អ៊ិត សេដ្ឋា អត់ប្រាប់កូន និងម្ដាយ ថាមានជំងឺមហារីក

លោក អ៊ិត សេដ្ឋា កាលពីពេលកន្លងទៅ

យោងតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យ គឺលោកអ៊ិត សេដ្ឋា មានជំងឺក្រិនថ្លើម ហើយបានបង្កទៅជា ជំងឺ មហារីក​​ថ្លើមធ្ងន់ធ្ងរនៅមុនពេលស្លាប់។ ក្នុងនោះគ្រូពេទ្យ ដដែលក៏បានប្រាប់ថា លោកមានជំងឺទាចទឹក និងទឹកនោមផ្អែមព្រមគ្នាផងដែរ ទើបបណ្ដាលអោយលោកមានសភាពធ្ងន់ធ្ងរត្រឹមតែរយៈពេលខ្លី។ យ៉ាងណាមិញកូនៗ និងម្ដាយរបស់លោកបានអះអាងថា លោកអ៊ិត សេដ្ឋា មិនធ្លាប់ប្រាប់ថា លោកមាន ជំងឺបែបនេះ ​នៅមុនពេលស្លាប់នោះទេ ដោយគ្រួសារ​របស់​លោកបានត្រឹមតែដឹងថា ​លោកមាន​ជំងឺស្ពឹកដៃស្ពឺកជើង និងមានជំងឹថ្លើមប្រភេទ B ប៉ុណ្ណោះ។

អ្នកស្រីយឹម សំអឿន អាយុ៧៥ឆ្នាំ ជាម្ដាយបង្កើតរបស់លោក ​​​អ៊ិត សេដ្ឋា បានអះអាងថា អ្នកស្រី​ធ្វើដំណើរពី​ខេត្តបាត់ដំបង មករស់នៅផ្ទះជួលជាមួយលោក អ៊ិត សេដ្ឋា ​ដើម្បី​​មើលថែចៅ ក្រោយពី​​លោក អ៊ិត សេដ្ឋា បែកបាក់ភរិយា បានអះអាងថា មុនពេលលោក អ៊ិត សេដ្ឋា ធ្លាក់ខ្លួនឈឺធ្ងន់ អ្នកស្រីជាម្ដាយ និងកូនៗរបស់លោក អ៊ិត សេដ្ឋា មិនដែលបានដឹងថា លោកមានជំងឺកាចសាហាវគឺមហារីកនោះឡើយ។ អ្នកស្រី បានត្រឹមតែដឹងថា កូនប្រុសមានជំងឹថ្លើមប្រភេទB និងក្រិនថ្លើម ​ដោយលោក អ៊ិត សេដ្ឋា ក៏​តែងតែលាក់ពីជំងឺធ្ងន់របស់ខ្លួន ហើយក៏មិនដែលឃើញទៅពេទ្យជាទ្រង់ទ្រាយធំដុំក្នុងពេលមិនទាន់ដួល។ ​

ក្រុមគ្រួសារ លោក អ៊ិត សេដ្ឋា

អ្នកស្រី​ថា ក្រោយពេលលោក​ អ៊ិត សេដ្ឋា បែកប្រពន្ធលោកបានមករស់នៅ​បន្ទប់ជួលមួយកន្លែងនៅម្ដុំសាលាបឋមសិក្សាឫស្សីកែវទំហំ​ប្រហែល៤ ម៉ែត្រ ៤ជ្រុងក្នុងតម្លៃ១២០ដុល្លារក្នុងមួយខែ។ ​អ្នកស្រីថា រយៈពេលចុងក្រោយគ្រួសាររបស់កូនប្រុសដុនដាបយ៉ាងខ្លាំងដោយការរកចំណូល គឺបានត្រឹមតែបង់ថ្លៃផ្ទះ បង់ថ្លៃសាលារៀនរបស់កូន និងបង់លើបំណុលមួយចំនួនប៉ុណ្ណោះ ខណៈដែលការរស់នៅប្រចាំថ្ងៃក៍បានដោយសារតែកូនក្មួយផ្ញើអង្ករអោយ​ទទួលទាន ទើបអាចរស់បានមួយខែៗ។ អ្នកស្រី​​ថាជីវភាពរបស់​​កូនប្រុសមានការប្រែប្រួលដូចមេឃ និងដី ​ក្រោយពេលបែកបាក់ភរិយា ហើយ​ត្រូវទំនុកបម្រុងកូន​ដល់ទៅ​​​៣ដោយ​​អតីតភរិយារបស់លោកមិនបានចូលរួមឈឺឆ្អាលនោះទេ។

យ៉ាងណាមិញ អ្នកស្រីបានបដិសេធមិនទម្លាយព័ត៌មានលម្អិតរបស់កូនប្រុស​​នោះទេ ដោយអ្នកស្រីប្រាប់ថា អ្នកស្រីមិនអាចឆ្លើយបាន ជាពិសេសគឺរឿងរ៉ាវពាក់ព័ន្ធនឹងរឿងរ៉ាវដែលនាំអោយ​លោកធ្លាក់ខ្លួនដល់ថ្នាក់រស់នៅផ្ទះជួល និងហេតុផលដែលនាំអោយកូនទាំង៣ត្រូវធ្លាក់ក្នុងបន្ទុករបស់​​លោក អ៊ិត សេដ្ឋា ម្នាក់ឯង។

អ្នកស្រីនិយាយថា៖ ​«​រឿងហ្នឹងវែងឆ្ងាយខ្ញុំមិនអាចនិយាយបានទេ ទាក់តែកូន (លោក អ៊ិត សេដ្ឋា បានគេមានសិទ្ធិឆ្លើយ!»។

អ្នកស្រីបង្ហាញអារម្មណ៍រន្ធត់ចិត្តដែលកូនប្រុស​​ត្រូវទទួលមរណភាព​លឿនដូចផ្លេកបន្ទរ ដែលអ្នកស្រីយល់ថាគឺបណ្ដាលមកពី​លោកព្យាយាមលាក់ជំងឺ ហើយមិនហ៊ានរកពេទ្យព្យាបាលដិតដល់ ព្រោះតែមានបន្ទុកច្រើន។ អ្នកស្រីបញ្ជាក់ថា ក្រោយ​ពេលលោក អ៊ិត សេដ្ឋា បាត់បង់ជីវិតអ្នកស្រីមិនដឹងថាតើកូនទាំង៣នឹងស្ថិតក្នុងសភាពបែបណានោះទេ ក្នុងពេលដែលកូនរបស់លោក​​ទាំង៣គឺកូនប្រុស​​​កណ្ដាលគឹមានពិការភាព​តាំងពីកំនើតផង។ អ្នកស្រីថាស្លុតចិត្តដែលដល់ថ្ងៃស្លាប់ទើបបានដឹងថាកូនប្រុសមានជំងឺមហារីកថ្លើម និង​ទាចទឹកធ្ងន់ធ្ងរ ដែលគ្រាន់តែបានដឹងក៏ស្ថិតក្នុងសភាពអស់សង្ឃឹមបាត់ទៅហើយ​។ ​​អ្នកស្រីថាលោក អ៊ិត សេដ្ឋា បានដាច់ដង្ហើមម្ដងហើយ​ក្នុងពេលបញ្ជូនមកដល់មន្ទីរពេទ្យរុស្សីភ្លាមៗកាលពី​​វេលាថ្ងៃត្រង់ថ្ងៃទី​៤ មិថុនា ប៉ុន្តែដោយសារតែការជួយសង្គ្រោះទើបលោកមានដង្ហើម​ជាថ្មី តែនៅវេលាម៉ោង២និង៣០នាទី ក៏ទទួលមរណភាពតែម្ដង ដោយសូម្បីតែអ្នកស្រីក៏មិនទាន់ដង្ហើមចុងក្រោយ ដោយសារតែអ្នកស្រីមានជំងឺខ្សោយត្រូវគ្រូពេទ្យមិនអោយចូលក្នុងពេលសង្គ្រោះបន្ទាន់ ​ហើយ​ដល់ពេល​ពេទ្យអោយចូលទៅមើល គឺក្រោយពេលលោក​ផុតដង្ហើម​ទៅហើយ។ ​

កញ្ញា អ៊ិត សសុវណ្ណវចនា កូនស្រីច្បងរបស់លោក អ៊ិត សេដ្ឋា បានអះអាងថា ក្នុងពេលរស់នៅជាមួយគ្នាលោកបានត្រឹមតែប្រាប់កូនថា ​​ឧស្សាហ៍ចុកដៃចុកជើង និង​ថារូបលោកអត់មានជំងឺអ្វីធ្ងន់នោះទេ។ កញ្ញាថា លោកឧស្សាហ៍ទៅពេទ្យជាមិត្ត​ស្គាល់គ្នាតែមិនដែលឃើញឪពុកទៅពេទ្យដែលមានការចំណាយលុយច្រើនម្ដងណាទេ ដោយក្រោយពេលទៅពេទ្យម្ដងៗក៏បានត្រឹមតែយកថ្នាំលេប​​ដែលមិនខុសពី​លេប​ដើម្បីពន្យារការធ្វើទុក្ខ។ កញ្ញាថា បានដឹងរឿងឪពុក​ឈឺធ្ងន់ទើបតែប៉ុន្មានថ្ងៃមុន​ប៉ុណ្ណោះ គឺដឹងក្នុងពេលដែលលោកមានសភាព​ធ្ងន់ធ្ងរតែហើយ។ យ៉ាងណាមិញ មិន​ដឹងថាឪពុកមានជំងឺមហារីកនោះទេ គឺដឹងត្រឹមថាលោកមានជំងឺទាចទឹក ហើយអាចព្យាបាលជាប៉ុណ្ណោះ។

គួរបញ្ជាក់ថាលោក អ៊ិត សេដ្ឋា គឺជាពិធីករល្បីល្បាញយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាតាំងពីជំនាន់ឆ្នាំ១៩៩០ជាង នៅទូរទស្សន៍IBC។ លោកបានបាត់មុខមួយរយៈចេញទៅរស់នៅអាមេរិក ហើយក្រោយពេលត្រលប់មកវិញ ក៏ចូលកាន់កម្មវិធីសំខាន់នៅទូរទស្សន៍CTN រួមជាមួយនឹង​អ្នកនាង យុគ ចិន្តា។ លោកត្រូវគេស្គាល់ថាជាពិធីករជើងចាស់ និងរក្សា​ភាពល្បីល្បាញបានយូរជាងគេបើទោះជាលោកត្រូវវាយបោកបក់ដោយរឿងអាស្រូវមួយចំនួនក្នុងពេលបែកបាក់ភរិយា។ ​មានការទម្លាយថាលោកធ្លាក់ខ្លួនក្រដោយសារតែការប្ដឹងផ្ដល់ជាមួយនឹងភរិយាដើម និងដោយសារតែមុនពេល​ធ្លាក់ខ្លួនគឺលោកបានខ្ចីធនាគារទិញផ្ទះបង់រំលោះ និងឡានជាដើម ដែលក្រោយមកក៏ត្រូវលក់ផ្ទះ និងលក់ឡាននោះវិញដើម្បីដោះស្រាយជីវភាពដែលបន្តធ្លាក់ចុះ។ លោកបានទទួលមរណភាពកាលពីថ្ងៃទី៤ មិថុនា ចំថ្ងៃបោះឆ្នោតឃុំសង្កាត់  នៅវេលាម៉ោង២និង៣០នាទីរសៀល ដោយសពរបស់លោកត្រូវបានដឹកទៅធ្វើបុណ្យក្នុងថ្ងៃដដែលនៅវត្តឧត្តរាវត្តី ហៅវត្តឫស្សីកែវ នៅជិតវិទ្យាល័យឫស្សីកែវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ