អ្នកនយោបាយថ្លែងបញ្ឆិតបញ្ឆៀងដាក់គ្នាក្រោយបុណ្យភ្ជុំ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក កឹម សុខា កាលពីកន្លងទៅ

បន្ទាប់ពីបានប្រកាស «បទឈប់បាញ់» ក្នុងរដូវបុណ្យភ្ជុំនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានថ្លែងបែបបញ្ឆិតបញ្ឆៀងដោយទំនងសំដៅទៅលោក កឹម សុខា ដែលមិនបានចេញពីទីស្នាក់បក្សទៅចូលរួមបុណ្យភ្ជុំ។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា លោក ហ៊ុន សែន ថ្លែងថាអ្នកខ្លះបានប្រព្រឹត្តិបទល្មើសមិនបានចេញទៅធ្វើបុណ្យជូនដូនតានៅថ្ងៃបុណ្យភ្ជុំ ទើបធ្វើឲ្យប្រែតឡើងមករាជធានីច្រើនតាមរកអ្នកនោះ។

លោកមានប្រសាសន៍ថា៖ “ឆ្នាំនេះប្រែតមកជុំតែម្តង ប្រែតតាមផ្លូវលេខ១ ប្រែតតាមផ្លូវលេខ២ ប្រែតតាមផ្លូវលេខ៣ ប្រែតតាមផ្លូវលេខ៤ ប្រែតតាមផ្លូវលេខ៥ ប្រែតតាមផ្លូវលេខ៦ចូលមកភ្នំពេញទំាងអស់ ព្រោះមករកកូនចៅមួយចំនួនវាមកប្រព្រឹត្តអំពើផ្តេសផ្តាសនៅភ្នំពេញ ហើយវាមិនព្រមទៅធ្វើបុណ្យ ដ៏មិនព្រមទៅធ្វើបុណ្យប្រែតវាមកតាមផ្លូវជាតិមកទំាងអស់ “។

កាលពីបុណ្យភ្ជុំធំ (ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦) លោក កឹម សុខា បានសរសេរលើហ្វេសប៊ុករបស់លោកថាភរិយានិងកូនៗរបស់លោកបានស្នើសុំឲ្យលោកធ្វើម្ហូបដែលលោកធ្លាប់ធ្វើកាលពីលោកនៅជាក្មេងវត្តជាង៤០ឆ្នាំមុន អមដោយរូបថតពិសារអាហារជាលក្ខណៈគ្រួសារក្នុងទីស្នាក់ការបក្ស។

នៅថ្ងៃច័ន្ទនេះ ក្រោយពីលោក ហ៊ុន សែន បានថ្លែងបែបបញ្ឆិតបញ្ឆៀងនោះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានសរសេរសារលើហ្វេសប៊ុករបស់លោក ដោយភ្ជាប់នឹងរូបថតអាវខ្មៅដែលបានឈរនៅក្រោយស្នាក់ការបក្ស ហើយភ្នែកសម្លឹកមើលទៅលើមេឃនិងយកដៃចង្អុលពពកថា៖ “ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មិនមានភ្លៀងរលឹមជោគជាំដូចពីមុននោះទេ ទោះបីមេឃមិនទាន់ស្រឡះ មានពពកបាំងខ្លះ ក៏មានថ្ងៃរះផងដែរ។ ក្រោយភ្លៀង មេឃនឹងស្រឡះ ខ្មែរនឹងឈ្នះទាំងអស់គ្នា ” 

អ្នកតាមដានស្ថានការណ៍នយោបាយម្នាក់ លោកបណ្ឌិត មាស នី យល់ថា ដំណាក់កាលនេះ អ្នកនយោបាយត្រូវតែយកបញ្ហាដាក់លើតុជជែកគ្នារកដំណោះស្រាយ ដោយលោកថា បើអ្នកនយោបាយនៅតែធ្វើប្រើពាក្យសម្តីវាយប្រហារគ្នាទៅវិញទៅមកបែបនេះ លោកថានឹងធ្វើឲ្យប្រជាពលរដ្ឋនិងប្រទេសជាតិរងគ្រោះធំ។

លោកថា៖ “ត្រូវតែរកមធ្យោបាយ រកច្រកចេញទៅបើនៅបែបនេះវាអត់មានឯកភាពជាតិទេ ហើយអ្នកដែលខំឈ្លោះគ្នា ក៏អត់បានប្រជាប្រិយភាព ក្រៅពីរិះគន់កាន់តែច្រើនឡើងៗពីសំណាក់ពលរដ្ឋទូទៅ ខ្ញុំគិតថាអ្វីដែលគេកំពុងធ្វើរាល់ថ្ងៃនេះ គឺមិនបានចំណេញទៅដល់ប្រជាប្រិយភាពរបស់ខ្លួនទេ”។

គួរបញ្ជាក់ថា កំដៅនយោបាយនៅកម្ពុជាបានកើនឡើងខ្លាំង នៅពេលដែលតុលាការកាត់ទោសលោក កឹម សុខា ឲ្យជាប់ទោស៥ខែ និងពិន័យជាប្រាក់៨សែនរៀល ពីបទបដិសេធមិនចូលខ្លួនពាក់ព័ន្ធសំណុំរឿងស្នេហា។

ក្រោយពីមានការសម្រេចនេះ គណបក្សប្រឆាំងបានប្រកាសឲ្យអ្នកគាំទ្រខ្លួនត្រៀមធ្វើបាតុកម្មអហិង្សា ដោយទាមទារឲ្យមានការពារសិទ្ធិសេរីភាពបញ្ចេញមតិ របបប្រជាធិបតេយ្យសេរីពហុបក្ស និងអភ័យឯកសិទ្ធិសភា ដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ តែលោក ហ៊ុន សែន បានព្រមានប្រើកម្លាំងប្រដាប់អាវុធបង្ក្រាបបាតុកម្មនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ