គណបក្ស​សង្គ្រោះជាតិ​អះអាង​ថា​ខ្លួន​ឈ្នះ ៤៦% នៃសំឡេងឃុំសង្កាត់​អាណត្តិទី៤

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ លោក យឹម សុវណ្ណ

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ លោក យឹម សុវណ្ណ ​ថ្លែងទៅកាន់អ្នក​យកព័ត៌មាននៅម៉ោង​៩យប់​ថ្ងៃអាទិត្យទី៤មិថុនានេះ​ថា គណបក្ស​សង្គ្រោះជាតិ​ដណ្តើម​ បានសំឡេង​ប្រមាណជា​៤៦%​ នៅក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​អាណត្តិទី៤ នេះ​បើ​តាម​លទ្ធផល​បឋម​នៃការ​រាប់​សំឡេង​ឆ្នោត​ដោយ​គណបក្ស​នេះ។

លោក យឹម សុវណ្ណ ​ថ្លែង​ក្នុង​សន្និសិទសារព័ត៌មាននៅទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​ថា «លទ្ធផល​បឋមនេះ​ នឹង​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​កើនសំឡេង​ពី​៣០% នៅក្នុងការ​បោះឆ្នោត​ឆ្នាំ២០១២ទៅ៤៦%»

លោកបន្ថែមថា៖ «គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​ប្រមាណជា​ជាង​៥០០ឃុំ»។​

ក្នុងការបោះឆ្នោត​ជ្រើ​សរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​អាណត្តិទី៣ គណបក្ស​ប្រជាជនកម្ពុជា​ទទួល​បាន​សំឡេង៦២% ចំណែកគណបក្ស​ សម រង្សី និងគណបក្ស​សិទ្ធិមនុស្សរួមគ្នា​ ទទួលបានប្រមាណជា៣០%។

បើតាម​លោក​ យឹម សុវណ្ណ លទ្ធផល​នៃការ​បោះឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សាឃុំ​សង្កាត់​នៅថ្ងៃអាទិត្យនេះ បង្ហាញថា​ គណបក្ស​សង្គ្រោះជាតិ​នឹង​ឈ្នះការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨។

លោកថា៖ «គណបក្ស​សង្គ្រោះជាតិនឹងទទួល​បាន​សម្លេង៦០%​ ដើម្បីកាន់កាប់​រដ្ឋាភិបាល។ នៅក្នុងការ​បោះឆ្នោត​ជាតិឆ្នាំ២០១៨​យើង​បូក​ថែម​តែ​១០%ទៅ១៥%ទៀត​យើង​នឹង​ឈ្នះ»។​

លោក​ យឹម សុវណ្ណ ​លើកឡើង​ដែរថា គណបក្សនេះ​នៅតែកត់សំគាល់ពី​ការគម្រាមកំហែង ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់រដ្ឋនិង​ឯកជន​មិនបានគោរព​តាមគោលការណ៍​ណែនាំ​របស់គ.ជ.ប ការ​បាត់បង់​សិទ្ធិបោះឆ្នោត​របស់កម្មករ​ចំណាកស្រុក និង​ការ​មិនបានទៅ​បោះឆ្នោត​របស់​ពលរដ្ឋ​ដែលមានសិទ្ធិ​បោះឆ្នោត​​ជាង​១៤% ថា​នៅតែជា​បញ្ហា ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​សេរី​និង​យុត្តិធម៌នៃការបោះឆ្នោត។​

គណកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប)​ អះអាងថា​ ប្រជាពលរដ្ឋ​ដែល​មានសិទ្ធិបោះឆ្នោត​​ចំនួន​៨៥.៧៤% ​បាន​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណតិ្តទី៥ដែល​ទើប​បាន​បិទ​បញ្ចប់​នៅ​ម៉ោង​៣រសៀល​ថ្ងៃអាទិត្យ​ ទី៤ ខែ​មិថុនានេះ។

VOD នៅមិនទាន់​អាចសុំការអធិប្បាយ​ពីអ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន​ ដើម្បី​ឆ្លើយតប​នឹងការលើកឡើង​របស់គណបក្ស​សង្រ្គោះជាតិ​បាននៅឡើយទេនៅយប់ថ្ងៃអាទិត្យនេះ ​ដោយលោក​អះអាង​ថា កំពុងជាប់រវល់​រាប់សន្លឹក​ឆ្នោត។​

បន្ទប់​ស្ថានការណ៍បោះឆ្នោតដែល​សម្របសម្រួល​ដោយអង្គការ​ខមហ្វ្រែល (Comfrel) និង​​អង្គការ​តម្លាភាពកម្ពុជា (TI Cambodia)ដែល​បាន​ដាក់ពង្រាយ​អ្នក​អង្កេតការណ៍​នៅតាមការិយាល័យបោះឆ្នោត​នៅ​ទូទាំងប្រទេស​បាន​វាយតម្លៃ​ថា ទោះ​បីជា​នៅមានភាព​មិនប្រក្រតី​តិចតួច​ តែ​ដំណើរការ​បោះឆ្នោត​បាន​ប្រព្រិត្តទៅ​ដោយ​រលូន សុវត្ថិភាព និង​សន្តិវិធី។

បើតាម​នីតិ​វិធី​របស់គ.ជ.ប លទ្ធផល​ជាផ្លូវការ​នៃការ​បោះឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សាឃុំ​សង្កាត់​នឹង​ត្រូវ​ប្រកាសជាផ្លូវការ​នៅ​ថ្ងៃទី២៥ ខែ​មិថុនាខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ