អ្នកគាំទ្រនាយករដ្ឋមន្ត្រី៣នាក់ ដែលជាប់ចោទវាយតំណាងរាស្ត្របក្សប្រឆាំង ត្រូវបានដោះលែង

(ពីធ្វេងទៅស្តាំ) ជនជាប់ចោទ លោក ចាយ សារិទ្ធ (រូបថតពីហ្វេសប៊ុក​) លោក សុត វន្នី និង​លោក ម៉ៅ ហឿន​

បុរស៣នាក់ ដែលគេស្គាល់ថាគាំទ្រគណបក្សប្រជាជនកម្ពុជា  និងជាប់ចោទក្នុងសំនុំរឿងវាយអ្នកតំណាងរាស្ត្របក្សប្រឆាំង កាលពីឆ្នាំ២០១៥នោះ ត្រូវបានដោះលែងហើយ នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីពួកគេទទួលទោសបានមួយឆ្នាំ ។

កាលពីថ្ងៃទី៤ខែវិច្ចិកាឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមផ្តន្ទាទោស ចាយ ណារិទ្ធិ អាយុ៣៣ឆ្នាំ, ម៉ៅ ហឿន អាយុ៣៤ឆ្នាំ, និង សុត វន្នី ៤៥ឆ្នាំ ឲ្យជាប់ទោស ជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ។

ប៉ុន្តែតុលាការ តម្រូវឲ្យជនជាប់ចោទទាំង៣នាក់ ទទួលទោសតែមួយឆ្នាំ សល់៣ឆ្នាំទៀតព្យួរ បន្ទាប់ពីពួកគេបានសារភាពថា ពិតជាបានព្រួតគ្មាវ៉ៃតំណាងរាស្ត្រគណបក្សប្រឆាំង លោក គង់ សភា និងលោក ញ៉យ ចំរើន ឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០១៥ ។

ប្រធាននាយកដ្ឋានប្រតិបត្តិនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ លោក បេ ទាឡេង បានឲ្យវីអូឌីដឹងថា នៅថ្ងៃទី៤ខែវិច្ឆិកានេះថា៖ «គាត់ ត្រូវដោះលែងហើយ នៅព្រឹកម៉ិញនេះ ប្រហែកជាម៉ោង៨ឬ៩។ គាត់ផុតទោស តុលាការកាត់ទោសគាត់១ឆ្នាំ ហើយឥឡូវដល់គាត់ផុតទោស គាត់ត្រូវដោះលែង។ ខាងពន្ធនាគារអនុវត្តតាមតុលាការ ត្រូវដោះលែងហើយ»

តំណាងរាស្ត្រគណបក្សប្រឆាំង ដែលរងរបួសមួយរូប គឺលោក គង់ សភា បានលើកឡើងថា ជនដៃដល់ទាំងនោះពិតជាបានអនុវត្តទោសតាមសាលក្រមផ្តន្ទាទោស។ ប៉ុន្តែលោកបង្ហាញការខកចិត្តថា ការសម្រេចក្តីរបស់តុលាការមានស្តង់ដាពីរ ព្រោះអ្នកគាំទ្រអ្នកមានអំណាចវាយតំណាងរាស្ត្រ ស្ទើនឹងបាត់បង់ជីវិត ត្រូវបានផ្តន្ទាទោសតែមួយឆ្នាំ ចំណែកមន្ត្រីបក្សប្រឆាំងគ្រាន់តែកាន់ក្បាលម៉េក្រូបញ្ចេញមតិដោយសន្តិវិធី ដូចជាលោក មាជ សុវណ្ណរ៉ា ជាដើម ត្រូវបានតុលាការផ្តន្ទាទោសដល់ទៅ២០ឆ្នាំ។

លោកថា៖ «បើយើងសង្ឃឹមលើតុលាការបច្ចុប្បន្ន គឺគ្មានយុត្តិធម៌សម្រាប់រាស្ត្រតូចតាច មន្ត្រីស្មោះត្រង់នឹងជាតិទេ។ មានយុត្តិធម៌តែទៅលើឧកញាពុករលួយ មន្ត្រីពុករលួយ អ្នកធំ អ្នកមានលុយ ចំពោះអ្នកក្រគឺអត់មានយុត្តិធ៌មទេ»

អ្នកគ្រប់គ្រងការិយាល័យបច្ចេកទេសស៊ើបអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា ការជនុំជម្រះក្តីរបស់ប្រព័ន្ធយុត្តិធម៌បច្ចុប្បន្ន លោកថាមិនទទួលបានការសាទរពីសាធារណជនទេ។លោកថា ករណីនេះ រដ្ឋាភិបាលនូវតែរងការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ បើមិនធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ផ្តល់ទំនុកចិត្តដល់ពលរដ្ឋទូទៅនោះ។

លោកថា៖ «អញ្ចឹងបានគេគិតថា ប្រព័ន្ធយុត្តិធ៌មយើងនូវមានបញ្ហានៅឡើយ។ ហើយអញ្ចឹងបានយើងឃើញថា អ្នករាយការណ៍ពិសេស របស់ក្រុមប្រិក្សាសិទ្ធិមនុស្ស ឬក៏ការរិះគន់ របស់អន្តរជាតិ គេចង់ឃើញប្រព័ន្ធតុលាការរបស់យើងនឹង មានភាពឯករាជ្យ ដើម្បីធានាពីភាពយុត្តិធម៌»

បើតាមលោក គង់ សភា ក្រោយពីជនដៃដល់៣នាក់ បានចេញសារភាព លោក និងលោក ញ៉យ ចំរើន ដែលជាជនរងគ្រោះដូចគ្នា បានឲ្យមេធាវីដាក់ពាក្យប្តឹងទៅតុលាការឲ្យស្វែងរកអ្នកពាក់ព័ន្ធដទៃទៀត រួមទាំងអ្នកនៅពីក្រោយការរៀបចំឲ្យមានហិង្សានេះ មកផ្តន្ទាទោសបន្ថែមទៀត ដែលលោកថា ដើម្បីផ្តល់យុត្តិធ៌មជូនអ្នកតំណាងរាស្ត្រដែលរងគ្រោះ។ ប៉ុន្តែលោកថា ច្រើនខែមកនេះ តុលាការហាក់បានបង្កប់ពាក្យបណ្តឹងរបស់លោកចោល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ