អ្នកវិភាគនិងអ្នកឃ្លំាមើលបញ្ហាសង្គមបានលើកឡើងថា អ្នកនយោបាយនៅបក្សកាន់អំណាចដែលប្រើយុទ្ធសាស្ត្រគំរាមបង្ក្រាបក្រុមបាតុករប្រឆំាងលទ្ធផលបោះឆ្នោតឆ្នាំ២០១៨ មិនចំណេញផ្នែកនយោបាយនោះទេ ដោយថាកាន់តែធ្វើឲ្យបក្សនេះ បាត់បង់ការគំាទ្រទៅវិញ។
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ បានព្រមានវាយបាក់ធ្មេញ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត និយាយថា លោកនឹងប្រើគល់ឬស្សីវាយក្បាលអ្នកតវ៉ា ដែលប្រឆំាងលទ្ធផលបោះឆ្នោតឆ្នំា២០១៨ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា លោកមិនបាននិយាយថាប្រើគល់ឫស្សីវាយសំពងអ្នកតវ៉ាដូចមន្ត្រីលោកនិយាយនោះទេ។ ទោះជាយ៉ាងណា លោក ហ៊ុន សែន ថាគណបក្សកាន់អំណាច ពិតជាមានគម្រោងបង្ក្រាបទៅលើក្រុមអ្នកតវ៉ាពិតប្រាកដមែន។
សាស្ត្រាចារ្យនយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថា បើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលនិងលោក ហ៊ុន សែន នៅតែប្រកាសបង្ក្រាបលើអ្នកតវ៉ាលទ្ធផលបោះឆ្នោតខាងមុខ នឹងធ្វើឲ្យគណបក្សកាន់អំណាចកាន់តែបាត់បង់ការគំាទ្របន្ថែមទៀត ដូចការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧។
លោកមានប្រសាសន៍ថា៖ «បច្ចុប្បន្ននេះ ជាដំណាក់កាលថ្មី ដែលមានការវិវត្តន៍ផ្នែកបច្ចេកវិទ្យា និងព័ត៌មាន ដូច្នេះ នៅប្រើវោហាសាស្ត្រគំរាម កំហែង ឬបំផិតបំភ័យ ខ្ញុំគិតថា លែងមានឥទ្ធិពល ឬក៏អាចធ្វើឲ្យអ្នកគំាទ្រ នៅគាំទ្រដូច ពីមុនទៀត ជាលទ្ធផលខ្ញុំគិតថា បើសិនជាបន្តប្រើប្រាស់វោហាសាស្ត្របែបនេះទៀត ប្រជាប្រិយភាពមិនកើនទេ មានតែដំាក្បាលចុះហើយ»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក សឹង សែនករុណា មានប្រសាសន៍ថា ការប្រើសារគំរាមរបស់គណបក្សកាន់អំណាច ធ្វើឲ្យប៉ះពាល់សន្តិអារម្មណ៍ប្រជាពលរដ្ឋ ដោយថា បើមានរឿងបែបនេះ កើតឡើងមែន នឹងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ។
លោកនិយាយថា៖ «នៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ ត្រូវការទាមទារ ការជ្រោមជ្រែងនៃអ្នកពាក់ព័ន្ធក្នុងហ្នឹង តួអង្គសំខាន់ គឺអ្នកបោះឆ្នោត ហើយអ្នកដែលឈឈ្មោះ ឲ្យគេបោះឆ្នោតជាដើម កាលណាមានបញ្ហាដែលធ្វើឲ្យមានសម្ពាធបែបហ្នឹង វាគឺជារឿងមួយ ដែលប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។
ចំពោះ អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា គណបក្សកាន់អំណាចទំនងជាដឹងមុនថា ខ្លួននឹងឈ្នះការបោះឆ្នោតនាពេលខាងមុខទៀត ដោយថា គណបក្សនេះប្រើយុទ្ធសាស្ត្រគំរាមមិនឲ្យមានអ្នកតវ៉ាលទ្ធផលបោះឆ្នោតឆ្នាំ២០១៨។
លោក សុវណ្ណារ៉ា បញ្ជាក់ថា ដំណាក់កាលនេះ អ្នកនយោបាយគួរតែយកវប្បធម៌សន្ទនាមកជជែកគ្នាឡើងវិញ ដោយគិតប្រយោជន៍ជាតិជាធំ ទើបធ្វើឲ្យកម្ពុជារីកចំរើននិងមានស្ថេរភាពយូអង្វែង។
លោកមានប្រសាសន៍ថា៖ «ដំណោះស្រាយដែលល្អអ្នកនយោបាយមិនប្រឈមគ្នាដោយហិង្សា ឬក៏ការគុំកួនរកវិធីសាស្ត្រ ឬក៏ប្រើវប្បធម៌សន្ទនាឡើងវិញ ចចារគ្នាកុំឲ្យមានការអនុវត្តនូវមនោគមវិជ្ជាទឹកឡើង ត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី យើងគួរតែលុបបំបាត់ចោល ហើយកុំឲ្យមានពលរដ្ឋមានចរន្តពីរទៅតាមបក្សមួយៗ វាអាចធ្វើឲ្យសង្គមអាចកម្ពុជាផុយស្រួយ ទៅក្នុងរបត់នៃសង្គ្រាម ដូចជាការប៉ះទង្គិចគ្នាជៀសវាងបាន គឺកម្ពុជាយើងអាចនៅរក្សាស្ថេរភាពបានយូអង្វែងជាងបាន»។
ចំណែកនាយករងប្រចាំអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក ភីល រ៉ូបឺតសុន បានចេញសេចក្តីថ្លែងការណ៍ ទទូចឲ្យរដ្ឋាភិបាលដកលោក លោក វង សូត ចេញពីតំណែង ដោយហៅសុន្ទរកថា របស់រដ្ឋមន្រ្តីរូបនេះថា «ជាសារដ៏ឃោរឃៅរបស់គាត់ដែលបង្ហាញថាគាត់មិនដឹងអ្វីទាំងអស់អំពីសិទ្ធិមនុស្សឬប្រជាធិបតេយ្យ»។ ប៉ុន្តែលោក ហ៊ុន សែន បានច្រានចោលការទាមទារ របស់អង្គការអន្តរជាតិមួយនេះ និងបានការពារការថ្លែងសារគំរាមរបស់មន្ត្រីគណបក្សប្រជាជន។
លើសពីនេះទៀត លោក ហ៊ុន សែន បានគំរាមដែរថា គណបក្សប្រឆាំង អាចប្រឈមនឹងការរំលាយចោល ប្រសិនបើមានការដឹកនាំបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត ដូចឆ្នាំ២០១៣ ដោយអ្វីដែលលោកថា បានរំលោភទៅនឹងច្បាប់គណបក្សនយោបាយ ដែលលោកស្នើធ្វើវិសោធនកម្ម ទាំងចម្រូងចម្រាសនោះ៕