បទយកការណ៍៖ ក្មេងរាប់ពាន់នាក់ខ្វះភាពកក់ក្តៅ បន្ទាប់ពីស្ថាបនិកអង្គការមួយទទួលមរណភាព

ស្ថាបនិកអង្គការ ដើម្បីភាពញញឹមនៃកុមារ (PSE) លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលី  យ៉ែរ (Christian GAUQUELIN des PALLIERES) ដែលគេស្គាល់តាមរយៈឈ្មោះហៅក្រៅថា លោកតា Papi គឺជាជនជាតិបារាំង បានលាចាកលោកនេះហើយ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦។

ក្តីអាឡោះអាឡៃនិងសោកសង្រេងនៅតែដក់ជាប់ក្នុងចិត្តរបស់កុមារកំព្រា ក្រីក្រ គ្មានទីពឹង និងអ្នករងគ្រោះពីអំពើហិង្សា ការចាប់រំលោភ និងបញ្ហាមួយចំនួនទៀត ក្រោយពីបិតាស្ថានិកអង្គការ ដើម្បីភាពញញឹមនៃកុមារ បានទទួលមរណភាពចុងខែមុន។

ព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ អ្នកមុខអ្នកការ ក៏បានទៅគោរពវិញ្ញាណក្ខន្ធសពលោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលី  យ៉ែរ នៅវត្តឬស្សីសាញ់ផងដែរ។

សពលោកតា Papi ត្រូវបានក្រុមគ្រួសារ និងបុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងអតីតសិស្សរៀននៅអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ដង្ហែចេញពីផ្ទះរបស់លោកនៅភូមិទ្រា សង្កាត់ស្តឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ (ក្បែរផ្សាសឡា) យកទៅបូជានៅវត្តឫស្សីសាញ់ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ នៅរសៀលថ្ងៃទី២៦ កញ្ញា។

មានស្រុកកំណើតនៅខេត្តសៀមរាប  សៀង ផល្លា ជាក្មេងកំព្រា បានមកស្នាក់នៅអង្គការ (PSE) នៅរាជធានីភ្នំពេញជាង៣ឆ្នាំហើយ។ នាងបានរៀបរាប់នៅមុខប៉ាឆាបូជាសពទំាងអួលដើមកថា លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ឬហៅថា លោកតា Papi បានជួយគាត់ឲ្យបានបន្តការសិក្សានៅក្នុងអង្គការស្នាមញញឹមនៃកុមារនោះប្រមាណ២ឆ្នាំហើយ។ នាងបង្ហាញពីការអាឡោះអាឡៃចំពោះ Papi ដោយថាលោកបានជួយក្មេងៗជាង១ម៉ឺននាក់ ឲ្យទទួលបានការអប់រំនិងជំនាញ៖”ដូចជាក្តុកក្តួល យើងនិយាយអត់ចេញ ពិតជាស្តាយអាឡោះអាល័យខ្លាំង (អាឡោះអាល័យលោកតា Papi) មិនចង់ឲ្យមានការបាត់បង់រូបគាត់ គាត់មានស្នាដៃច្រើនមែនទែន ដូចជាជួយក្មេងរាប់ពាន់នាក់នៅក្នុងប្រទេសកម្ពុជាយើង ជួយផ្តល់ការសិក្សា ការស្នាក់នៅ ដូចខ្ញុំអញ្ចឹងក្មេងកំព្រាគាត់ទទួលស្នាក់នៅ ក្នុងហ្នឹងមានដូចជា សំលៀកបំពាក់ ការសិក្សា អាហារ ថ្នាំពេទ្យគឺយើងទទួលបានទំាងអស់ពីគាត់រហូតដល់យើងមានការងារ គាត់ជួយម៉ាចប់”។

លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ បានទទួលមរណភាព កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ។

យុវជនសុខ សំណាង រៀនជំនាញទីផ្សារនៅអង្គារ PSE បានរៀបរាប់ថា Papi ជាអ្នកមានគុណទីពីររបស់គេ ដោយថា នៅពេលរូបគេជួបបញ្ហាប្រឈមដោយសារឪពុកម្តាយលែងលះគា្ន លោតាPapiជាអ្នកជួយអប់រំលើកទឹកចិត្ត និងបណ្តុះបណ្តាលឲ្យមានចំណេះដឹងរហូតមកដល់ថ្ងៃនេះ។ សំណាងបានចាត់ទុកលោកតា Papi ជាវីរៈបុរសរបស់កម្ពុជាផងដែរ៖ “ពីមុនខ្ញុំធ្លាប់មានតាស្លាប់ ប៉ុន្តែខ្ញុំអត់មានទឹកភ្នែកស្រក់សម្រាប់គាត់ទេ ប្រហែលជាគាត់អត់សូវមានគុណចំពោះខ្ញុំ អត់សូវបានមើលថែខ្ញុំអត់បានដិតដល់ល្អ ប៉ុន្តែចំពោះPapiនេះ គឺដែលទឹកភ្នែកធ្វើឲ្យខ្ញុំស្រក់បាន ក៏មិនមែនដោយសារការចិញ្ចឹមរបស់គាត់តែចំពោះរូបខ្ញុំមួយទេ វាបានន័យថាវាជាអំពើល្អមួយរបស់វីរៈបុរសដែលកម្រមនុស្សធ្វើបាននៅលើពិភពលោកនេះ បានន័យថាគាត់ជាមនុស្សដ៏ល្អម្នាក់ ដែលសមជាមនុស្សពិត សមជា Heroរបស់ប្រទេសកម្ពុជាយើងពិត ពីព្រោះគាត់បានធ្វើឲ្យក្មេងក្រីក្រនៅក្នុងកម្ពុជារួចពីរណ្តៅទុកយ៉ាងច្រើន”។

មកពីខេត្តកំពង់ចាម ស្ថិតក្នុងស្ថានភាពគ្រួសារក្រីក្រ យុវជន ជា សារ៉ូ ទើបតែបញ្ចប់ការសិក្សាផ្នែកមុខជំនួញនៅអង្គការ PSE នៅឆ្នាំ២០១៦ បានបញ្ជាក់ថា នៅមុនពេលលោកតាPapiស្លាប់ លោកបានផ្តំាឲ្យក្មេងទំាងអស់ខិតខំសិក្សា រកការងារធ្វើ ពោលធ្វើជាគំរូល្អសម្រាប់ក្មេងជំនាន់ក្រោយ។ លោក សារ៉ូ អះអាងថានៅពេលគាត់មានការងារធ្វើ គាត់នឹងធ្វើតាមបណ្តំារបស់លោកតា Papi

លោកតា Papi បានបង្កើតអង្គការ ដើម្បីភាពញញឹមនៃកុមារ PSE ជាមួយភរិយា លោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ តាំងពីឆ្នាំ១៩៩៥។

តាមរយៈបេសកម្មនិងកម្មវិធីមនុស្សធម៌របស់អង្គការ PSE លោក គ្រីស្យង់ ហ្គោកឺឡាំង គឺលោកតា Papi បានជួយកុមារកម្ពុជារាប់ពាន់នាក់ ឲ្យចាកចេញពីគំនរសំរាមស្ទឹងមានជ័យ និងជួយកុមារទាំងនោះឲ្យទទួលបានការសិក្សា ការផ្តល់អាហារ និងការស្នាក់នៅសមរម្យ ព្រមទាំងទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈថែមទៀតផង។

មកពីខេត្តព្រៃវែង កុមារា ប៉ែន ម៉ៃ បានចូលរៀននៅអង្គការ (PSE) ក្នុងរាជធានីភ្នំពេញ ជាង១០ឆ្នាំ បានរៀបរាប់ថា គាត់ត្រូវបានលោកតា Papi ជួយពីគំនរសំរាមស្ទឹងមានជ័យ បានរៀបរាប់ថា គាត់ប្តេជ្ញាថានឹងខិតខំរៀនសូត្រ  ធ្វើជាមនុស្សល្អ ចេះស្រលាញ់បងប្អូននៅក្នុងអង្គការ និងជួយជាសម្ភារៈ ចំណេះដឹង ឬថវិកាមួយផ្នែក ដើម្បីជួយពួកគេ នៅពេលរូបលោករកការងារបានធ្វើនៅថ្ងៃខាងមុខ៖ “ក្តីសង្ឃឹមរបស់ខ្ញុំនៅពេលដែលខ្ញុំរៀនចប់ ខ្ញុំចង់បានការងារមួយដ៏ល្អ បើសិនជាខ្ញុំមានសមត្ថិភាព ខ្ញុំនិងមកជួយដល់ប្អូនៗជំនាន់ក្រោយរបស់ខ្ញុំទៀត មានន័យថាជួយហ្វឹកហាត់ការងាររបស់គាត់ ហើយនៅពេលយើងរៀនចប់ យើងមានប្រាក់ខែគ្រប់គ្រាន់ គឺយើងបានយកលុយខ្លះមកជួយអង្គការរបស់យើង ក៏ដូចជានៅស្រុកភូមិរបស់យើង បើសិនជាយើងឃើញពួកគាត់ក្រីក្រពេក យើងអាចនំាពួកគាត់មកឲ្យមកជួយអង្គការ”

ក្មេងៗដែលកំពុងសិក្សានៅក្នុងអង្គការ PSE ពួកគេបានស្នើទៅសិស្សច្បងដែលរៀនចប់ ហើយមានការងារធ្វើ ត្រូវជួយក្មេងៗនៅក្នុងអង្គការនេះតាមរយៈអប់រំផ្នែកចំណេះដឹង ជាពិសេសផ្តល់ជាសម្ភារៈ ឬថវិកា ដើម្បីជួយទ្រទ្រង់អង្គការឲ្យដំណើរការទៅមុខ បើទោះជាអត់ពីលោកតា Papi ។

បុគ្គលិកក្រុមហ៊ុនឯកជន និងជាអតីតសិស្សនៅអង្គការដើម្បីភាពញញឹមនៃកុមារ PSE លោកឃុន ចាន់ថា បានថ្លែងថា លោកទទួលបានការសិក្សានៅអង្គ PSEនេះ នឹងមានការងារធ្វើនៅឆ្នាំ២០០២។ លោកថា គ្រប់អតីតសិស្សនៅអង្គការ PSE ទំាងអស់តែងតែទៅសួរសុខទុក្ខលោកតា Papi និងផ្តល់ព័ត៌មានជុំវិញការជ្រើសរើសបុគ្គលិកនៅស្ថាប័នផ្សេងៗ ដើម្បីឲ្យក្មេងៗបានដឹង អំឡុងពេលដែលគាត់នៅមានជីវិត។

យ៉ាងណាក៏ដោយលោក ឃុន ចាន់ថា សង្ឃឹមថា អតីតសិស្សច្បងដែលធ្លាប់សិក្សានៅអង្គការ PSE ទំាងអស់និងបន្តសហការគ្នា ដើម្បីធ្វើយ៉ាងណាជួយកុមារទំាងអស់ឲ្យទទួលបានការអប់រំ និងមានវិជ្ជាជីវៈពិតប្រាកដ ឈានទៅរកការងារល្អជួយសង្គមជាតិនៅថ្ងៃខាងមុខ ដោយលោកថា ឲ្យស្របតាមបំណងប្រាថ្នារបស់លោកតា Papi៖សិស្សទំាងអស់រៀមច្បងទំាងអស់ទៅវិញ យើងពួតដៃគ្នាបង្កើតកម្មវិធីផ្សេងៗ ធ្វើយ៉ាងណាជួយឲ្យមជ្ឈមណ្ឌលរបស់យើង ទំាងក្មេងដែលកំពុងតែរៀន ទំាងក្មេងដែលបានរៀនហើយ សហការជាធ្លុងមួយ បង្កើតឲ្យមានកម្មវិធីមួយដែលជួយគ្នាទៅវិញទៅមក ដើម្បីបំពេញនូវសេចក្តីបំណងរបស់គាត់ហើយក៏ដូចជាបំពេញនូវសេចក្តីបំណងរបស់យើងទំាងអស់គ្នាឲ្យម្នាក់ៗមានជីវភាពដូចៗគ្នា”។

លោក ឃុន ចាន់ថា ឲ្យដឹងទៀតថា អដ្ឋិធាតុរបស់ស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលី  យ៉ែរ (Christian GAUQUELIN des PALLIERES) នឹងត្រូវចែកជាបីចំណែក ដោយមួយចំណែកធំ នឹងត្រូវយកទៅបាចនៅលើគំនរសំរាមស្ទឹងមានជ័យ ជាកន្លែងដែលលោកបានជួបនិងជួយកុមារខ្មែររើសសំរាម។ ចំណែកទីពីរ យកទៅតម្កល់នៅវិហារកាតូលិកក្នុងសង្កាត់បឹងទំពុន រីឯចំណែកទីបី ក្រុមគ្រួសារនឹងយកទៅស្រុកកំណើតរបស់លោកគឺនៅប្រទេសបារាំង។

គួរបញ្ជាក់ថា មានរយៈពេល២១ឆ្នាំហើយ ដែលលោកតា Papi បានបង្កើតអង្គការ ដើម្បីភាពញញឹមនៃកុមារ (PSE) ដោយបានជួយកុមារក្រីក្រ រងគ្រោះពីការប្រើហិង្សា ការរំលោភសេពសន្ថវៈ ក្រីក្រ គ្មានទីពឹង និងអ្នកកំព្រាឪពុកឬម្តាយប្រមាណជាង១ម៉ឺននាក់ ក្នុងនោះអ្នកទទួលបានការងារធ្វើមានចំនួនជាង៤ពាន់នាក់ និងអ្នកកំពុងបន្តការសិក្សាមានចំនួនជាង៦ពាន់នាក់៕

 

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ