សហភាពអឺរ៉ុបហៅការបន្ដឃុំខ្លួនមន្ដ្រីសិទ្ធិមនុស្ស៥រូបធ្វើឡើងតាមទំនើងចិត្ត

អ្នកជាប់ឃុំទាំង៥ (រូបភាពផ្តល់ឲ្យ)

សហភាពអឺរ៉ុប ចាត់ទុកការបន្ដឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស៥រូបរយៈពេល៦ខែទៀតថា​ ធ្វើឡើង​តាម​ទំនើង​ចិត្ត និងទទូចឲ្យដោះលែងជាបន្ទាន់ ខណៈពួកគេជាប់ពន្ធនាគារជាង១ឆ្នាំមកហើយ។

ក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយថ្ងៃទី៤ខែឧសភាឆ្នាំ២០១៧ សហភាពអឺរ៉ុបបានប្រតិកម្មទៅ​នឹង​ការ​សម្រេច​របស់តុលាការកម្ពុជា ដែលនៅបន្ដឃុំខ្លួន​មន្ដ្រីការពារសិទ្ធិមនុស្ស​របស់អង្គការ​អាដហុកចំនួន៤រូប និងមន្ត្រីគ​.ជ.ប ឲ្យជាប់ពន្ធនាគារ៦ខែបន្ថែមទៀត ខណៈពួកគេបានជាប់ឃុំ​ជាង១ឆ្នាំហើយ ពោល ចាប់តាំងពីការសម្រេចឃុំខ្លួនលើកដំបូង កាលពីថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦។

សហភាពអឺរ៉ុបយល់ថា ការសម្រេចឃុំខ្លួនជាបណ្ណោះអាសន្នបន្ដទៀតនេះ គឺធ្វើឡើងតាមអំពើចិត្តរបស់អ្នកមានកាន់អំណាច និងទទូចឲ្យរដ្ឋាភិបាល​ និងតុលាការកម្ពុជាដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញជាបន្ទាន់។ សហភាពអឺរ៉ុបថា រដ្ឋាភិបាលកម្ពុជាត្រូវគោរពសិទ្ធិជន​ជាប់ចោទទាំង៥នាក់ទាំងនោះ ដោយថា​ត្រូវអនុវត្តតាម​ឲ្យបានពេញលេញតាមច្បាប់ជាតិ និងកិច្ចព្រមព្រៀងនានា ដែលកម្ពុជាជាសមាជិកហត្ថលេខី។

កាលពីថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦ អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនមន្ត្រីអាដហុក៤រូប រួមមានលោក នី សុខា​ លោក យី សុខសាន លោក ណៃ វង់ដា លោកស្រី លឹម មន្នី និងមន្ត្រី គ.ជ.ប លោក នី ចរិយា។ បន្ទាប់មក តុលាការបានចោ​ទប្រកាន់អ្នកការពារសិទ្ធិមនុស្សទាំងនោះពី​បទសូកប៉ាន់សាក្សីតាម​ក្រ​មព្រ​ហ្មទណ្ឌកម្ពុជា ខណៈដែលស​មាគមនោះបា​នឲ្យលុ​យ​ជាង​​២០០ដុល្លារ ទៅនារីអ៊ុតសក់ម្នាក់ ដែលម​កស្វែង​រកសេវាច្បាប់ទាក់ទងនឹងការទម្លាយថាស្តី្ររូបនោះមានទំនាក់ទំនងស្នេហាលួចលាល់ជាមួយ​ប្រធានគណបក្សប្រឆាំងលោក កឹម សុខា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ