វិភាគ៖ តើកម្ពុជាគួរបន្ទន់ឥរិយាបទយកជំនួយពីអាមេរិកនិងអឺរ៉ុបសម្រាប់អភិវឌ្ឍជាតិឬយ៉ាងណា?

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្លាប់ប្រតិកម្មរួចហើយទៅនឹងសភាអឺរ៉ុបដែលធ្លាប់គំរាមផ្តាច់ជំនួយដល់កម្ពុជា បើប្រទេសក្រីក្រមួយនេះនៅតែមិនធ្វើឲ្យប្រសើរដល់គោលការណ៍សិទ្ធិមនុស្សនិងតម្លាភាពធ្វើនយោបាយរបស់គណបក្សប្រឆាំង។

កាលពីខែមិថុនាសភាអឺរ៉ុបបានអនុម័តលើសេចក្តីសម្រេចជំរុញឱ្យគណៈកម្មការអឺរ៉ុបពិនិត្យមើលកញ្ចប់ជំនួយជាទឹកប្រាក់ប្រមាណ៤៦៥លានដុល្លារអាមេរិកដែលបានសន្យាផ្តល់ដល់កម្ពុជារហូតដល់ឆ្នាំ២០២០ បើកម្ពុជាមិនធ្វើឲ្យប្រសើរឡើងពីស្ថានភាពសិទ្ធិមនុស្ស។ សេចក្តីសម្រេចរបស់សហភាពអឺរ៉ុបនោះក៏បានអំពាវនាវឲ្យទម្លាក់ចោលការចោទប្រកាន់លើមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងជំរុញឲ្យដោះលែងមន្រ្តីសង្គមស៊ីវិលដែលត្រូវបានចាប់ខ្លួន។

ប៉ុន្តែប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជំហរថាខ្លួនមិនទទួលយកសម្ពាធណាមួយពីម្ចាស់ជំនួយមួយនោះទេ ព្រមទាំងវាយបកវិញថាសហភាពអឺរ៉ុបហាក់បានជ្រៀតជ្រែកប្រព័ន្ធតុលាការនៅកម្ពុជាទៀតផង។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា៖ “ខ្ញុំផ្តាំតាមអគ្គរដ្ឋទូតអាល្លឺម៉ង់ឲ្យប្រាប់ឯកអគ្គរដ្ឋទូត EU ថានៅភ្នំពេញនេះត្រូវកែទម្រង់ពីរ ទីមួយកែទ្រង់ប្រភពទទួលព័ត៌មាន ទី២ត្រូវកែទម្រង់ឲ្យស្គាល់អង្គហេតុនិងអង្គច្បាប់ ព្រោះបើមិនអញ្ចឹង ប្រទេសកម្ពុជាជាប្រទេសនីតិរដ្ឋអធិបតេយ្យ ហើយសូម្បីតែខ្ញុំក៏អត់មានសិទ្ធិលូកលាន់ទៅក្នុងកិច្ចការងារតុលាការដែរ”

ក្រោយពីស្ថានការណ៍នយោយនៅកម្ពុជាមិនទាន់វិលទៅរកស្ថានភាពដើម ពោលគឺមន្ត្រីសិទ្ធិមនុស្ស៤រូបនៅសមាគមអាដហុក មន្ត្រី គ.ជ.ប មួយរូបនិងមន្ត្រីបក្សប្រឆាំងនៅតែបន្តឃុំខ្លួនក្នុងពន្ធនាគារ រួមទាំងការបន្តនីតិវិធីរបស់តុលាការទៅលើមេដឹកនាំបក្សប្រឆាំងផងនោះ សហរដ្ឋអាមេរិកបានស្នើឲ្យព្រឹទ្ធសភារបស់ខ្លួនពិចារណាបិទជំនួយដល់កម្ពុជាប្រមានជា៧៧,៨លានដុល្លារអាមេរិក បើរដ្ឋាភិបាលខ្មែរនៅតែមិនបញ្ឈប់ប្រើហិង្សាទៅលើអង្គការសង្គមស៊ីវិលនិងគណបក្សប្រឆាំង។

តើកម្ពុជាគួរបន្ទន់ឥរិយាបទយកជំនួយភ្ជាប់នឹងលក្ខខណ្ឌប្រជាធិបតេយ្យសម្រាប់ការអភិវឌ្ឍជាតិឬក៏យ៉ាងណា?

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី វិភាគថារដ្ឋាភិបាលគួជ្រើសយកជំនួយពីប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យសម្រាប់អភិវឌ្ឍជាតិបន្តទៀតជាជាងប្រកាន់ជំហរតឹង ពង្រឹងអំណាចនិងបក្សពួក ហើយភ្លេចគិតពីគ្រោះថ្នាក់របស់ប្រទេសជាតិទៅថ្ងៃអនាគត។

លោក មាស នី បន្តថាគិតត្រឹមឆ្នាំ២០១៣ដល់ឆ្នាំ២០១៥កម្ពុបានទទួលថវិកាជំនួយពីសហគមន៍អន្តរជាតិសម្រាប់អភិវឌ្ឍដល់ទៅជាង២ពាន់លានដុល្លារសម្រាប់ការអភិវឌ្ឍលើវិស័យផ្សេងៗដែលលោកគិតថារដ្ឋាភិបាលកម្ពុជាគ្មានលទ្ធភាពប្រើប្រាស់ថវិការជាតិធ្វើទៅបានដូចជាវិស័យអប់រំសុខាភិបាលនិងកសិកម្មជាដើម។

លោក មាស នី ជំរុញឲ្យរដ្ឋាភិបាលបន្តនៅយុទ្ធសាសន៍ឈ្នះៗជាជាងប្រើយុទ្ធសាសន៍ឈ្នះចាញ់ធ្វើឲ្យប្រទេសជាតិនិងពលរដ្ឋជប់ផុងក្នុងអន្លង់ក្រីក្រជារៀងរហូតនោះ។ លោកមានប្រសាសន៍ថា៖ “ការប្រឹងកាន់តែខ្លាំង ហាក់ដូចប្រជាប្រិយភាពហ្នឹង វាកាន់តែថយចុះ ហ្នឹងនយោបាយចាញ់ឈ្នះនេះ ហើយវាដល់ពេលខាងមុខទៀត វាអាចនឹងអាចឈានទៅដល់នយោបាយចាញ់ៗ។ ចាញ់ៗបានន័យថាគណបក្សប្រឆាំងក៏ធ្វើអីមិនកើត  ខ្លួនឯងដែលជាអ្នកកាន់អំណាចហ្នឹងក៏អូសប្រទេសទៅមុខមិនរួច ហើយប្រទេសហ្នឹងវានៅតែក្រីក្រដដែល”។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមម្នាក់ទៀតគឺលោក កែម ឡី លើកឡើងថាវិស័យអប់រំនិងសុខាភិបាលបានជួយបង្កើនធនធានមនុស្សនិងជំរុញដល់ការអភិវឌ្ឍជាតិទៅថ្ងៃអានាគត។ លោកថាជំនួយរបស់សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានផ្តោតសំខាន់ទៅលើវិស័យទាំងនេះដល់កម្ពុជា។ ប៉ុន្តែលោក កែម ឡី វិភាគថា បើពលរដ្ឋមិនស្វែងយល់ពីផ្នត់គំនិតអ្នកនយោបាយទេ លោកថារដ្ឋាភិបាលអាចឈប់លែងល្បែងប្រជាធិបតេយ្យនេះ ហើយងាកទៅជ្រកក្រោមមហាអំណាចយក្សចិន។ លោកថាពេលនោះកម្ពុជាស្ថិតនៅក្រោមរបបផ្តាច់ការដូចសម័យខ្មែរក្រហម។ លោកមានប្រសាសន៍ថា៖ “ខ្ញុំមើលគាត់រត់លែងរួច យកជំនួយសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុប ដែលពង្រឹងលទ្ធិប្រជាធិបតេយ្យ បើកចំហរគណនេយ្យភាពតម្លាភាពអីជាដើម គាត់រត់អត់រួចរឿងប្រជាធិបរតយ្យហ្នឹងណាស់ គាត់បបួលគេត្រឡប់ទៅក្រោយវិញឬបបួលឈប់លេង អញ្ចឹងខ្ញុំមើលទៅរាងធ្ងន់ជាងអាណត្តិមុនៗ”។

បណ្ឌិតវិទ្យាសាស្ត្រនយោបាយលោក សុខ ទូច ហាក់បានស្តីបន្ទោសសហរដ្ឋអាមេរិកថាប្រទេសមហាអំណាចមួយនេះបានដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពូជា ប៉ុន្តែលោកថារដ្ឋាភិបាលថៃធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំស្របច្បាប់ លោកថាអាមេរិកហាក់មិនបានដាក់សម្ពាធអ្វីមួយពីយន្តការប្រជាធិបតេយ្យ។

លោក សុខ ទូច លើករំឭកថាពេលនេះប៉ូលនៃមហាអំណាចទាំង៤បានងើបឡើងវិញរួមទាំងសហភាពសូវៀតផងដែរ។ លោកថាកម្ពុជាក៏មានមហាអំណាចផ្សេងទៀតដូចជាមហាអំណាចចិននិងសូវៀតផងដែរជាដៃគូ។ ប៉ុន្តែលោកចាត់ទុកថាអ្នកនយោបាយខ្មែរគួរបន្ទន់ឥរិយាបទយោគយល់គ្នា កុំឲ្យកម្ពុជាវិលទៅរកអតីតកាល ដែលលោកគិតថាមិនចំណេញដល់ប្រទេសជាតិ។ លោកមានប្រសាសន៍ថា៖ “មិនដែលអ្នកនយោបាយទទួលរងទុក្ខទេ អញ្ចឹងអ្នកនយោបាយទាំងពីរ ទាំងពីរគណបក្ស ត្រូវគិតពីផលប្រយោជន៍ប្រជាជន មិនមែនជារឿងបុគ្គលទេ កាលណាយើងគិតថាអាមេរិក-អឺរ៉ុបស្រឡាញ់កម្ពុជា មិនអាចទេៗ ទាល់តែកម្ពុជាខ្លួនឯងហ្នឹង ត្រូវចេះដោះស្រាយខ្លួនឯង ហើយឈរលើផលប្រយោជន៍ជាតិនិងប្រជាជនហ្នឹង”។

រដ្ឋសភាបានអនុម័តរួចហើយសម្រាប់ថវិការជាតិឆ្នាំ២០១៦ជាង៤ពាន់លានដុល្លារ(៤២៧៣លានដុល្លារ)និងបានព្យាករថាចំណូលថវិកាជាតិរដ្ឋអាចរកបានពី២ពាន់លានទៅ៣ពាន់លានដុល្លារ ព្រមទាំងមានមហាអំណាចចិនជួយពី៥០០លានដុល្លារទៅ៧០០លានដុល្លារ។ ចំនួននេះរដ្ឋាភិបាលត្រូវការរកជំនួយបន្ថែមទៀតពីសហគមន៍អន្តរជាតិតែជាង១០០០លានដុល្លារតែប៉ុណ្ណោះ។

ប៉ុន្តែបើតាមអ្នកស្រាវជ្រាវ រដ្ឋាភិបាលនឹងជួបគ្រោះអាសន្នបើមិនបន្ទន់ឥរិយាបទទទួលយកប្រាក់ជំនួនពីសហគមន៍អន្តរជាតិដែលប្រកាន់លទ្ធិប្រជាធិបតេយ្យនេះដោយពួកគេថាទី១កម្ពុជានៅមិនទាន់អាចបំបាត់អំពើពុករលួយលើការប្រមូលពន្ធបាននិងបាត់ចំណូលជាតិដ៏ធំមួយទៀត។ ពួកគេថាបើអាមេរិកនិងសហភាពអឺរ៉ុបបិទការនាំចេញផលិតផលសម្លៀកបំពាក់ ការនាំចេញអង្ករ ស្ករស ទៅកាន់ទីផ្សាររបស់ប្រទេសលោកសេរីនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ