឡាករបង្គោលខៀវ ត្រូវ​បានប្រកាសថា​ឈ្មោះ ខាំ សាការី វ័យ​១០ឆ្នាំដូចគ្នា និង​ជាសិស្សប្រចាំក្លិប​​​រ៉ាហាប់​ស្វាយប៉ាក ដែលបង្ហាត់​ដោយ​កីឡាករ​​​​ជើងខ្លាំងកាលពី​មុន​គឺ បឺត​ សំខាន់​ និងបង​ប្រុស​គឺបឺត ខាំ ដែលទើបឡើងប្រកួតបាន​​​២លើក​ប៉ុណ្ណោះ ​ប៉ុន្តែមិនធម្មតា​។ ​

អ្នកទាំងពីទទួលភាពទាក់ទាញតាំងពី​ក្នុងពេល​​​ថ្វាយបង្គំគ្រូ ដោយសារតែ​កីឡាករទាំង​​ពីរមាន​ក្បាច់ថ្វាយ​​បង្គំ​​​រស់វើក និងទន់ភ្លន់ មិន​​អន់កីឡាករ​​​​​ពេញវ័យដែលមានបទពិសោធន៍ឡើងថ្វាយបង្គំគ្រូ​ដូច្នោះដែរ។ ​​​អ្នកទាំងពីរ​ត្រូវគេអោយប្រកួតគ្នាតែ៣ទឹកប៉ុណ្ណោះ ដោយក្នុងមួយទឹក​​​មាន​​រយៈពេល​​៣​នាទី ហើយអ្នកទាំងពីរក៏ត្រូវគេកត់សម្គាល់ថា​ជាកីឡាករ​វ័យ​ក្មេង​​​​​​​នៅក្នុងពិភពប្រដាល់​​​​​ដែល​មានសមត្ថភាព​​មិនខុសពី​បានទស្សនា​​ការប្រដាល់របស់មនុស្ស​ពេញវ័យ​​​ឡើងរេញ​ប៉ះ​គ្នា។ ​

ក្នុងទឹកទី​​១ កីឡាករ​បង្គោលក្រហមត្រូវ​​គេមើលឃើញថាមានប្រៀប​ល្អជាង ប៉ុន្តែ​​​នៅចុង​ទឹកទី​២ និង​​ពេញមួយទឹក​ទី៣ ​កីឡាករបង្គោលខៀវបែរជា​មានប្រៀបជាង បន្ទាប់ពី​ក្នុងទឹកទី​​២ កីឡាករក្រហម​ភ្លាត់អោយ​កីឡាករ​បង្គោលខៀវ​​​វ័ធត្រូវ​មួយកែងចំមុខ​ហើយបណ្ដាលអោយ​បែកអំពិលអំពែក​ដែលធ្វើអោយបាត់បង់សមាធិ។ អ៊ីុចឹង​ហើយទើប​បញ្ចប់ការប្រកួតកូនសិស្ស​វ័យ​​​​១០ឆ្នាំរបស់​បឺត ខាំ ដែលទើប​ឡើងសង្វៀ​ន​​បាន​​២​លើករាប់ទាំង​ការប្រកួត​ចុងក្រោយ​​​ដែលបាន​ធ្វើឡើង បាន​ឈ្នះ​ពិន្ទុខុសពីការ​ប៉ាន់ស្មានទុន ​​បើធៀប​នឹង​ពេល​ពិធីករទើប​តែប្រកាស​​ពី​បទពិសោធន៍​ក្នុងពេល​​ថ្វាយបង្គំគ្រូ។

លោក​​សេង កដិកា ​អ្នករៀបចំ​ការប្រដាល់ប្រចាំនៅ​ប៉ុស្តិ៍លេខ​​៥ បានអះអាងថា​ដោយសារតែលោកចង់​រំលេច​ការប្រកួត​​​​រដូវកាលថ្មីសម្រាប់ព្រឹត្តិការណ៍ដណ្ដើមពាន​​ជើងឯក ​«ជើងឯកK Cement TV5 Knock Out Series »​ ដែលមានកីឡាករសរុប​​​​​៣២រូប​ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម​​ប្រកួតគ្នា ទើប​លោក​ដាក់​​កីឡាករ​វ័យក្មេងទាំង​​​អោយឡើងប្រកួតគ្នា។

លោកថា​​កីឡាករប្រដាល់​​​​វ័យ១០ឆ្នាំ ​មិនងាយរក​​បាន​នោះទេ ជាពិសេសសម្រាប់កីឡាករ​​ដែល​​នៅ​វ័យក្មេងបែបនេះ​ហើយមាន​ប្រវត្តិប្រកួត និង​​ឆ្លងកាត់ការ​ហ្វឹកហាត់រហូងដល់​ច្រើនខែ។ លោកថា​​​​កីឡាករ​​ក្មេងៗ​ទាំង​​២លោកគ្រាន់តែមានបំណង​ចង់​​អោយឡើងពញាក់អារម្មណ៍ពីភាពក្លាហានរបស់​​​ក្មេងប្រុសទាំងពីរប៉ុណ្ណោះ ប៉ុន្តែ​​ដល់ពេលប្រកួតជាក់ស្ដែងទាំង​កីឡាករ ចាំ សិលា និង​កីឡាករ​ ខាំ​ សាការី បែរជាមានបច្ចេកទេស​រស់រវើក​គួរអោយសរសើរ​​​ធ្វើអោយ​អ្នកទស្សនាពេញចិត្ត ដោយសូម្បីតែលោកក៏មិន​ចង់ជឿភ្នែក។ លោកថាប៉ុស្ដិ៍លេខ​​៥ មាន​បំណង​បណ្ដុះ​​​កីឡាករ​​ក្មេងៗបែបនេះ​អោយឡើងប្រកួត​អោយបានច្រើន​តែ​​មិនងាយ​រកបាន​កីឡាករ​ក្មេងៗ​​ត្រឹម​វ័យ​​១០ឆ្នាំ​វ័យ​​​លើសនេះ​​តិច​តួចអោយត្រូវ​គ្នាទាំងអាយុ ទាំងគីឡូ និង​បទពិសោធន៍​អោយ​​​ឡើងប៉ះគ្នា។ ជាក់ស្ដែងលោកថា​កីឡាករជាកូនសិស្សរបស់​លោកថៃ អ៊ូ ធ្លាប់បានឆ្លងកាត់ការប្រកួតរហូត​ដល់​ជាង​​៣០លើក គឺមិន​​មាន​កីឡាករ​​វ័យក្មេងស្របាលគ្នា​​​​​ដែលមានប្រវត្តិប្រកួតបានច្រើន​បានបែបហ្នឹង​នោះទេ តែ​លោកចាត់ទុកថា​ជា​​រឿងសំណាង ដែលកូនសិស្ស​របស់កីឡាករបឺត ខាំ ដែលទើប​ឡើងប្រកួតលើរេញបានតែម្ដង​ហ៊ាន​ឡើងប្រកួត​ជាមួយ ទើប​លោកសម្រេច​​​អោយ​​ឡើងប្រកួតតែម្ដង​ដើម្បីអោយបានគូ​ប្លែកបែបនេះ។ ​​អ្វីដែលលោកភ្ញាក់ផ្អើលទៅទៀតនោះគឺកីឡាករ ខាំ សាការី ដែល​​មានប្រវត្តិ​ប្រកួត​តិច​បំផុត​អាច​​យកឈ្នះ​លើកីឡាករ​ ​ចាំ សិលា ដែល​​ឡើងសង្វៀន​​ដល់ទៅ​​៣៥លើកមុន​ប៉ះគ្នា។ ​

លោកថៃ អ៊ូ គ្រូបង្វឹក​កីឡាករ​វ័យក្មេង​បង្គោលក្រហមលោកថា​ ​​ហេតុផលដែលកូនសិស្ស​​របស់លោកវាយចាញ់​កីឡាករដែលទើបឡើងប្រកួត​បាន​តិច​ជាងគឺដោយសារតែគេភ្លាត់​​អោយត្រូវមួយកែងត្រង់​កណ្ដា​​លមុខ ​និង​ដោយសារតែគេនៅមានអាការៈពុល​រថយន្តព្រោះតែបានធ្វើដំណើរ​​ផ្លូវឆ្ងាយតាំងពី​​ខេត្ត​បន្ទាយមានន័យ​នោះតែប៉ុណ្ណោះ។ លោកថា​កីឡាករ​​ ចាំ សិលា រស់នៅ​​ និងហ្វឹកហាត់ក្នុងក្លិបរបស់លោកនៅខេត្តជាប់​ព្រំដែនប្រទេសថៃ ដោយ​​លោកទើបតែបាន​នាំ​​ជិះឡានមកដល់ភ្នំពេញ​​​មុនការប្រកួតប៉ុន្មានម៉ោងប៉ុណ្ណោះ ទើបកីឡាករ​របស់លោកនៅមានអារម្មណ៍ធីងធោង ហើយក៏​បាត់បង់ជំហរ​​​​វា​យខ្លាំងតែម្ដង​ក្រោយភ្លាត់ត្រូវមួយកែងកណ្ដាលមុខ។ លោកនៅតែអះអាងថា​បើ​​​កុំតែមានស្ថានភាព​​ពុលឡាន​មិនទាន់បាត់ គឺប្រហែលជា​កីឡាករ ខាំ សាការី មិន​អាច​យកឈ្នះបានទេ។ លោកថាកីឡាករ​​ចាំ សិលា ​ឡើងទៅប្រកួតជាមួយកីឡាករ​ក្មេងៗដូចគ្នានៅក្នុងប្រទេសថៃ​ច្រើនលើកមកហើយ ដោយ​​ក្នុងចំណោម​​​​៣៥ប្រកួត​​មុន​​បង្ហាញ​ខ្លួននៅ​ប៉ុស្ដិ៍លេខ​​៥ គេចាញ់តែម្ដងគត់ក្រោមដៃគូប្រកួត។ លោកថា​ក្រោយការ​បើកប្រកួត​របស់ប៉ុស្ដិ៍លេខ៥សម្រាប់រដូវកាលថ្មី ​លោក​​នឹងដឹកនាំនាំ​កីឡាករថៃ​​​មួយរូប និងកីឡាករកម្ពុជាហ្វឹកហាត់​ក្នុងក្លិបរបស់លោក​ចំនួន​​២រូបមកប្រកួតនៅ​​ប៉ុស្ដិ៍​លេខ​​៥រៀងរាល់ល្ងាច​ថ្ងៃសៅរ៍ តែលោកថា​មិនមានកីឡាករក្មេងៗ​​ដូច​ចាំ សិលា សម្រាប់​ឡើងប្រកួត​​​​​​​នោះទេ ដោយសារតែកីឡាករក្មេងៗបែបនេះ​​ពិបាករកគូផ្គូរផ្គង និងខ្លះមកហាត់មែនតែមិនហ៊ានឡើងរេញ៕

 

សរសេរមកកាន់ លោក សុខ ឆាយ តាមរយៈ sokchhay@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required