ខ្មែរ​នៅ​អូស្ត្រាលី​គ្រោង​តវ៉ា​នៅ​សប្ដាហ៍​ក្រោយ ទាមទារ​ឲ្យ​ដោះ​លែ​ង លោក កឹម សុខា

ដោយ លោក លី វេហា​​ | ថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០១៧​ ម៉ោង 3:22 PM | សិទ្ធិមនុស្ស | 0 | 4738 ប្រជា​ពលរដ្ឋ​ខ្មែរអាមេរិកកាំង​ធ្វើបាតុកម្ម​ប្រឆាំង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦(រូបភាព​ដែលបង្ហោះលើហ្វេសប៊ុក​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំង)

ពលរដ្ឋខ្មែររស់នៅប្រទេសអូស្រ្តាលី បានប្រកាសធ្វើបាតុកម្មនៅសប្ដាហ៍ក្រោយ​នេះ ដើម្បីទាមទារ​ឲ្យ​ដោះលែងមេដឹកនាំ​អតីត​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ និង​ទាម​ទារ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បន្ត​គោរព​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស ដែល​បាតុកម្ម​នោះ​គ្រោង​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​គម្រោង​បាតុកម្ម​របស់​ក្រុម​អ្នក​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង​នៅ​មុខ​សេតវិមាន​អាមេរិក។

សហព័ន្ធខ្មែរអូស្រ្តាលី បានប្រកាសធ្វើមហាបាតុកម្មនេះតាមរយៈលិខិតមួយដែលអំពាវនាវឲ្យពលរដ្ឋខ្មែរនៅអូស្រ្តាលីតាមបណ្ដារដ្ឋនានា ចូលរួមជួបជុំគ្នានៅក្នុងទីក្រុងកង់បេរ៉ា នៅថ្ងៃទី៥ ខែធ្នូ ដើម្បីទាមទារឲ្យដោះលែង​ប្រធាន​អតីត​គណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ និង​គោរពសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។

​បាតុកម្ម​នេះ ត្រូវ​បាន​គ្រោង​រៀបចំ​ធ្វើ​ឡើង​តែ​ ៥​ថ្ងៃ​ប៉ុណ្ណោះ នៅ​មុន​គម្រោង​បាតុកម្ម​របស់​ក្រុម​អ្នក​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង នៅ​មុខ​សេតវិមាន​របស់​ប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅ​ចំ​ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ​ខាង​មុខ។

មេដឹកនាំ​អតីត​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ» និង «ឃុប​ឃិត​ជាមួយ​ជន​បរទេស» ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។

ក្រោយ​មក​ទៀត គណបក្ស​សង្គ្រោះជាតិ ក៏​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​កន្លង​មក​នេះ ទៅ​តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ។

ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង និង​ការ​រំលាយ​បក្ស​នេះ​ចោល បាន​ជំរុញ​ឲ្យ​មាន​ការ​ថ្កោល​ទោស​ពី​សហគមន៍​អន្តរជាតិ នាំ​មុខ​ដោយ​សហ​រដ្ឋ​អាមេរិក ចក្រ​ភព​អង់គ្លេស និង​សហភាព​អឺរ៉ុប ហើយ​បាន​ចាត់​ទុក​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ថា បាន​ដើរ​ឃ្លាត​ចាក​ពី​គន្លង​ប្រជាធិបតេយ្យ។

ទោះជាយ៉ាងណា រដ្ឋាភិបាល​កម្ពុជា អះ​អាង​ថា វិធានការ​របស់​ខ្លួន​ទៅ​លើ​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន គឺ​ជា​ការ​អនុវត្ត​ច្បាប់៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required