រដ្ឋាភិបាលបន្តលុបចោលកម្មវិធីជំនួយមនុស្សធម៌របស់អាមេរិកមុនការបោះឆ្នោត

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 2:40 PM | បោះឆ្នោតអភិបាលកិច្ចល្អ | 0 | 12425

ស្ថានទូតអាមេរិកឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា​ បានសម្រេចពន្យាពេលកម្មវិធី «កងវិស្វកម្មចល័ត» ឬ Seabees (ឃ្មុំសមុទ្រ) ដែលនាំឲ្យមានការលុបចោលនូវជំនួយមនុស្សធម៌របស់កងទ័ពនាវាអាមេរិក ចេញ​ពីទឹកដីរបស់ខ្លួន ក្រោមហេតុផលថា ដើម្បីរក្សាសន្ដិសុខជាតិ ខណៈការបោះឆ្នោតជិតចូលមកដល់។

កាលពីថ្ងៃចន្ទទី៣ខែមេសាម្សិលមិញ នៅរាជធានីភ្នំពេញ ស្ថានទូតអាមេរិក​ បានរៀបចំ​ពិធីជប់លៀង​បិទ​បញ្ចប់​​បេសកម្ម​កងទ័ពជើងទឹកផ្នែកជំនួយមនុស្សធម៌អាមេរិក ឬហៅម្យ៉ាងទៀតថា «កងវិស្វកម្មចល័ត» Seabees (“ឃ្មុំសមុទ្រ”) ក្រោយពីពួកគេបានបម្រើការងារអស់រយៈ៩ឆ្នាំនៅកម្ពុជា។ នេះ បើតាម​ទំព័រ​ហ្វេសប៊ុក​​ស្ថានទូតអាមេរិកប្រចាំកម្ពុជា។

បើតាមទំព័រហ្វេសប៊ុកដដែល ស្ថានទូតអាមេរិក ឲ្យដឹងថា ការ​បញ្ចប់​បេសកកម្មកង​ទ័ព​ជំនួយ​មនុស្ស​ធម៌អាមេរិកនេះ គឺធ្វើឡើងបន្ទាប់ពី​រាជរដ្ឋាភិបាលកម្ពុជា​ បានជូនដំណឹង​ដល់ស្ថានទូតអាមេរិក កាល​ពី​សប្ដាហ៍​មុនថា ខ្លួនសម្រេចបញ្ឈប់មិនឲ្យមានកម្មវិធីកងនាវា Seabees ដោយគ្មានកាលកំណត់។

បើតាមស្ថានទូតអាមេរិក រដ្ឋាភិបាលកម្ពុជាអះអាងថា ខ្លួនត្រូវផ្ដោតលើការរក្សាសន្ដិសុខជាតិ មុន​ការបោះ​ឆ្នោតខាងមុខ។

ស្ថានទូតអាមេរិកឲ្យដឹងទៀតថា ការសម្រេចរបស់កម្ពុជានេះ ធ្វើឲ្យអាមេរិកត្រូវលុបចោលគម្រោងចំនួន២០ ដូចជា គម្រោងសាងសង់បន្គន់អនាម័យតាមសាលារៀន និងមន្ទីរសម្ពពក្នុងខេត្តចំនួន៦ ដូចជាកំពត តាកែវ ត្បូងឃ្មុំ និងកំពង់ចាម ជាដើម។

ក្រៅពីផ្អាកកម្មវិធី Seabees របស់កងនាវាមនុស្សធម៌អាមេរិកនេះ កម្ពុជាបានលុបចោល និងពន្យារពេលគម្រោងធ្វើសមយុទ្ធយោធាធំៗ មួយចំនួនទៀតជាមួយអាមេរិកផងដែរ។

ចំណងមិត្តភាពកម្ពុជា និងអាមេរិកត្រូវបានគេមើលឃើញថា កាន់តែរង្គោះរង្គើ​រ​ខណៈ​កម្ពុជា​បានបង្ហាញ​ជំហរ​​គាំទ្រដល់ចិន បន្ទាប់ពីខ្លួនមិនអាចសុំឲ្យអាមេរិកលុបបំណុលចាស់ ដែល​ជំពាក់​កាល​ពី​សម័យ​សង្គ្រាម។

កងនាវាជំនួយមនុស្សធម៌ Seabees បានចាប់ផ្ដើមដំណើរការនៅកម្ពុជាតាំងពីឆ្នាំ២០០៨ និងជួយដល់គម្រោងសេវាសហគមន៍ និងពលរដ្ឋខ្មែររាប់ពាន់នាក់ សរុបជាទឹកប្រាក់ប្រមាណ៥លានដុល្លារអាមេរិក ដូចជា សាងសង់មន្ទីរពេទ្យ សាលារៀន ជួយពលរដ្ឋរងគ្រោះនៅថ្នាក់មូលដ្ឋាន និងកិច្ចសហការជាមួយរដ្ឋាភិបាលកម្ពុជាលើផ្នែកកងទ័ពជាដើម៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required