ប៉ះគ្នា​​​២លើក ​​ផាន់ គ្រាន់ ស្គាល់ឈ្នះជើង​ខ្លាំង​របស់ថៃ​

ការប្រកួតដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យទី៣ កក្កដា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករផាន់ គ្រាន់ មកពីក្លិបគុជសារកីឡាបានស្គាល់ជ័យជម្នះតាមការចង់បានហើយ បើទោះជាលទ្ធផលដែលគេទទួលបាន មានភាពប្រទាញប្រទង់នៅឡើយ ក្នុងជំនួបជាមួយជើងខ្លាំង Phich Nam Ek។ នេះជាជ័យជម្នះដែលកីឡាករកម្ពុជាទទួលបានដោយភាពប្រផិតប្រផើយបំផុត បន្ទាប់ពីការប៉ះគ្នាកាលពីច្រើនសប្ដាហ៍មុន អ្នកទាំងពីរបានត្រឹមស្មើគ្នា។

ជំនួបលើកទី២រវាងកីឡាករល្បីឈ្មោះទាំងសងខាងលើ ត្រូវបានអ្នកទស្សនាជក់ចិត្តយ៉ាងខ្លាំង ដោយសារតែផាន់ គ្រាន់ ក៏ជាជើងខ្លាំងក្នុងប្រភេទទម្ងន់៦៨គីឡូក្រាមរបស់កម្ពុជា ហើយកីឡាករPich Nam Ek ក៏ជាជើងខ្លាំងល្បីឈ្មោះរបស់ប្រទេសថៃ។ តាំងពីទឹកទី១រហូតដល់ទឹកចុងក្រោយ គេឃើញបង្គោលក្រហម ផាន់ គ្រាន់ និងបង្គោលខៀវរបស់ថៃ ស្វាហាប់ដោយមិនសំចៃដៃដាក់គ្នានោះទេ ហើយកីឡាករទាំងពីរក៏ប្រឹងស្ទុះស្ទារដាក់គ្នាមិនខុសពីការប្រកួតកាលពីពួកគេប៉ះគ្នាក្នុងលើកទី១នោះដែរ។ កាលប៉ះគ្នាលើកមុន កីឡាករទាំងពីររកមិនឃើញឈ្នះចាញ់នោះទេ ដោយលទ្ធផលចុងគឺត្រឹមស្មើគ្នា បន្ទាប់ពីម្នាក់ៗសុទ្ធតែល្អមិនខុសគ្នា។ សម្រាប់ការប៉ះគ្នាជាលើកទី២នេះវិញ  កីឡាករកម្ពុជានិងថៃ នៅតែរក្សាភាពខ្លាំងរៀងខ្លួនដូចមុន ដោយក្នុងទឹកទី១កីឡាករទាំងពីមានភាពប្រហាក់ប្រហែលគ្នា ក្នុងទឹកទី២កីឡាករថៃមានប្រៀបល្អជាង ហើយក្នុងទឹកទី៣ កីឡាករថៃនៅតែរក្សាជំហរវាយចេញបានច្រើន បើទោះជាត្រូវ ផាន់ គ្រាន់ វាយត្រូវបែកឈាមតាមមាត់នៅក្នុងទឹកនេះ។ ក្នុងទឹកទី៤ កីឡាករទាំងពីរកាន់តែប្រឹងរៀងខ្លួន ប៉ុន្តែសន្ទុះរបស់កីឡាករកម្ពុជាចាប់ផ្ដើមឈានឡើង ដោយកម្រិតនៃការវាយល្អនេះនៅតែបន្តរហូតដល់ទឹកទី៥ទៀត ទើបបណ្ដាលអោយចប់ការប្រកួតកីឡាករថៃប្រែជាចាញ់ពិន្ទុ។

IMG_1659[1] (1)

លោក ញាណ សុធី អ្នករៀបចំការប្រកួតបានអះអាងថា កីឡាករទាំងពីរកាលប៉ះគ្នាលើកមុនការមានសន្ទុះវាយល្អមិនខុសពីលើកនេះនោះទេ ប៉ុន្តែមកពីកីឡាករផាន់ គ្រាន់មានកម្រិតវាយត្រូវបានល្អដាច់ជាងបន្ដិចក្នុងទឹកទី៤ ទើបលទ្ធផលស្មើដូចមុនមិនអាចកើតឡើង។ លោកថាបើកុំតែទឹកទី៤ កីឡាករថៃភ្លាត់អោយត្រូវច្រើនដៃនិងច្រើនកែង កុំអីកីឡាករថៃអាចនឹងឈ្នះនោះផង ដោយសារតែ ផាន់ គ្រាន់ ក្នុងទឹកទី៣ ដូចជាចាញ់ប្រៀបខ្លាំង។ លោកថាលទ្ធផលកីឡាករកម្ពុជាទទួលជ័យជម្នះ គឺលទ្ធផលបង្ហាញថាកីឡាករផាន់ គ្រាន់ អាចសងសឹកបាន ប៉ុន្តែនៅមិនទាន់កាត់ក្ដីបានទាំងស្រុងថាកីឡាករថៃបាក់មុខនៅឡើយទេ ដោយសារតែការប្រកួតកាលពីលើកទី១ពួកគេបានត្រឹមស្មើគ្នា។ លោកមានបំណងអោយអ្នកទាំងពីរប៉ះគ្នាម្ដងទៀត ដោយសារតែកីឡាករថៃ Pich Nam Ek  ក្រោយពីចាញ់ផាន់ គ្រាន់ ហាក់ធ្វើអោយគេមិនសូវអស់ចិត្តនៅក្រោយការប្រកួត។ លោកនិយាយថា៖ “ដោយសារ២នាក់នឹងកាលលើកមុនស្មើគ្នា ចឹងបើទោះជា ផាន់ គ្រាន់ ឈ្នះលើកនឹង ក៏អត់ទាន់កំណត់ថាខ្លាំងជាងដែរ ទាល់តែជួបគ្នាលើកទី៣ហើយផាន់ គ្រាន់ ឈ្នះទៀតទើបថាខាងយើងខ្លាំងកើត!”។ លោកថាការប្រគួតរបស់កីឡាករទាំងពីរ បើកុំតែទឹកទី៤កីឡាករកម្ពុជាមានប្រៀបល្អជាងបន្តិច លោកមានជំនឿថាលទ្ធផលស្មើគ្នានឹងត្រូវកើតមានដដែល។ ត្រង់ចំណុចនឹងហើយដែលលោកបញ្ជាក់ថា កីឡាករទាំងពីរទាល់តែជួបគ្នានៅលើកទី៣ ទើបអាចកំណត់ថាផាន់ គ្រាន់ ពិតជាខ្លាំងមែន ឬត្រូវកីឡាករថៃបំបាក់បានវិញនៅក្នុងពេលនោះ។ លោកថាកីឡាករផាន់ គ្រាន់ ធ្លាប់ប្រកួតបាន៨១លើក ឈ្នះ៦៧លើក ចាញ់១២លើក និងស្មើ២លើក ហើយកីឡាករ Phich Nam Ek ធ្លាប់ប្រកួតបាន៨០លើក ឈ្នះ៦៨លើក ចាញ់១០លើកនិងស្មើ២លើក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ