វិភាគ៖ យុទ្ធនាការ២៥រាជធានីខេត្តនិងការស្តាប្រជាប្រិយភាព​របស់លោក ហ៊ុន សែន

លោក ហ៊ុន សែន សួរសុខទុក្ខបងប្អូនអាជីវករនៅផ្សារសាមគ្គីក្រុងក្រចេះ (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសចូលធ្វើយុទ្ធនាការ២៥រាជធានីខេត្តក្រុងនេះ ជាលើកទី១ហើយក្នុងតំណែងលោកជានាយករដ្ឋមន្ត្រីជាង៣០ឆ្នាំមកនេះ។ យុទ្ធនាការធ្វើឡើងបន្ទាប់ពីមានការរុះរើគណៈរដ្ឋមន្ត្រីរបស់ លោកពីរលើកក្នុងអាណត្តិទី៥នេះ ហើយលោកបានស្តីបន្ទោសមន្ត្រីក្រោមបង្គាប់ថាអសកម្មបំពេញការងារតាមតួនាទីបណ្តាលឲ្យពលរដ្ឋមិនពេញចិត្ត។

នៅក្នុងអាណត្តិទី៥នេះ គឺជាអាណត្តិប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ជាគណបក្សដឹកនាំប្រទេសជិត៤០ឆ្នាំ ស្គាល់តែពាក្យថាឈ្នះមិនដែលស្គាល់ចាញ់នោះ បាត់បង់អាសនៈ២២។

អ្នកតាមដានការវិត្តន៍នយោបាយគត់សម្គាល់ថា យុទ្ធនាការរបស់លោក ហ៊ុន សែន ធ្វើឡើង គណៈដៃគូប្រជែងនយោបាយកំពុងគេចខ្លួនចេញពីការតាមចាប់របស់សមត្ថកិច្ចគឺលោក សម រង្ស៊ី ចាកចេញទៅក្រៅប្រទេសតាំងពីចុងឆ្នាំ២០១៥ ហើយលោក កឹម សុខា កំពុងលាក់ខ្លួននៅក្នុងស្នាក់ការគណបក្សតាំងពីចុងខែឧសភា។

យុទ្ធនាគាររបស់លោកនាយករដ្ឋមន្ត្រីក៏ត្រូវគេគត់សម្គាល់ដែរគឺបានធ្វើឡើងក្រោយ ព្រឹត្តិការណ៍សំខាន់មួយនៅចុងក្រោយនេះ គឺហេតុការណ៍បាញ់សម្លាប់លោក កែម ឡី អ្នកវិភាគបញ្ហានយោបាយដែលមានប្រជាប្រិយភាពមួយរូបកាលពីថ្ងៃទី១០ខែកក្កដា។ ការបាញ់សម្លាប់អ្នកវិភាគរូបនេះ ទាំងគណបក្សប្រជាជនខ្លួនឯងនិងអ្នកវិភាគសុទ្ធតែអះអាងថា វាបានធ្វើឲ្យប៉ះពាល់ខ្លាំងដល់ប្រជាប្រិយគណបក្សកាន់អំណាច។

លោក ហ៊ុន សែន សំណេះសំណាលជាមួយបងប្អូនអ្នកលក់ដូរក្នុងផ្សារក្តាម ខេត្តកែប (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)
លោក ហ៊ុន សែន សំណេះសំណាលជាមួយបងប្អូនអ្នកលក់ដូរក្នុងផ្សារក្តាម ខេត្តកែប (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

បេសកកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្តើមតាំងពីថ្ងៃទី២០ខែកក្កដាដោយជ្រើសរើសយកខេត្តបាត់ដំបងជាចំណុចចាប់ផ្តើម។ គោលបំណងនៃយុទ្ធនាការនេះគឺជំរុញឲ្យមន្ត្រីធ្វើការងារឲ្យកាន់តែមានប្រសិទ្ធិភាព ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ រាល់ពេលចុះមូលដ្ឋានលោកតែងតែថតរូបស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋមានការចែកលុយនិងសន្យាកសាងសាលារៀនឬអាគារសាធារណៈផ្សេងៗ។

សម្រាប់អ្នកសិក្សាស្រាវជ្រាវផ្នែកនយោបាយ លោក រឹម សុភ័ក្រ យល់ឃើញថា ពេលនេះរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងធ្វើកំណែទម្រង់ខុសលក្ខណៈដើម គឺលោកកត់សម្គាល់ថាពីមុនមកមានតែមន្ត្រីមូលដ្ឋានដែលចេញមុខសម្ពោធសមិទ្ធផលឬចែកអំណោយ ប៉ុន្តែពេលនេះគឺចេញពីថ្នាក់ជាតិឬថ្នាក់ដឹកនាំតែម្តង។

លោក រឹម សុភ័ក្រ យល់ឃើញថាយុទ្ធនាការកំណែទម្រង់ដែលចេញពីថ្នាក់លើជាលក្ខណៈបុគ្គលធ្វើឡើង តែជិតដល់ពេលបោះឆ្នោត មិនបានផលល្អដល់ពលរដ្ឋទេ ហើយក៏មិនសូវទទួលបានការសរសើរដែរ គឺទទួលការរិះគន់កាន់តែខ្លាំង។ លោកបន្តថា៖ “នៅខេត្តក្រចេះ មិនមែនជាសកម្មភាពរបស់រដ្ឋាភិបាល វាបែរជាលក្ខណៈបុគ្គល។ សម្តេច ហ៊ុន សែន គាត់ថាផ្សារហ្នឹងគាត់ជាអ្នកធ្វើ ចឹងកន្លែងណាដែលគាត់ចង់ធ្វើក៏ធ្វើទៅ វាអត់មានប្រព័ន្ធច្បាស់លាស់ដែលបង្ហាញអំពីតម្លាភាពដោះស្រាយបញ្ហាចំពោះប្រជាពលរដ្ឋទូទៅ។ ការដោះស្រាយហ្នឹងជាលក្ខណៈបុគ្គលទៅវិញ ចឹងពលរដ្ឋដែលរងគ្រោះហ្នឹង គាត់អត់សប្បាយចិត្តទេ ព្រោះអត់បានដោះស្រាយឲ្យចំគោលដៅ គោលបំណងដែលគាត់ចង់បាន“។

លោក សុភ័ក្រ ផ្តល់អនុសាសន៍ថា ដើម្បីធ្វើឲ្យកំណែទម្រង់នេះទទួលបានផលលុះត្រាតែបង្កើតក្រុមការងារជំនាញចុះទៅស្រាវជ្រាវរកបញ្ហាពិត ទើបដោះស្រាយបានចំគោលដៅបាន។ លោកបន្ថែមទៀតថា៖ «គាត់ត្រូវបង្កើតក្រុមមន្ត្រីជំនាញមួយដែលមានបទពិសោធន៍និងជំនាញជាក់លាក់ ជៀសវាងបក្ខពួកនិយម ក្រោយពេលបង្កើតមន្ត្រីជំនាញហើយ ប្រមូលព័ត៌មានហើយ គាត់ត្រូវធ្វើកំណែទម្រង់។ បានន័យថា របាយការណ៍ដែលមន្ត្រីជំនាញប្រមូលបានហ្នឹង ដាក់ទៅតាមក្រសួងពាក់ព័ន្ធ ហើយត្រូវមើលជាក់ស្តែង។ ឧទាហរណ៍ខាងមន្ត្រីក្រសួងកសិកម្ម តើបញ្ហាអ្វីកើតឡើងកន្លងមក? ប្រទេសយើងជាប្រទេសកសិកម្មហេតុអីនាំស្រូវអង្ករចូលពីវៀតណាម? នាំត្រីបន្លែចូលមកពីគេ? ក្នុងនាមប្រទេសកសិកម្ម ហេតុអ្វីផលិតផលជាច្រើននាំចូលពីគេ?»។

នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង លើកឡើងថាជាធម្មតាមន្ត្រីថ្នាក់ក្រោមហាក់ស្តាប់លោកនាយករដ្ឋមន្ត្រីតែនៅចំពោះមុខតែប៉ុណ្ណោះ ហើយក្រោយមកបទបញ្ជាទាំងនោះហាក់សាបទៅវិញ។

យុទ្ធនាការ២៥រាជធានីខេត្តក្រុងនេះ ស្រដៀងទៅនឹងយុទ្ធនាការ១០០រាត្រីរបស់លោក កែម ឡី។ គម្រោង១០០រាត្រីរបស់លោក កែម ឡី គឺចុះសម្រាកដោយផ្ទាល់តាមផ្ទះរបស់ប្រជាពលរដ្ឋនៅគ្រប់ខេត្តក្រុងចំនួន១០០យប់ ដើម្បីសិក្សាពីបញ្ហារបស់ប្រជាពលរដ្ឋដូចជាបញ្ហាចំណាកស្រុក គ្រឿងញៀន ភាពក្រីក្រ ចំណូលចំណាយ ជម្លោះដីធ្លីជាដើម។

គម្រោង១០០រាត្រីរបស់លោកបានចាប់ផ្តើមកាលពីខែឧសភា ហើយគ្រោងបញ្ចប់នៅខែវិច្ឆិកា។ លោក កែម ឡីធ្លាប់ថ្លែងថាពេលលោកបញ្ចប់យុទ្ធនាការនេះនឹងចងក្រងជាឯកសារទុកជាមូលដ្ឋានឲ្យរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធផ្សេងទៀត យកទៅប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាពលរដ្ឋផ្ទាល់និងបញ្ហារបស់ប្រទេសជាតិ។

ប៉ុន្តែបើយើងងាកមកមើលយុទ្ធនាការ២៥រាជធានីខេត្តក្រុងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ គឺលោកមិនបានបញ្ជាក់ថានឹងត្រូវបញ្ចប់នៅពេលណា ហើយក្រោយពេលចប់នឹងបង្ហាញរបាយការណ៍អ្វីនោះទេ។ ទន្ទឹមនឹងនេះ អ្នកខ្លះលើកឡើងថាយុទ្ធនាការរបស់លោកនាយករដ្ឋមន្ត្រីមិនទទួលបានព័ត៌មានពិតទេ ព្រោះប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដត្រូវកងកម្លាំងប្រដាប់អាវុធមិនឲ្យចូលជួប ចំណែកអ្នកដែលបានចូលជូបលោកនាយករដ្ឋមន្ត្រីហាក់ដូចជាអ្នកដែលអាជ្ញាធររៀបចំទាំងអស់។

អ្នកវិភាគមួយចំនួនយល់ឃើញថាប្រជាប្រិយភាពរបស់គណបក្សប្រជាជនពិបាកក្នុងការស្តាឡើងវិញ ដោយសារបញ្ហាដែលពលរដ្ឋកំពុងជួបប្រទះជាច្រើនមិនមានការដោះស្រាយឲ្យទាន់ពេល។

ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពេលសម្ពោធកំណាត់ផ្លូវជាតិលេខ៤៤ ក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២ខែសីហាដោយបញ្ជាក់ក្តីសង្ឃឹមថាប្រជាពលរដ្ឋនឹងបោះឆ្នោតឲ្យលោកជាប់ធ្វើជានាយករដ្ឋមន្ត្រីនៅអាណត្តិក្រោយទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ