លោក ហ៊ុន សែន បង្ហាញការឈឺចាប់ពេលការបាត់បង់កូន ខណៈឃាតកម្មក្នុងរបបលោកមិនទាន់មានយុត្តិធម៌

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញការឈឺចាប់ចំពោះការបាត់បង់ជីវិតកូនប្រុសដំបូងរបស់លោកឈ្មោះថា ហ៊ុន កំសត់ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញការឈឺចាប់ចំពោះការបាត់បង់ជីវិតកូនប្រុសដំបូងរបស់លោកឈ្មោះថា ហ៊ុន កំសត់ ក្នុងរបប ប៉ុល ពត ខណៈដែលក្នុងរបបលោកកំពុងដឹកនាំនេះ កើតមានឃាតកម្មជាច្រើនករណី ដោយសមត្ថកិច្ចមិនទាន់ចាប់ជនដៃដល់មកដាក់ទោសនៅឡើយ។

លោកនាយករដ្ឋមន្រ្តីបានសរសេរលើទំព័រហ្វេសបុករបស់លោកនៅថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០១៦នេះថា កូនរបស់លោកឈ្មោះ ហ៊ុន កំសត់ ទើបតែកើត ហើយបានស្លាប់ទៅវិញយ៉ាងវេទនា ដែលធ្វើឲ្យលោកនិងក្រុមគ្រួសារមានការឈឺចាប់មិនអាចភ្លេចបាន។

លោកសរសេរថា៖ «ពុកនៅចាំបានយ៉ាងច្បាស់ថា ក្រោយម៉ោង៦ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ក្រោយពេលកូនប្រសូត្រចាកផ្ទៃម្តាយកូន គ្រូពេទ្យបានធ្វើឱ្យកូនរបូតធ្លាក់ពីដៃត្រូវនឹងជ្រុងគ្រែ ធ្វើឱ្យកូនបាក់ឆ្អឹងខ្នងធ្លាក់ដល់ដី គាប់ជួនពុកបានធ្វើដំណើរពីភូមិក្តុល ឃុំទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ដែលតាំងនៅអតីតអនុវិទ្យាល័យស្រុកមេមត់។ ម្តាយកូនឆ្លងទន្លេម្នាក់ឯង ដោយមិនមានពុកនៅមើលថែទេ។ ពុកមិនបានបំពេញការងារជាប្តី ជាឪពុកទេ ព្រោះពេលនោះមិនថាតែពុកនោះទេ គឺប្រជាជនទូទាំងប្រទេស មានសិទ្ធិតិចជាងសត្វឆ្កែឬឆ្មាទៅទៀត។ ឆ្កែ-ឆ្មា វាមានសិទ្ធិការពារកូនវាច្រើនជាងមនុស្ស។ តែដូចទេវតាបានជួយរៀបចំ ឱ្យពុកបានធ្វើដំណើរជាមួយមេបញ្ជាការទៅកាន់ស្រុកត្បូងឃ្មុំនាពេលនោះ ដែលពុកមានឱកាសចូលមើលម្តាយកូននៅមន្ទីរពេទ្យប្រចាំស្រុកមេមត់….»។

តែទោះយ៉ាងណាគេសង្កេតឃើញថា ក្រោមការដឹកនាំរបស់លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន ជាង៣០ឆ្នាំមកនេះ កើតមានអំពើឃាតកម្មជាច្រើនករណី ដូចជាឃាតកម្មសម្លាប់តារាចម្រៀង អ្នកនាង ពិសិដ្ឋ ពិលិកា មេសហជីពលោក ជា វិជ្ជា អ្នកការពារបរិស្ថានលោក ឈុត វុទ្ធី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក កែម ឡី ជាដើម គឺអាជ្ញាធរមានសមត្ថកិច្ចមិនទាន់ចាប់អ្នកនៅពីក្រោយនិងអ្នកប្រព្រឹត្តិមកដាក់ទោសបាននៅឡើយទេ ដោយធ្វើឲ្យក្រុមគ្រួសារនិងសាច់ញ្ញាត្តិជនរងគ្រោះរងចាំយុត្តិធម៌ទាំងការឈឺចាប់។

ប្អូនប្រុសលោក ជា វិជ្ជា គឺលោក ជា មុន្នី មានប្រសាសន៍ថា លោក ហ៊ុន សែន គឺជាមនុស្សអាត្មានិយមគិតតែក្រុមគ្រួសារខ្លួនឯងមិនគិតក្រុមគ្រួសារអ្នកដទៃនោះទេ ដោយលោកថា បងប្រុសរបស់លោកនិងពលរដ្ឋជាច្រើនទៀត ត្រូវឃាតករសម្លាប់ក្នុងរបបដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយមិនចាប់ឃាតកពិតមកដាក់ទោសនោះទេ។

លោកបន្ថែមថា៖ «លោកនាយករដ្ឋមន្រ្តី គាត់បាត់បង់កូនគាត់មួយ ដែលកូនគាត់ហ្នឹង មិនទាន់បានដឹងក្តីផង បាត់បង់មួយ គាត់ស្រែក គាត់មានការសោកស្តាយ គាត់មានការឈឺចាប់ ចុះទំរាំបច្ចប្បន្នហ្នឹង អ្នកដែលត្រូវបានគេសម្លាប់នៅក្នុងរបបដែលគាត់ដឹកនាំ មានតារាចំរៀង មានទីប្រឹក្សាសម្តេចក្រុមព្រះ មានព្រះសង្ឃ មានមេសហជីព មានអ្នកការពារព្រៃឈើ និងអ្នកបាត់បង់ដីធ្លី តើគេឈឺចាប់ប៉ុណ្ណា? ដូច្នេះការលើកឡើងរបស់គាត់ បើនិយាយឲ្យចំ គាត់អាត្មានិយមណាស់ គាត់គិតតែពីគ្រួសាររបស់គាត់ គាត់គិតតែពីការឈឺចាប់របស់គាត់ ប៉ុន្តែគាត់មិនគិតពីការឈឺចាប់របស់អ្នកដទៃក្រោមការដឹកនាំរបស់គាត់ទេ អញ្ចឹងបើគាត់ឈឺគេក៏ឈឺចាប់ដែរ»។

ចំណែកសាច់ញ្ញាត្តិនិងក្រុមគ្រួសារជនរងគ្រោះដែលត្រូវបានបាញ់សម្លាប់ក្នុងព្រឹត្តិការណ៍បង្រ្កាបកម្មករនៅផ្លូវវ៉េងស្រេងកាលឆ្នាំ២០១៤ ពួកគេក៏មានការឈឺចាប់និងកើតទុក្ខពេលបាត់បង់ស្វាមីនិងកូនៗរបស់ពួកគេដែរ។

ម្តាយជនរងគ្រោះដែលត្រូវសមត្ថកិច្ចបាញ់សម្លាប់ក្នុងព្រឹត្តិការណ៍បង្រ្កាបកម្មករនៅផ្លូវវ៉េងស្រេងកាលឆ្នាំ២០១៤ អ្នកស្រី កែវ សុខម៉េង និយាយថា អ្នកស្រីមានការឈឺចាប់ណាស់ពេលកូនប្រុសម្នាក់ដែលជាទីពឹងក្នុងគ្រួសារត្រូវគេបាញ់សម្លាប់ ដោយគ្រាន់តែតវ៉ាទាមទារប្រាក់ឈ្នួលសមរម្យ។

អ្នកស្រីបន្តថា៖ «ពេលកូនត្រូវគេបាញ់សម្លាប់តើយើងយ៉ាងដូចម្តេច ប៉ុន្មានឆ្នាំហើយដែលខ្ញុំមិនភ្លេច ខ្ញុំដេកនៅតែនឹកឃើញកូនខ្ញុំជានិច្ច ពេលដែលឃើញរូបថត ខ្ញុំនៅតែនឹកនៅតែអាណិតកូនខ្ញុំជានិច្ច ចុះហេតុអ្វីកងកំលាំងប្រដាប់អាវុធ អាជ្ញាធរចាំបាច់បាញ់សម្លាប់ប្រជារាស្រ្ត កម្មករធ្វើអី ឲ្យមិនឲ្យក៏ហីទៅ អត់ពីកូនទៅជីវភាពខ្ញុំវេទនាណាស់ ប្តីស្លាប់ហើយកូនស្លាប់ទៀត»។

អ្នកស្រីបន្ថែមថា ការឈឺចាប់មួយទៀតនោះ គឺអាជ្ញាធររារាំងមិនឲ្យសាច់ញ្ញាត្តិជនរងគ្រោះធ្វើបុណ្យរំលឹកខួបជូនអ្នកស្លាប់ទាំងនោះថែមទៀត។

អ្នកស្រី កែវ សុខម៉េង បានទាមទារឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យកការឈឺចាប់ពេលបាត់បង់កូនប្រុសដំបូងរបស់លោក ជម្រុញឲ្យមានយុត្តិធម៌សម្រាប់កូនអ្នកស្រីនិងជនរងគ្រោះផ្សេងទៀតនៅផ្លូវវ៉េងស្រេង ដោយថា ការបាញ់សម្លាប់នោះបានកន្លងផុតរយៈពេល៣ឆ្នាំ ហើយសមត្ថកិច្ចមិនទាន់ស្រាវជ្រាវចាប់អ្នកបញ្ជា និងអ្នកប្រព្រឹត្តមកទោសបាននៅឡើយទេ។

ចំណែកអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី ដែលតែងតែនិយាយពីបញ្ហានានានៅក្នុងសង្គមនិងហ៊ាននិយាយរិះគន់រដ្ឋាភិបាលចំៗ ហើយពលរដ្ឋរាប់ម៉ឺននាក់បានឲ្យតំម្លៃថា លោកជាអ្នកមានចំណេះដឹងនិងជាធនធានមនុស្សដ៏ល្អម្នាក់សម្រាប់ប្រទេសកម្ពុជានោះ ត្រូវឃាតករបាញ់សម្លាប់ទាំងថ្ងៃនៅកណ្តាលទីក្រុងភ្នំពេញកាលពីថ្ងៃទី១០ កក្តដា ឆ្នាំ២០១៦ រហូតមកទាល់ពេលនេះមិនទាន់ទទួលបានយុត្តិធម៌ទេ។

ការបាញ់សម្លាប់នេះបានធ្វើឲ្យក្រុមគ្រួសារនិងពលរដ្ឋរាប់ម៉ឺននាក់មានការឈឺចាប់និងស្តាយស្រណោះ តាមរយៈការចូលរួមហែសពរបស់លោករាប់លាននាក់។

សាស្រ្តាចារ្យវិទ្យាស្រ្តនយោបាយ លោក សូ ចន្ថា មានប្រសាសន៍ថា ដើម្បីបញ្ឈប់ការឈឺចាប់ទាំងអស់នោះ មេដឹកនាំត្រូវគិតផលប្រយោជន៍ជាតិជាធំនិងរួបរួមគ្នាឯកភាពជាតិនោះ នឹងលែងមានការឈឺចាប់ទៀតហើយ។

លោកបន្ថែមថា៖ «ដើម្បីកុំឲ្យមានការឈឺចាប់បន្តទៀត មេដឹកនាំត្រូវតែតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយធ្វើយ៉ាងណាជំរុញឲ្យនយោបាយនៅកម្ពុជាហ្នឹង មានការបង្រួបបង្រួមជាតិ មានការឯកភាពជាតិ ហើយឈប់ចាត់ទុកគ្នាជាសត្រូវទៀត នោះទើបធ្វើឲ្យគ្រប់ភាគី គ្រប់ប្រជាពលរដ្ឋខ្មែរទៅអស់ដូចអតីតកាលតទៅទៀត»។

កាលពីពេលថ្មីៗនេះ ជនរងគ្រោះមួយក្រុមបាននាំគ្នាចង់ក្រងបង្កើតបណ្តាញដើម្បីធ្វើការតស៊ូមតិស្វែងរកយុត្តិធម៌ បន្ទាប់ពីពួកគេមានការឈឺចាប់និងរងភាពអយុត្តិធម៌ពីការប្រើហិង្សាដោយអាជ្ញាធរ ក្នុងនោះក៏មានភរិយាលោក ឈុត វុទ្ធី និងសាច់ញ្ញាត្តិជនរងគ្រោះដែលត្រូវបានបាញ់សម្លាប់ក្នុងព្រឹត្តិការណ៍បង្រ្កាបកម្មករនៅផ្លូវវ៉េងស្រេងកាលឆ្នាំ២០១៤ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ