ផ្ទះ​សម្បែង​សកម្មជនដីធ្លីម្នាក់នៅខេត្ដសៀមរាប​រង​ការ​បាញ់​ប្រហារ​

ផ្ទះសម្បែងអ្នកភូមិម្នាក់ ដែលមានជម្លោះដីធ្លីនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរងការបាញ់ប្រហារជាច្រើនគ្រាប់ពីសំណាក់ជនមិនស្គាល់អត្តសញ្ញាណ ដែលពលរដ្ឋរូបនោះសង្ស័យថា ពាក់ព័ន្ធនឹងការបដិសេធលក់ដីសហគមន៍ឲ្យក្រុមឈ្មួញ។

សកម្មជនដីធ្លីនៅឃុំត្បែង លោក ចាន់ រិទ្ធិ ប្រាប់ វីអូឌី(VOD) នៅព្រឹកថ្ងៃអាទិត្យនេះថា កាលពីម៉ោង ៣ទៀបភ្លឺថ្ងៃទី០៤ ខែកញ្ញានេះមាន ជនមិនស្គាល់អត្តសញ្ញាណ បានបាញ់ប្រហារទៅលើផ្ទះរបស់លោកជាច្រើនគ្រាប់ ខណៈដែលលោកកំពុងដេកលក់ ប៉ុន្ដែ លោកថា គ្មាននរណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតនោះឡើយ ដោយគ្រាន់តែថ្លោះគ្រិចជើងប៉ុណ្ណោះ ដោយសារលោកលោតចុះពីលើផ្ទះដើម្បីលាក់ខ្លួន។

លោកបន្ដថា ការបាញ់ប្រហារនេះ បានកើតឡើង ក្រោយឈ្មួញដីធ្លី លោក យឹម សារីន គំរាមសម្លាប់លោក កាលពីថ្ងៃទី១៣ ខែសីហាកន្លងមកនេះ បន្ទាប់ពីលោកបដិសេធលក់ដីរបស់សហគមន៍ ដែលកំពុងមានជម្លោះនៅតំបន់ឧទ្យានជាតិភ្នំគូលេន ឲ្យឈ្មួញរូបនោះ។ លោកបញ្ជាក់ថា លោកបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចស្រុក ដើម្បីឲ្យស្វែងរកខ្មាន់កាំភ្លើងទាំងនោះផ្ដន្ទាទោសតាមច្បាប់។

លោកបញ្ជាក់ថា៖ ថៅកែគេតេគំរាមកាលពីថ្ងៃទី១៣(សីហា) ក្រោយពីថៅកែហៅប្រជាពលរដ្ឋមកជួបនៅរង្វង់ មូលបន្ទាយស្រី ហើយខ្ញុំមិនមក ហើយឲ្យប្រជាពលរដ្ឋផ្ដិតមេដៃផ្ទេរសិទ្ធិខ្ញុំថា ខ្ញុំមានរឿងអីត្រូវជួបថៅកែ តែខ្ញុំអត់ទៅ។ ម៉ែឪសមត្ថកិច្ចខ្ញុំទៅធ្វើការបាន ថៅកែឈ្មោះ យឹម សារីន

VOD មិនអាចទាក់ទងឈ្មួញដីធ្លី លោក យឹម សារីន ដែលសកម្មជនដីធ្លីសង្ស័យថាអាចជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារនោះបានទេ ដោយគ្មានអ្នកលើកទូរស័ព្ទ។

អធិការនគរបាលស្រុកបន្ទាយស្រី ខេត្ដសៀមរាប លោក មុយ ណន មានប្រសាសន៍ថា ជនមិនស្គាល់អត្តសញ្ញាណ បានប្រើកំាភ្លើង AK បាញ់ប្រហារទៅលើផ្ទះជនរងគ្រោះចំនួន ៣គ្រាប់ ប៉ុន្ដែ សមត្ថកិច្ចរកឃើញសំបកគ្រាប់មួយគ្រាប់ប៉ុណ្ណោះ។

លោកបន្ដថា លោកកំពុងស្រាវជ្រាវ ហើយថា ករណីនេះ អាចជាប់ពាក់ព័ន្ធរឿងជម្លោះឈ្មួញរកស៊ីទិញលក់ដីធ្លី។

លោកបន្ដថា៖ “វាត្រូវហើយមុខសញ្ញានេះវារកស៊ីដីធ្លីចាន់រិទ្ធិហ្នឹងវារកស៊ីដីធ្លីខ្ញុំកំពុងរៀបចំនិតិវិធីស្រាវជ្រាវបន្ដទៀតអត់ចោលទេ

អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃអង្គការលីកាដូ ខេត្ដសៀមរាប លោក ចៅ ល័ក្ខវណ្ណា មានប្រសាសន៍ថា លោកបានទទួលបណ្ដឹងតាមទូរស័ព្ទពីជនរងគ្រោះ ប៉ុន្ដែ មិនទាន់អាចសណ្ឋានថា កើតឡើងដោយសារករណីអ្វីនៅឡើយទេ។

ប៉ុន្ដែលោកថា ការប្រើអាវុធនេះ ផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលធ្វើឲ្យពលរដ្ឋភ័យខ្លាចផងដែរ។

លោកជុំរុញឲ្យអាជ្ញាធរស្វែងរកជនមិនស្គាល់អត្តសញ្ញាណ មកផ្ដន្ទាទោសតាមច្បាប់ ដើម្បីរក្សាសុវត្ថិភាព និងសន្ដិសុខដល់ពលរដ្ឋ អំឡុងពេលចុះឈ្មោះបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ