បក្សប្រជាជនប្រកាសទទួលយកលទ្ធផលបោះឆ្នោតព្រឹទ្ធសភា

គណបក្សប្រជាជនកម្ពុជាប្រកាសទទួលយកលទ្ធផលបោះឆ្នោត ដែលគណបក្ស​ខ្លួនទទួលបានអាសនៈទាំង ៥៨ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ កាលពីថ្ងៃទី ២៥ កុម្ភៈកន្លងទៅ។

គណបក្សប្រជាជនបានចេញសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី ០៣ ខែ មីនា ថាគណបក្សរបស់ខ្លួនប្រកាសជា​ឧឡារិក ទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី ៤នេះ ដោយថា​លទ្ធ​ផល​នេះបានឆ្លុះបញ្ចាំងពីឆន្ទៈ និង បំណងប្រាថ្នារបស់ប្រជាពលរដ្ឋដែលស្រលាញ់សន្តិភាព។

ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះបន្តថាការបោះឆ្នោតកាលពីពេលថ្មីៗនោះ គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសល្អ ស្របតាមរដ្ឋធម្មនុញ្ញ និង ច្បាប់ ដែលមានលក្ខណៈ សេរី ត្រឹមត្រូវ និង យុត្តិធម៌។

ជាមួយគ្នានោះគណបក្សប្រជាជនក៏បានសំដែងការដឹងគុណចំពោះអង្គបោះឆ្នោតដែលបក្សនេះថាជាតំណាងរាស្រ្ត​​ប្រសូតចេញពី ឆន្ទៈរបស់ពលរដ្ឋ ដែលបោះឆ្នោតគាំទ្រឲ្យគណបក្សប្រជាជនទទួល​បានជ័យជម្នះដ៏ត្រចះ​ត្រចង់​នេះ។

ក្នុងសេចក្ដីថ្លែងការណ៍នោះដែរគណបក្សប្រជាជនក៏បានវាយតម្លៃខ្ពស់ចំពោះ គ.ជ.ប ដោយថាបានខិតខំ បំពេញ​តួនាទី ភារកិច្ចរបស់ខ្លួនដែលប្រជាជនបានប្រគល់ឲ្យ ប្រកបដោយភាពអព្យាក្រឹត ប្រសិទ្ធភាព និង ការទទួលខុស​ត្រូវ។

បន្ថែមលើនោះគណបក្សប្រជាជនក៏បញ្ជាក់ដែរថាព្រឹទ្ធសភាដែលដឹកនាំដោយបក្សរបស់ខ្លួនតែឯងនេះ នឹង​ប្រតិ​បត្តិ​យ៉ាងម៉ឹងម៉ាត់នូវរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង និងមុខងារទាំង ៣ របស់ព្រឹទ្ធសភាគឺមុខងារនីតិកម្ម ជាតំ​ណាង និង មុខងារតាមដានការអនុវត្តច្បាប់ ដើម្បីលើកម្ពស់ការតាក់តែងច្បាប់ និង ខិតខំពង្រឹងលទ្ធិប្រជា​ធិប​តេយ្យ ទាំង​នៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ។

ទោះបីជាយ៉ាងណាកាលពីថ្ងៃទី ២៥ ខែកុម្ភៈគណបក្សសង្គ្រោះជាតិ ដែល​ត្រូវ​បាន​រំលាយ​ចោល​ទៅ​ហើយ​នោះ បានចេញសេចក្ដីថ្លែងការណ៍​បដិសេធ​ មិនទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​​នេះទេ ដោយ​ថា ការ​បោះ​ឆ្នោត​នេះ ត្រូវបាន​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់ និង​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ។

ការបោះឆ្នោតនោះមានការ​ចូល​រួម​ពី​គណបក្ស​នយោបាយ​ចំនួន ៤​ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួលបាន​ការគាំទ្រពីពលរដ្ឋជិត ៣លាននាក់នោះ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​អសកល​នេះ​ទេ បន្ទាប់​ពី​បក្ស​ប្រឆាំង​មួយ​នេះ ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន។

ចំណែក​ឯ​អាសនៈ​ជាប់​ឆ្នោត​ទាំង​អស់​របស់​បក្ស​ប្រឆាំង​មួយ​នេះ ត្រូវ​បាន​ដក​ហូត និង​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​ផ្សេង ដែល​ពលរដ្ឋ​ពុំ​បាន​បោះ​ឆ្នោត​ឲ្យ​នៅ​អំឡុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ និង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ